អន្តរជាតិ
អតីតប្រធានាធិបតីចិន ហ៊ូ ជីនថាវ បង្ហាញមុខជាថ្មី ក្រោយត្រូវក្រៀកចេញកាលពីសមាជបក្ស
06, Dec 2022 , 3:29 pm        
រូបភាព
អតីតមេដឹកនាំចិន ហ៊ូ ជីនថាវ បង្ហាញជាសាធារណៈលើកដំបូងនៅថ្ងៃទី៥ ខែធ្នូ ក្រោយការក្រៀកចេញពីសមាជបក្សកុម្មុយនីស្តចិនកាលពីខែតុលាកន្លងទៅ។ លោក ហ៊ូ ត្រូវមើលឃើញថា មិនមានសុខភាពល្អឡើយ។
 
លោក ហ៊ូ ជីនថាវ បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំចិន ជាំង ហ្សេមីន ក្នុងមន្ទីរពេទ្យយោធាទីក្រុងប៉េកាំងនៅថ្ងៃទី៥ ខែធ្នូ។ មេដឹកនាំកំពូលៗរបស់ចិនមានប្រធានាធិបតី ស៊ី ជិនភីង និងនាយករដ្ឋមន្រ្តី លី ខឹឈាំង ជាដើម ក៏បង្ហាញវត្តមានដែរ។
 
នេះជាការបង្ហាញមុខជាសាធារណលើកដំបូងរបស់លោក ហ៊ូ បន្ទាប់ព្រឹត្តិការណ៍កាលពីកិច្ចប្រជុំបក្សកុម្មុយនីស្តចិនកាលពីខែតុលា។ កាលនោះ លោក ហ៊ូ ត្រូវបានបណ្ដើរចេញពីអង្គប្រជុំដែលកំពុងដំណើរការ ពិសេសការបោះឆ្នោតឱ្យលោក ស៊ី បន្តអាណត្តិទី៣ ជាអគ្គលេខាធិការបក្ស។ រឿងនេះ ធ្វើឱ្យមានការវិភាគច្រើនជុំវិញទំនាក់ទំនងរវាងលោក ស៊ី និងលោក ហ៊ូ។ តាមអ្នកវិភាគខ្លះ ការក្រៀកលោក ហ៊ូ ចេញបែបនេះ បង្ហាញពីឥទ្ធិពលរបស់លោក ស៊ី ដែលគ្មានរណាប្រជែងបាន។
 
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនរាយការណ៍នៅពេលបន្ទាប់ថា លោក ហ៊ូ មិនស្រួលខ្លួនប៉ុណ្ណោះ។
 
បើតាមវីដេអូពីពិធីបុណ្យសពលោក ជាំង ដែលផ្សាយដោយទូរទស្សន៍រដ្ឋចិន លោក ហ៊ូ ហាក់មានសុខភាពមិនល្អប្រសើរឡើយ ដោយមានជំនួយការម្នាក់ឈរអមជានិច្ច។ 
 
គេមិនទាន់ដឹងពីច្បាស់ពីមូលហេតុនៃការបង្ហាញមុខជាសាធារណៈរបស់លោក ហ៊ូ ជាមួយលោក ស៊ី នេះឡើយ។ ប៉ុន្តែការចូលរួមពិធីសំខាន់បែបនេះ ក៏មិនមែនជារឿងថ្មីអ្វីដែរ។ ទោះជាយ៉ាងណា វាក៏បង្ហាញពីការរួបរួមផ្ទៃក្នុងរបស់បក្សកុម្មុយនីស្តចិនដែរក្រោយរឿងរ៉ាវដែលកើតឡើងកាលពីខែតុលានោះ៕
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com