FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Ramos ដែលជំនួស Ronaldo សម្រាប់ជម្រើស១១នាក់ដំបូង ជាកីឡាករទី១ធ្វើបាន hat-trick នៅ World Cup កាតា
07, Dec 2022 , 10:50 am        
រូបភាព
លោក Fernando Santos គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្កាល់បានដាក់ប្រធានក្រុម Cristiano Ronaldo ឱ្យនៅបម្រុងក្នុងជំនួបទល់ស្វ៊ីសវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup។ Goncalo Ramos ដែលជំនួស Ronaldo អាចរកបានដល់ទៅ៣គ្រាប់ម្នាក់ឯង និងជាកីឡាករដំបូងដែលធ្វើបាន hat-trick ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅកាតា។


Ramos ខ្សែប្រយុទ្ធវ័យក្មេងក្រុម Benfica សម្រេចទី៣គ្រាប់ម្នាក់ឯងនៅនាទី១៧ ៥១ ​និង៦៧ ក្នុងចំណោម៦គ្រាប់ដែលព័រទុយហ្កាល់រកបានក្នុងជ័យជម្នះលើស៊្វីសក្នុងលទ្ធផល ៦-១ នៅរាត្រីថ្ងៃទី៦ ខែធ្នូ។
 
ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ ដែលលោក Santos ដាក់ជំនួស Ronaldo សម្រាប់ជម្រើស១១នាក់ដំបូង បានក្លាយជាកីឡាករដំបូងបំផុតធ្វើបាន hat-trick នៅ World Cup ឆ្នាំ២០២២ ពោលគឺគិតចាប់តាំងពីប្រកួតវគ្គសន្សំពិន្ទុតាមពូល រហូតដល់ជំនួបចុងក្រោយវគ្គ១/៨ផ្តាច់ព្រ័ត្រ។ 
 
Ramos ទើបត្រូវបានគ្រូបង្វឹកលោក Santos កោះហៅចូលក្រុមជម្រើសជាតិព័រទុយហ្កាល់នៅឆ្នាំ២០២២នេះ។ គិតមកទល់ពេលនេះ ខ្សែប្រយុទ្ធ Benfica រកបាន៤គ្រាប់ហើយសម្រាប់ជម្រើសជាតិក្នុងការបង្ហាញខ្លួន៤លើក ក្នុងនោះ៣គ្រាប់រកបាននៅ World Cup ២០២២នេះ នៅពេលរូបគេជាប់ជម្រើស១១នាក់លើកដំបូង។
 
រកបាន៣គ្រាប់ Ramos ក៏បានចូលក្នុងបញ្ជីឈ្មោះបេក្ខភាពប្រជែងស្បែកជើងមាស (Golden Boot) ប្រចាំព្រឹតិ្តការណ៍ផងដែរ។ Ramos មាន៣គ្រាប់ស្មើកីឡាករ៨រូបផ្សេងទៀត​ និងតាមពីក្រោយ Kylian Mbappe ខ្សែប្រយុទ្ធបារាំងដែលកំពុងនាំមុខគេចំនួន៥គ្រាប់។
 
ក្រោយជ័យជម្នះនេះ ព័រទុយហ្កាល់បានកៅអីទៅវគ្គ៨ក្រុមចុងក្រោយជាលើកទី៣ តែជាលើកដំបូងក្នុងរយៈពេល ១២ឆ្នាំចុងក្រោយក្នុងព្រឹត្តិការណ៍ World Cup គិតចាប់ពីឆ្នាំ ២០១០។ វគ្គ៨ក្រុម ព័រទុយហ្កាល់ត្រូវជួបម៉ារ៉ុក៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com