អន្តរជាតិ
អាម៉េរិក និងរុស្ស៊ី ប្រកែកគ្នានៅ UN ពីបញ្ហាចរចារកសន្តិភាពឱ្យអ៊ុយក្រែន
07, Dec 2022 , 2:03 pm        
រូបភាព
ដោយ:
អំឡុងកិច្ចប្រជុំនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី៦ ខែធ្នូ អាម៉េរិក និងរុស្ស៊ី ចោទគ្នាទៅវិញទៅមកថា មិនចាប់អារម្មណ៍ចូលតុចរចាស្វែងរកសន្តិភាពឱ្យអ៊ុយក្រែន ខណៈសង្រ្គាមនៅអ៊ុយក្រែនអូសបន្លាយជាងប្រាំបួនខែមកហើយ ។ ចំពោះការចរចាកន្លងមក គ្មានទទួលបានផ្លែផ្កាអ្វីទេ។
 
ចាប់តាំងពីចុងខែកុម្ភៈមក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបពិភាក្សាគ្នាទាក់ទងបញ្ហាអ៊ុយក្រែនជាច្រើនដងហើយ តែមិនបានចេញលទ្ធផលជាដុំកំភួនអ្វីទេ ដោយសាររុស្ស៊ីប្រើសិទ្ធិវ៉េតូ។ នាជំនួបអំពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែននាថ្ងៃទី៦ ខែធ្នូ អាម៉េរិក និងរុស្ស៊ីចោទគ្នាទៅវិញទៅមកថាមិនចាប់អារម្មណ៍ចូលតុចរចាស្វែងរកសន្តិភាពឱ្យអ៊ុយក្រែន។
 
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN លោក Vassily Nebenzia លើកឡើងថា សមាជិកអង្គការសហប្រជាជាតិភាគច្រើនចាប់អារម្មណ៍ក្នុងការចរចា។ ប៉ុន្តែ លោកចោទថាបណ្តាប្រទេសលោកខាងលិចមិនចាប់អារម្មណ៍ដោះស្រាយបញ្ហាអ៊ុយក្រែនទេ ពីព្រោះប្រទេសទាំងនោះបែរជាបន្តបញ្ជូនអាវុធឱ្យក្រុងកៀវប្រយុទ្ធ។ បើតាមលោក Nebenzia អ្វីដែលអ្នករាល់គ្នាឃើញឥឡូវជាសង្រ្គាមលោកខាងលិចប្រឆាំងរុស្ស៊ី ទើបរុស្ស៊ីគ្មានជម្រើស ហើយបន្តប្រតិបត្តិការសឹកទៀត។ 
 
«យើងបញ្ជាក់ពីឆន្ទៈរបស់យើងក្នុងការចរចា»។ លោក Nebenzia លើកឡើងបែបនេះ ដោយបន្ថែមថា លុះត្រាតែគោលបំណងនៃការចរចានេះ លុបបំបាត់ឫសគល់នៃដើមចមដែលបង្ខំឱ្យរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេស។
 
ដំបូងឡើយ ក្រុងមូស្គូអះអាងថា បេសកកម្មសឹករបស់ខ្លួន ដើម្បីរំដោះអ៊ុយក្រែនចេញពីពួកណាស៊ីជំនាន់ថ្មី។ ប៉ុន្តែ លោកខាងលិចកន្លងមកបញ្ជាក់ថា ការលើកឡើងរបស់រុស្ស៊ីនោះ គ្រាន់តែជាលេស ដែលមានបំណងផ្តួលយោធាអ៊ុយក្រែន ហើយទម្លាក់រដ្ឋាភិបាលអ៊ុយក្រែនដែលគាំទ្រលោកខាងលិចចេញប៉ុណ្ណោះ។
 
ប៉ុន្មានខែចុងក្រោយនេះ រុស្ស៊ីបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់ គ្មានចរន្តអគ្គិសនី ក៏ដូចជាម៉ាស៊ីនកម្តៅប្រើប្រាស់គ្រប់គ្រាន់ ស្របពេលដែលរដូវរងាចូលមកដល់។ បញ្ហានេះធ្វើឱ្យវិបត្តិមនុស្សធម៌នៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរថែមទៀត។ 
 
ទាក់ទងបញ្ហានេះ ​ អគ្គរដ្ឋទូតរងអាម៉េរិកប្រចាំ UN លោកស្រី Lisa Carty អះអាងថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ព្យាយាមទម្លាក់គ្រាប់ ហើយធ្វើឱ្យប្រជាជនអ៊ុយក្រែនកកស្លាប់ និងព្រមចុះចាញ់ ជាជាងចង់ចូលតុចរចា។
 
« ការបន្តបាញ់ប្រហារយ៉ាងធ្ងន់ធ្ងររបស់ប្រធានាធិបតី ពូទីន លើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនគឺជាភស្តុតាងដែលបង្ហាញថាលោកគ្មានចំណាប់អារម្មណ៍ពិតប្រាកដក្នុងការចរចា ឬការទូតប្រកបដោយអត្ថន័យ»។​ លោកស្រី Carty ប្រាប់ក្រុមប្រឹក្សាសន្តិសុខបែបនេះ៕
 

Tag:
 UN
  អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com