ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូតជប៉ុន មើលឃើញថា បើគ្មានការប្រឹងប្រែងរបស់កម្ពុជា ស្ថានភាពនៅមីយ៉ាន់ម៉ា អាចនឹងអាក្រក់ជាងនេះ
07, Dec 2022 , 3:01 pm        
រូបភាព
 ជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន។
ជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន។
ដោយ៖ ទេពញាណ

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនជិតផុតអាណត្តិប្រចាំកម្ពុជា បានបង្ហាញការមើលឃើញរបស់លោកទៅកាន់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេសកម្ពុជាថា បើគ្មានការខិតខំរបស់កម្ពុជាទេនោះ ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា អាចនឹងកាន់តែអាក្រក់ខ្លាំងជាងនេះទៅទៀត។ លោកទូត បានសរសើរកម្ពុជា ចំពោះកិច្ចខិតខំក្នុងការជួយមីយ៉ាន់ម៉ាឲ្យវិលទៅរកប្រក្រតីភាពឡើងវិញ។
 
 
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានចូលជួបលោក ប្រាក់ សុខុន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដើម្បីជម្រាលាលោកប្រាក់ សុខុន ខណៈលោកឯកអគ្គរាជទូតជប៉ុនរូបនេះ ជិតចប់អាណត្តិជាឯកអគ្គរាជទូត ហើយនឹងត្រូវចាកចេញពីកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ខ្លឹមសារនៃជំនួបនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

ក្នុងជំនួបនេះ លោកឯកអគ្គរាជទូតជប៉ុន បានសរសើរថា កម្ពុជា ទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន និងក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។ លោក ប្រាក់ សុខុន អរគុណត្រឡប់ទៅវិញ ដែលជប៉ុន ជួយគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ។ 
 
ចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា កម្ពុជា បានបង្ហាញការប្រឹងប្រែងក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីជួយស្រោចស្រង់ប្រទេសនេះ ឲ្យមានស្ថានភាពល្អប្រសើរឡើងវិញ។ យ៉ាងណាក៏ដោយ វិបត្តិក្នុងប្រទេសនេះតែបន្តអូសបន្លាយដដែល។ 
 
មីយ៉ាន់ម៉ា ដែលជាប្រជាជាតិក្នុងតំបន់អាស៊ានដែរនោះ ចាប់ផ្តើមធ្លាក់ក្នុងវិបត្តិ និងមានការផ្ទុះអាវុធដាក់គ្នា ចាប់តាំងពីលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី ពីអំណាច នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១មក។ 
 
របាយការណ៍ដែលបញ្ចេញដោយសមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners) បានឲ្យដឹងថា គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២២នេះ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បានបណ្តាលឲ្យប្រជាជនជាង២,៥ពាន់នាក់ ត្រូវបានសម្លាប់ ខណៈជាង១,៣ម៉ឺននាក់ទៀត កំពុងជាប់ឃុំ៕  
 

Tag:
 កម្ពុជា
  មីយ៉ាន់ម៉ា
  ជប៉ុន
  ប្រាក់ សុខុន
  Mikami Masahiro
© រក្សាសិទ្ធិដោយ thmeythmey.com