ជាតិ
សម្តេច ស ខេង តែងតាំងមន្ត្រីជាង២០រូប​ ជាអភិបាលរងក្រុង-ស្រុកនៅខេត្តបន្ទាយមានជ័យ
07, Dec 2022 , 11:59 am        
រូបភាព
សម្តេចឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សម្តេចឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ដោយ: រួបរួម
សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ បាន​ចុះហត្ថលេខា​លើ​ប្រកាស​ស្តីពីការផ្ទេរភារកិច្ច និង​តែងតាំងមន្ត្រី​រាជការ ឲ្យកាន់មុខ​តំណែង​ជាអភិបាល​រងក្រុង-ស្រុកនៃខេត្ត​បន្ទាយមានជ័យ។
 
តាម​សំណើរបស់រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ចុះថ្ងៃទី២ ខែ​សីហា លោក ស៊ុត ង៉ុយ ត្រូវបានផ្ទេរភារកិច្ច​ពីអភិបាល​រង​ក្រុងប៉ោយប៉ែត ទៅជាអភិបាល​រងស្រុកព្រះនេត្រព្រះ ខណៈ​ដែល​លោក នាង ហាវ ពីអភិបាលរងក្រុង​សិរីសោភ័ណ ផ្ទេរទៅ​បម្រើ​ការងារនៅរដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ។
 
ជាមួយ​គ្នានេះ មន្ត្រី​២០​រូបទៀត ទទួលបាន​ការ​តែងតាំងថ្មី សម្រាប់មុខ​តំណែងជាអភិបាល​រងក្រុង-ស្រុក។ ក្នុងចំណោម​មន្ត្រីទាំងនេះ ​មួយចំនួន​មានឋានន្តរស័ក្តី​វរមន្ត្រី មួយចំនួនទៀតជានាយក្រម​ការ, គ្រូបង្រៀន, មន្ត្រីបច្ចេកទេស និង​មន្ត្រីសុខាភិបាល ជាដើម។
 
មន្ត្រី​ដែលត្រូវបាន​តែងតាំងជាអភិបាល​រងស្រុក​សិរីសោភ័ណ មាន លោក វិ វ៉ា, លោក អ៊ុំ វិណារ៉ា និង​លោក អ៊ឹម សុភារៈ។ នៅ​ក្រុងប៉ោយប៉ែត អភិបាល​រងថ្មី មាន​លោក មាស សំណាង, លោក បោន សិលា, លោក ពេស រិយាស័ក និង លោក ញឹម ផឿង។
 
ជាមួយគ្នានេះ លោក គឹម សុខៈនិរន្តរ៍, លោក មិន និមល ត្រូវបាន​តែងតាំងជាអភិបាលរងស្រុក​មង្គល​បូរី, លោក ហ៊ឹង សុជា ជាអភិបាលរងស្រុកព្រះនេត្រព្រះ, លោក គុណ រតនា, លោក សាំង សុវណ្ណតារា ជាអភិបាល​រងស្រុកអូរជ្រៅ។
 
នៅ​ស្រុកស្វាយ​ចេកឯណោះវិញ អភិបាល​រង​ថ្មី មាន​លោក អឿន សេដ្ឋា និង លោក លី សុខ រីឯលោក សៀង រ៉ា និង​លោកស្រី មួង សុភឿន ជាអភិបាល​រងស្រុក​ម៉ាឡៃ។
 
នៅស្រុកថ្មពួក លោក ចាន់ សារិ និង​លោកស្រី ពាក សិលា ត្រូវបានទទួល​ការតែងតាំងជាអភិបាលរង ខណៈ​លោកស្រី ចំរើន ដាណេ និង​លោក ហឺ រីហាំង ជាអភិបាល​រងស្រុកភ្នំស្រុក៕
 
 

Tag:
 សម្តេច ស ខេង
  តំណែង
© រក្សាសិទ្ធិដោយ thmeythmey.com