FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ក្រុមជើងឯករងក្រូអាស៊ីឡើងវគ្គ ៨ក្រុម ក្រោយយកឈ្នះជប៉ុន បាល់ ១១ម៉ែត្រកាត់សេចក្តី (៣-១) ក្រោយស្មើ ១-១
06, Dec 2022 , 12:51 am        
រូបភាព
ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 រាត្រីថ្ងៃ៥ ខែធ្នូ នៅប្រទេសកាតា ក្រូអាស៊ីឈានជើងឡើង ៨ក្រុមចុងក្រោយសារជាថ្មីក្រោយយកឈ្នះការប្រកួតលើក្រុមសាំមូរ៉ៃជប៉ុនដោយលទ្ធផលបាល់ ១១ម៉ែត្រកាត់សេចក្តី ៣-១ ក្រោយការប្រកួតរយៈពេល ១២០នាទីក្រុមទាំងពីរស្មើ ១-១។
 
ជំនួបដ៏អស្ចារ្យរវាងសាំមូរ៉ៃជប៉ុននិងក្រូអាស៊ី បញ្ចប់ការប្រកួតទៅដោយភាពស្វិតស្វាញ និងជក់ចិត្តខ្លាំងប្រចាំវគ្គជម្រុះ ១៦ក្រុមចុងក្រោយរាត្រីនេះ។ គ្រាប់បាល់ជប៉ុនរកបាននាំមុខក្រូអាស៊ីកើតឡើងនៅនាទី៤៣ ដោយកីឡាករ Daizen Maeda ខណៈក្នុងវគ្គទីមួយ ក្រុមទាំងសងខាងមានការសម្រុកគ្នាខ្លាំង។ 
 
ឈានចូលវគ្គទីពីរការប្រកួតដ៏តានតឹងបានបន្ថែមសម្រាប់ក្រុមទាំងពីរឱ្យព្យាយាមស្វែករកគ្រាប់បាល់សម្រុកលើគ្នា ដល់នាទី៥៥ ក្រូអាស៊ីរកបានគ្រាប់តាមស្មើជប៉ុន ១-១ ដោយគ្រាប់បាល់កើតឡើងពីការតែតយ៉ាងល្អពីសំណាក់ Ivan Perisic។ តែយ៉ាងណាការប្រកួតជាមួយលទ្ធផល ១-១ បានបន្តអូសបន្លាយរហូតដល់ម៉ោងបន្ថែម ១៥នាទី ២ដង ក៏នៅតែគ្មានការប្រែប្រួល ចុងក្រោយក្រុមទាំងសងខាងឈានដល់ការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី។
 
ជប៉ុនខកខានឡើងវគ្គ ៨ក្រុមក្រោយស៊ុតបាល់ ១១ម៉ែត្រ ៤លើកចូលត្រឹមតែមួយលើក ខណៈក្រូអាស៊ី ៤លើកចូល ៣លើក មិនចូល ១លើក យកឈ្នះជប៉ុនឡើងវគ្គ ៨ក្រុមសារជាថ្មី។
ក្រូអាស៊ីក្រោយឈ្នះជប៉ុន ពួកគេឈានជើងឡើងវគ្គបន្ទាប់ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com