អន្តរជាតិ
កូរ៉េខាងត្បូងថា កូរ៉េខាងជើងបាញ់កាំងភ្លើងធំ១៣០គ្រាប់ចូលតំបន់ទ្រនាប់ខណ្ឌចែកទឹកដី
06, Dec 2022 , 9:45 am        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងសមយុទ្ធបាញ់កាំភ្លើងធំកន្លងមក។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងសមយុទ្ធបាញ់កាំភ្លើងធំកន្លងមក។ រូបថត KCNA
យោធាកូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រមាណ១៣០គ្រាប់ក្នុង​សមយុទ្ធយោធាព្រឹកថ្ងៃទី៥ ខែធ្នូ ហើយបានធ្លាក់ក្នុងឆ្នេរសមុទ្រខាងកើត និងខាងលិចក្នុងតំបន់ខណ្ឌចែកទឹកដី។ ក្រុងសេអ៊ូល​ក៏បា​នបញ្ជូនសារព្រមានទៅវិញដែរ។
 
រដ្ឋាភិបាលក្រុងសេអ៊ូល បានលើកឡើងថា ទង្វើរបស់កូរ៉េខាងជើងបែបនេះ បានបំពាន​កិច្ច​ព្រម​ព្រៀង​អន្តរកូរ៉េឆ្នាំ២០១៨ ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយភាពតានតឹងរវាង​កូរ៉េទាំងពីរ។ ស្រប​ពេលជាមួយគ្នា យោធាកូរ៉េខាងត្បូងក៏បានផ្ញើសារព្រមានជាច្រើនទៅកាន់កូរ៉េខាងជើងជុំវិញ​ការ​បាញ់​កាំភ្លើងធំនេះ។
 
យ៉ាងណាមិញ កូរ៉េខាងជើងមិនបានឆ្លើយតបភ្លាមៗចំពោះបញ្ហាមួយនេះឡើយ ស្របពេលដែលប្រទេសនេះ បង្កើនសកម្មភាពយោធាកាន់តែខ្លាំងឡើងៗ មិនថាសមយុទ្ធផ្លូវអាកាស ឬការបាញ់មីស៊ីលអ្វីឡើយ ដើម្បីឆ្លើយតបនឹងអ្វីដែលទីក្រុងព្យុងយ៉ាងចាត់ទុកជាគំរាមទៅលើខ្លួន។
 
កូរ៉េខាងត្បូងនិងអាម៉េរិកវិញ ក៏បានបង្កើនសមយុទ្ធយោធានៅឆ្នាំនេះផងដែរដោយលើកហេតុផលថា ជារឿងចាំបាច់ដើម្បីរារាំងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។
 
ក្នុងឆ្នាំនេះ កូរ៉េខាងជើងបានចាប់ផ្ដើមឡើងវិញការតេស្តមីស៊ីលបាលីស្ទីកអន្តរទ្វីបជាលើកដំបូងតាំងពីឆ្នាំ២០១៧។ ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ក៏ព្រមានថា ទីក្រុងព្យុងយ៉ាងក៏រៀបចំ​តេស្ត​អាវុធ​នុយក្លេអ៊ែរផងដែរ៕
 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com