ជាតិ
សេដ្ឋកិច្ច
ADB ផ្តល់កម្ចី៥០លានដុល្លារដល់កម្ពុជា ដើម្បីជំរុញកំណើនMSME និងកែលម្អគោលនយោបាយពាណិជ្ជកម្ម
06, Dec 2022 , 10:19 am        
រូបភាព
រូបតំណាង៖ សកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ដែលមានទីតាំងនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រូបថត៖ លោក វេង សាខុន
រូបតំណាង៖ សកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ដែលមានទីតាំងនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ រូបថត៖ លោក វេង សាខុន
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអនុម័តប្រាក់កម្ចីចំនួន៥0លានដុល្លារដល់កម្ពុជា សម្រាប់កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសមីក្រូធុនតូច​និងមធ្យម (MSMEs)។ ការអនុវត្តកម្មវិធីនេះ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសមត្ថភាពប្រកួតប្រជែងជាសកលរបស់ប្រទេស។
 
កម្ចីចំនួន៥0លានដុល្លារ ដែលADBផ្តល់ឱ្យកម្ពុជានេះ ​នឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ តាមរយៈការជួយ ដល់កំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ច ។ជាពិសេសជំរុញកំណើនសហគ្រាសខ្នាតតូចនិងមធ្យម និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី៦ធ្នូ។ 
 
ជំងឺរាតត្បាតកូវីដ-១៩ គឺបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដូចជា៖​វិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ ក៏ដូចជាវិស័យទេសចរណ៍ និងសំណង់។ លោក Sion L. Morton សេដ្ឋវិទូជាន់ខ្ពស់របស់ADB បានលើកឡើងថា៖ «កំណែទម្រង់ក្រោមកម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង នឹងជួយដល់គោលដៅស្តារឡើងវិញក្រោយជំងឺរាតត្បាតរបស់កម្ពុជា ដោយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើន និងឈានទៅរកផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់ និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ»។
 
បើតាមADB កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនេះ នឹងជួយកែលម្អបរិយាកាសធុរកិច្ចទាំងមូលសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ «កម្មវិធីនេះ គាំទ្រដល់ការអភិវឌ្ឍន៍ និងការធ្វើពិពិធកម្ម MSMEs ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្កើតទីផ្សារថ្មីសម្រាប់ពួកគេ។ វារួមបញ្ចូលទាំងការសម្រួលនិយមន័យផ្លូវច្បាប់នៃសហគ្រាសធុនតូច និងមធ្យម និងដាក់ចេញកញ្ចប់ជំនួយដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាលដើម្បីផ្តល់ជំនួយ និងជំនួយបច្ចេកទេសដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងឧស្សាហកម្មអាទិភាពដែលមានការចូលរួមពីស្ត្រីច្រើន»។ នេះជាការបញ្ជាក់បន្ថែមរបស់ ADB។ 
 
កម្មវិធីក្រោមកម្ចី៥០លានដុល្លាររបស់ADB ខាងលើនេះ ក៏នឹងជួយកម្ពុជាធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងពង្រឹងការងារសម្របសម្រួលពាណិជ្ជកម្ម ដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់ធុរកិច្ចកម្ពុជាក្នុងការនាំចេញទំនិញរបស់ពួកគាត់។ ទាក់ទងនឹងកំណែទម្រង់ ក្រោមអនុកម្មវិធីទី១នេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម និងអនុម័តផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការសម្រួលពាណិជ្ជកម្ម៕
 

Tag:
 MSME
© រក្សាសិទ្ធិដោយ thmeythmey.com