កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
វាយកូនឃ្លីលើតុ៖ សហព័ន្ធបារម្ភពីការប្រជែងមេដាយនៅស៊ីហ្គេម ទោះសមត្ថភាពអត្តពលិកកើនឡើង
06, Dec 2022 , 11:09 am        
រូបភាព
លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។ រូបពី CTTF
លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។ រូបពី CTTF
ដោយ: ហៀក ឆក
មន្ត្រីសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា មើលឃើញកម្រិតសមត្ថភាពរបស់អត្តពលិកកម្ពុជាកើនឡើង ក្រោយឆ្លងកាត់ការប្រកួតកីឡាជាតិលើកទី៣។ ប៉ុន្តែសហព័ន្ធនៅតែមានកង្វល់ចំពោះការប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ព្រោះកម្រិតបច្ចេកទេសកម្ពុជានៅទាបជាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។--
 
លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា វាយតម្លៃខ្ពស់ចំពោះសមត្ថភាពកីឡាករ-កីឡាការិនី ក្រោយពួកគេយកចិត្តទុកដាក់ខ្ពស់ទៅលើវិន័យនៃការប្រកួត សីលធម៌ គោរពតាមបទបញ្ជារ និងលក្ខខន្តិកៈនៃការប្រកួតបានត្រឹមត្រូវអំឡុងកីឡាជាតិលើកទី៣។ មួយវិញទៀតមន្ត្រីអាជ្ញាកណ្តាល និងគណៈកម្មការរៀបចំការប្រកួត ទទួលបានប្រសិទ្ធផលល្អដែលជាជោគជ័យធំមួយសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខ។
 
ទោះបីជាជោគជ័យក្នុងការរៀបការប្រកួតកីឡាជាតិលើកទី៣ ក៏ពិតមែនតែមន្រ្តីសហព័ន្ធលោក ស៊ុន សុធារិទ្ធ នៅតែមានកង្វល់ចំពោះការប្រជែងមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅកម្ពុជាឆ្នាំ២០២៣ ព្រោះកម្រិតបច្ចេកទេសរបស់អត្តពលិកវាយកូនឃ្លីលើតុកម្ពុជានៅតែមានកម្រិតក្នុងចំណោមបណ្តាប្រទេសតំបន់អាស៊ាន។
 
លោក ស៊ុន សុធារិទ្ធ និយាយថា៖«នៅស៊ីហ្គេម២០២៣ យើងបានបណ្តុះបណ្តាលកីឡាករ កីឡាការិនីថ្នាក់អន្តរជាតិដើម្បីត្រៀមការប្រកួត។ ឥឡូវនេះផលលំបាកខ្ញុំមានតែមួយទេ គឺបច្ចេកទេសក្នុងការដណ្តើមមេដាយ(វគ្គផ្តាច់ព្រ័ត្រ) ព្រោះកន្លងមកកម្រិតរបស់យើងនៅលេខ៥ ឬលេខ៦ នៅឡើយក្នុងតំបន់អាស៊ាន»។
 
យ៉ាងណាលោក ស៊ុន សុធារិទ្ធ សង្ឃឹមថាកីឡាករ-កីឡាការិនី នឹងធ្វើបានល្អដើម្បីនាំយកមេដាយជូនជាតិ ជាពិសេសកីឡាករ-កីឡាការិនី ដែលកំពុងហ្វឹកហាត់នៅប្រទេសចិន ហើយមួយវិញទៀត លោក សុធារិទ្ធ ក៏មានក្តីប្រាថ្នាចង់ទៅកាន់ទឹកដីនៃប្រទេសចិនផងដែរ ដើម្បីតាមដានអត្តពលិករូបណា ដែលមានសមត្ថភាព ដើម្បីជ្រើសចូលក្រុមជម្រើសជាតិកម្ពុជា សម្រាប់ប្រជែងមេដាយនៅឆ្នាំ២០២៣៕
 

Tag:
 កីឡាវាយកូនឃ្លីលើតុ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com