ជាតិ
​​​ន​យោ​បាយ​ជាតិ​
បណ្ឌិត សាម អ៊ីន កំពុងពិចារណា៖ គួរទៅចូលជាមួយរដ្ឋាភិបាលដែរ ឬបន្តនៅជួយបក្សមូលដ្ឋាន?
06, Dec 2022 , 12:29 pm        
រូបភាព
រូបលោក សាម អ៊ីន ពីទំព័រហ្វេសប៊ុករបស់លោក
រូបលោក សាម អ៊ីន ពីទំព័រហ្វេសប៊ុករបស់លោក
ដោយ៖ ទេពញាណ

នៅក្នុងចិត្តរបស់លោកបណ្ឌិត សាម អ៊ីន មានភាគរយខ្លះ ដែលលោក អាចនឹងទៅចូលរួមជាមួយរដ្ឋាភិបាលដែរ។ ដំណាក់កាលនេះ ទៅឬមិនទៅ កំពុងស្ថិតក្នុងការពិចារណារបស់លោក។

  
តាមរយៈវីដេអូឃ្លីបរយៈពេល៤៥នាទី ដែលបង្ហោះលើយូធូប (Youtube) នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ លោក សាម អ៊ីន ដែលទើបនឹងប្តូរពីតំណែងជាអគ្គលេខាធិការ ទៅកាន់តំណែងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននិយាយដោយមិនលាក់លៀមពីអ្វីដែលមាននៅក្នុងចិត្តលោកថា លទ្ធផលបោះឆ្នោតជាតិឆ្នាំ២០១៨ និងលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ធ្វើឲ្យលោក មានការពិចារណាយ៉ាងច្រើនថា លោក គួរបន្តធ្វើយ៉ាងម៉េចទៀត? គួរសម្រាកធ្វើជាប្រជាពលរដ្ឋធម្មតា​ដោយមិនធ្វើអ្វីសោះ ឬយកចំណេះជំនាញទៅបម្រើក្នុងរដ្ឋាភិបាល?  
 
«សួរថា ខ្ញុំ អត់សម្រេចចិត្តទៅចូលរួមជាមួយរដ្ឋាភិបាលដូចលោកបណ្ឌិត យ៉ង សាំងកុមារ ទេឬ?» នេះជាសំណួរ ដែលលោក សាម អ៊ីន ទទួលបានពីប្រជាពលរដ្ឋមួយចំនួន ហើយលោក បានលើកយកសំណួរនេះមកប្រាប់ដល់សាធារណជនតាមរយៈវីដេអូឃ្លីប ដែលលោកបង្ហោះក្នុងយូធូប។ លោក ឆ្លើយនឹងសំណួរនេះយ៉ាងដូច្នេះថា៖«ខ្ញុំ ពិចារណាដែរ បងប្អូន»។  
 
បន្ទាប់មក អ្នកនយោបាយរូបនេះ បង្ហាញពីឆន្ទៈរបស់ខ្លួនថា៖«បើខ្ញុំទៅ ទាល់តែខ្ញុំ មានភាពច្បាស់លាស់ដែរ ទាល់តែខ្ញុំ មានការងារណា ដែលអាចរួមចំណែក ធ្វើអ្វីដែលមានប្រយោជន៍ជូនរាជរដ្ឋាភិបាល ជូនប្រទេសជាតិ ជូនប្រជាជន អាហ្នឹងបានខ្ញុំទៅ។ បើគ្រាន់តែទៅយកតំណែងជាឯកឧត្តម ខ្ញុំ គិតថា វា ដូចជាមិនមានអ្វីទាក់ទាញចំណាប់អារម្មណ៍យើងទេ»។

ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពុំទទួលបានអាសនៈរដ្ឋសភាឡើយ ឯនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ គណបក្សនេះ ទទួលបានអាសនៈតែ៦ប៉ុណ្ណោះ។ 
 
លោក សាម អ៊ីន វាយតម្លៃថា លទ្ធផលបោះឆ្នោតទាំង២លើកនេះ បង្ហាញឲ្យឃើញពីសញ្ញា ដែលប្រជាពលរដ្ឋ មិនស្វាគមន៍ មិនសាទរ និងមិនគាំទ្រគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ លើសពីនេះ លោក លើកឡើងថា ក្រុមលោក ថែមទាំងធ្លាប់រងការលាបពណ៌ទៀតផង។ លោក ចោទសួរថា ក្រុមលោក គ្រាន់តែមានទឹកចិត្តចង់ជួយប្រទេសជាតិ ចង់លើកស្ទួយលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ បើមិនទទួលបានការសាទរ និងការគាំទ្រ តើក្រុមលោក គួរបន្តលះបង់តាមផ្លូវនេះតទៅទៀតដែរឬទេ? លោក ក៏សួរខ្លួនឯងដែរថា លោក គួរនៅបន្តជួយគណបក្សប្រជាធិបតេយ្យមូលដ្ឋានទៀត ឬយ៉ាងណា?
 
