អន្តរជាតិ
លោក ប្រាយុទ្ធ ថា ចង់ធ្វើនាយករដ្ឋមន្រ្តី២ឆ្នាំទៀត
06, Dec 2022 , 5:50 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ រូបថត AFP
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ រូបថត AFP
លោក ប្រាយុទ្ធ ចន្ទអូចា អះអាងថា លោកចង់ធ្វើជានាយករដ្ឋមន្រ្តី២ឆ្នាំទៀត ទើបប្រគល់តំណែងនេះទៅអ្នកស្នងតំណែងដែលសក្តិសម។ ប៉ុន្តេលោក ប្រាយុទ្ធ ត្រូវឆ្លងកាត់ការបោះឆ្នោតនៅឆ្នាំក្រោយសិនន។
 
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៦ ខែធ្នូ បានបញ្ជាក់ពីផ្លូវដើររបស់លោកនៅថ្ងៃអនាគត ស្របពេលដែលអាណត្តិបច្ចុប្បន្នរបស់លោកនឹងត្រូវបញ្ចប់នៅត្រឹមខែមីនា ឆ្នាំ២០២៣ ខាងមុខ។ លោក ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំនៅវិមានរដ្ឋាភិបាល ថា​ លោកចង់កាន់តំណែងនាយករដ្ឋមន្រ្តី២ឆ្នាំនៅក្រោយការបោះឆ្នោតទូទៅ។
 
«ប្រសិនបើខ្ញុំអាចបន្តធ្វើជានាយករដ្ឋមន្រ្តី ខ្ញុំចង់ធ្វើដល់ត្រឹមឆ្នាំ២០២៥។» លោក ប្រាយុទ្ធ ឆ្លើយបែបនេះ នៅពេលត្រូវអ្នកកាសែតជជីកសួរលោកពីអនាគតនយោបាយរបស់លោកផ្ទាល់។ នេះជាលើកទីមួយដែលលោក ប្រាយុទ្ធ និយាយច្បាស់ៗពីអនាគតរបស់ខ្លួន ស្របពេលដែលបក្សនយោបាយនៅថៃ ប្រុងជើងការសម្រាប់ការបោះឆ្នោអាណត្តិថ្មី។
 
កាលពីខែកញ្ញា តុលាការធម្មនុញ្ញថៃសម្រេចឱ្យលោក ប្រាយុទ្ធ អាចកាន់តំណែងដល់ឆ្នាំ២០២៥ ។ អាណត្តិរដ្ឋាភិបាលបច្ចុប្បន្នដឹកនាំដោយលោក ប្រាយុទ្ធ នឹងចប់នៅខែមីនាខាងមុខ ដែលតម្រូវឱ្យមានការបោះឆ្នោតជ្រើសរើសសមាជិកជាថ្មី។  
 
ជាមួយគ្នានេះ លោក ប្រាយុទ្ធ​ ក៏ទំនងជាចូលរួមជាបក្សរួបរួមជាតិថៃដែលទើបបង្កើតថ្មីដើម្បីអាចបន្តតំណែង ខណៈដែលលោកជួបបញ្ហារកាំរកូសជាមួយបក្សកម្លាំងប្រជារាស្រ្តដែលមានសំឡេងភាគច្រើនក្នុងសភាបច្ចុប្បន្ន។
 
បើតាមកាសែតបាងកកប៉ុស្តិ៍ មេដឹកនាំរូបនេះ ក៏បញ្ជាក់ដែរថា លោកនឹងព្យាយាមបំពេញការងារសម្រាប់អាណត្តិសព្វថ្ងៃ ហើយស្វែងរកបេក្ខជនដែលអាចបន្តតំណែងពីលោកបាន៕
 
 
 
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com