អន្តរជាតិ
បេក្ខជនសមាជិកព្រឹទ្ធសភារដ្ឋ Georgia ពីរនាក់ក្លាយជាជម្រើសដ៏ពិបាកដល់អ្នកបោះឆ្នោតស្បែកខ្មៅ 07, Dec 2022 , 7:29 pm
× ក្នុងរូបថតផ្គុំគ្នានេះគឺលោក Herschel Walker (ឆ្វេង) បេក្ខជនមកពីគណបក្សសាធារណរដ្ឋសម្រាប់តំណែងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកសម្រាប់រដ្ឋ Georgia ថតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ និងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យគឺលោក Raphael Warnock ថតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក Raphael Warnock បានក្លាយជាសមាជិកព្រឹទ្ធសភាស្បែកខ្មៅដំបូងគេមកពីរដ្ឋ Georgia បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតពិសេសមួយកាលពីខែមករា ឆ្នាំ២០២១។
ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា នៅពេលនេះលោក Warnock អាចបន្ថែមនូវលក្ខណៈពិសេសមួយទៀត ប្រសិនបើលោកយកឈ្នះលើការបោះឆ្នោតផ្តាច់ព្រ័ត្រសម្រាប់អាសនៈព្រឹទ្ធសភាអាមេរិក ដែលមានរយៈពេល៦ឆ្នាំពេញ។
គូប្រជែងរបស់លោក Warnock គឺបេក្ខជនស្បែកខ្មៅមួយរូប មកពីគណបក្សសាធារណរដ្ឋ គឺលោក Herschel Walker។
បេក្ខជនទាំងពីរនាក់នេះមានជំហរនិងទស្សនៈផ្ទុយគ្នាសម្រាប់សហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានបញ្ហារឿងពូជសាសន៍ បើទោះបីជាលោកទាំងពីរមានឫសគល់ចេញមកពីចលនាទាមទារសិទ្ធិស៊ីវិល និងការធានានូវលក្ខណៈជាប្រវត្តិសាស្ត្រលើកដំបូងលើការប្រកួតប្រជែងដណ្តើមអាសនៈព្រឹទ្ធសភាអាមេរិកក្តី។
នៅថ្ងៃអង្គារនេះ គឺជាថ្ងៃបោះឆ្នោតផ្លូវការ ហើយក្រុមអ្នកបោះឆ្នោតស្បែកខ្មៅនៅក្នុងរដ្ឋ Georgia ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិកនេះ និយាយថា គេមានជម្រើសដ៏លំបាកមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com