លោកបណ្ឌិត បញ្ជាក់ពីវត្ថុបំណងរបស់លោកថា៖«តាមពិត ខ្ញុំ ចង់ជួយទៀត ប៉ុន្តែលទ្ធផល២០២២ និងលទ្ធផល២០១៨ ធ្វើឲ្យយើងខ្សោយកម្លាំងចិត្តមែនទែន ខ្ញុំ និយាយត្រង់តែម្តង ធ្វើឲ្យយើងខ្សោយកម្លាំងចិត្ត ធ្វើឲ្យយើងគិតទៅដល់ជម្រើសផ្សេងៗ»។  
 
ទោះយ៉ាងណា លោក អះអាងថា លោក នៅតែចង់ជួយគណបក្សប្រជាធិបតេយ្យមូលដ្ឋានមួយរយៈទៀតសិន ដោយភ្ជាប់ជាមួយក្តីរំពឹងក្នុងចិត្តថា ក្រែងលោ លោក អាចជួយរុញច្រានគណបក្សនេះឲ្យទៅមុខបាន។ លោក ក៏រំពឹងទុកដែរថា សមាជិក-សមាជិកាគណបក្ស អាចនឹងមានភាពសកម្ម យុវជនជំនាន់ថ្មី អាចនឹងមានកម្លាំងខ្លាំង មានទេពកោសល្យជាងពួកលោកជាអ្នកជំនាន់មុខ ហើយពួកគេ អាចនឹងជួយជ្រោងទង់គណបក្សឲ្យបានទៅមុខ។  
 
សូមរម្លឹកថា ថ្នាក់ដឹកនាំ២នាក់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺលោក យ៉ង សាំងកុមារ ដែលជាបណ្ឌិតកសិកម្ម និងលោក ឡឹក សុធារ ដែលជាអនុបណ្ឌិតកសិកម្ម ទើបនឹងទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។ ក្រោយមក លោក យ៉ង សាំងកុមារ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីផង និងជារដ្ឋលេខាធិការក្រសួងកសិកម្មផង ខណៈលោក ឡឹក សុធារ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម។ មិនយូរប៉ុន្មាន ស្រាប់តែមានមន្រ្តីគណបក្សប្រជាធិបតេយ្យមូលដ្ឋានម្នាក់ទៀត គឺលោក ខាត់ សុធី ក៏បានទៅចូលរួមជាមួយគណបក្សកាន់អំណាចដែរ ដោយទទួលបានតំណែងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មស្មើនឹងលោក ឡឹក សុធារ។  

កាលនៅក្នុងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ ជាប្រធានគណៈកម្មាធិការនាយក លោក ឡឹក សុធារ ជាអគ្គលេខាធិការរង​ និងធ្វើជាអ្នកនាំពាក្យគណបក្ស ហើយលោក ខាត់ សុធី ជាប្រធានគណបក្សប្រចាំរាជធានីភ្នំពេញ។ 
 
លោកបណ្ឌិត យ៉ង សាំងកុមារ និងលោកបណ្ឌិត សាម អ៊ីន សុទ្ធតែជាស្ថាបនិក ដែលចូលរួមផ្តើមគំនិតបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានឡើងក្នុងឆ្នាំ២០១៥។ ការដែលលោកបណ្ឌិត យ៉ង សាំងកុមារ ទៅចូលរួមជាមួយគណបក្សកាន់អំណាច អាចចាត់ទុកថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបាត់បង់ធនធានមនុស្ស ឬកម្លាំងដ៏សំខាន់១។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវគេមើលឃើញថា ជាគណបក្ស១ ដែលប្រមូលផ្តុំដោយក្រុមបញ្ញវន្ត។ បច្ចុប្បន្ន គណបក្សនេះ មានលោក យ៉េង វីរៈ ជាប្រធាន៕  
 

Tag:
 សាម អ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com