កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាទូកនាគ៖ គ្រូម៉ាឡេស៊ី មកពង្រឹងមន្ត្រីបច្ចេកទេសកម្ពុជា៣០នាក់ ត្រៀមស៊ីហ្គេម២០២៣
06, Dec 2022 , 6:59 pm        
រូបភាព
សិក្ខាកាមកម្ពុជា ចូលរៀនវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសកីឡាទូកនាគថ្នាក់ជាតិ នៅទីស្នាក់ការNOCC។ រូបពី គង់ សុភាព
សិក្ខាកាមកម្ពុជា ចូលរៀនវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសកីឡាទូកនាគថ្នាក់ជាតិ នៅទីស្នាក់ការNOCC។ រូបពី គង់ សុភាព
ដោយ:
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡាទូកនាគ ថ្នាក់ជាតិ NTCD (National Technical Committee of Dragon boat) ទៅដល់សិក្ខាកាមចំនួន៣០នាក់ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសត្រៀមព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៣២។ លោក Dick Lim គ្រូជនជាតិម៉ាឡេស៊ីមកពីសហព័ន្ធកីឡាទូកនាគអន្តរជាតិ (ICO) នឹងបង្រៀនវគ្គបណ្តុះបណ្តាលនេះ ចាប់ពីថ្ងៃទី៦-១១ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា។
 
លោក គង់​ សុភាព គ្រូជំនួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់អំពីគោលបំណងដែលសហព័ន្ធរៀបចំបើកវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមទាំង៣០រូប ដើម្បីមន្ត្រីខ្លួនទទួលបានកម្រិតបច្ចេកទេសល្អស្របតាមស្តង់ដារបច្ចេកទេសស៊ីហ្គេម ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣។
 

លោក Dic Lim គ្រូបច្ចេកទេសសហព័ន្ធកីឡាទូកនាគអន្តរជាតិ ពេលធ្វើបទបង្ហាញមន្រ្តីបច្ចេកទេសកម្ពុជា។ រូបពី គង់ សុភាព
 
លោក គង់ សុភាព និយាយថា៖«ការបើកវគ្គបណ្តុះបណ្តាលនេះគឺក្នុងគោលបំណងបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសថ្នាក់ជាតិ ដើម្បីបង្កើនសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខ»។
 
លោក សុភាព បន្តថាសម្រាប់វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសថ្នាក់ជាតិ គឺមានសារៈសំខាន់សម្រាប់មន្រ្តីកីឡាទូកកម្ពុជា ដែលត្រូវចូលរួមធ្វើជាគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេម២០២៣។  ប្រសិនបើមន្ត្រីទាំង៣០រូបរបស់កម្ពុជាមិនទទួលបានការសិក្សាវគ្គមន្រ្តីបច្ចេកទេសថ្នាក់ជាតិនេះទេ នោះពួកគេមិនអាចចូលរួមធ្វើការក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣បានឡើយ៕
 
 

Tag:
 កីឡាទូក
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com