ជាតិ
បាក់ឌុបព្រឹកថ្ងៃទី២៖ បេក្ខជន២៣៥៨នាក់អវត្តមាន និង២៦នាក់មានបញ្ហាសុខភាព
06, Dec 2022 , 11:27 am        
រូបភាព
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (សម័យប្រឡង ៥ ធ្នូ ២០២២) បានប្រព្រឹត្តទៅដោយរលូន មិនមានបាតុភាពមិនប្រក្រតីឡើយ។
 
យោងតាមក្រសួង ដំណើរការប្រឡងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងរូបវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម នាព្រឹកថ្ងៃអង្គារ ទី៦ ខែធ្នូ នេះ អវត្តមានបេក្ខជនប្រឡងចំនួន២ ៣៥៨នាក់ (ស្រី១ ០២៨នាក់) ហើយ២៦នាក់ មានបញ្ហាសុខភាព ដែលក្នុងនោះ៤នាក់សង្ស័យវិជ្ជមានកូវីដ-១៩។
 
មិនខុសពីបេក្ខជនឡើយ សមាជិកគណៈកម្មការប្រឡងក៏មានបញ្ហាសុខភាពផងដែរ ដោយមានចំនួន១៣ករណី។
 
«មណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា»។ នេះបើតាមការអះអាងរបស់ក្រសួងអប់រំ ដោយគូសបញ្ជាក់ពីការចូលរួមសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ 
 
សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ បេក្ខជនសរុបមានចំនួន១២៨ ១៣៥នាក់ (ស្រី៦៨ ៧៧១នាក់) មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់៕ 
 

Tag:
 អប់រំ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com