ជាតិ
សង្គមជាតិ
លីកាដូ ស្នើឲ្យបិទមណ្ឌលព្រៃស្ពឺ ព្រោះមានអ្នកស្លាប់ច្រើននាក់
07, Dec 2022 , 4:45 pm        
រូបភាព
ច្រកចូលខាងមុខមជ្ឈមណ្ឌសំចតសង្គមកិច្ច រាជធានីភ្នំពេញ។ រូបពី លីកាដូ
ច្រកចូលខាងមុខមជ្ឈមណ្ឌសំចតសង្គមកិច្ច រាជធានីភ្នំពេញ។ រូបពី លីកាដូ
ភ្នំពេញ៖ អង្គការលីកាដូ ស្នើឲ្យបិទមណ្ឌលព្រៃស្ពឺ សារជាថ្មីម្ដងទៀត ព្រោះរកឃើញថា មានអ្នកស្លាប់ច្រើននាក់ ប៉ុន្តែ គ្មានរបាយការណ៍ជាក់លាក់ ។ លីកាដូថា មណ្ឌលនេះ កំពុងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
 
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ បានចេញលិខិត «សូមបិទមណ្ឌលព្រៃស្ពឺ» ដោយរកឃើញថា ក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ច រាជធានីភ្នំពេញនេះ មានអ្នកស្លាប់ច្រើននាក់​ ប៉ុន្តែមិនមានទិន្នន័យបញ្ជាក់ត្រឹមត្រូវ។ 
 
លិខិតទាមទារឲ្យបិទមជ្ឈមណ្ឌលសំចតសង្គមកិច្ច រាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោសិ៍សែនជ័យ របស់លីកាដូ ចេញនៅថ្ងៃទី៧ធ្នូ ដោយបានបង្ហាញថា កាលពីខែសីហា មនុស្សពីរនាក់បានស្លាប់ ក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចនេះ ដោយសារឈឺ ហើយមិនមានការយកចិត្តទុកដាក់ព្យាបាលឲ្យបានត្រឹមត្រូវ។ 
 
លីកាដូបានបង្ហាញព័ត៌មានលម្អិតថា៖ «សាក្សី​ដែល​បានឃើញ​ការ​ស្លាប់​របស់​អ្នកជាប់ឃុំ​ទាំងពីរ​នាក់​ ​បាន​រៀបរាប់​ថា​ ​អ្នកជាប់ឃុំ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ​ត្រូវ​បាន​ទុកចោល​នៅ​លើ​ឥដ្ឋ​នៅក្នុងបន្ទប់​ឃុំឃាំង​ ​ជា​កន្លែង​ដែល​ពួកគេ​បាន​ស្លាប់​នៅ​ពេលក្រោយ​មក​ ​នៅចំពោះមុខ​អ្នកជាប់ឃុំ​ផ្សេងទៀត​»។ 
 
លើសពីនេះ លីកាដូ បានប្រមូលព័ត៌មានពី អ្នកនៅវត្តម្នាក់ដែលចាំទទួលសាកសពពីមជ្ឈមណ្ឌលសំចតសង្គមកិច្ច បានបញ្ជាក់ថា ចំនួនសាកសពដែលបញ្ជូនទៅវត្ត មានការកើនឡើង នៅអំឡុងខែសីហា។ តាមរយៈការប្រមូលព័ត៌ទាំងនេះ លីកាដូ រកឃើញថា មានអ្នកជាប់ឃុំជាង១០នាក់បានស្លាប់ នៅចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២២ ហើយការរឹតត្បិតចូលក្នុងមណ្ឌលនេះ ក៏ជាផលលំបាកសម្រាប់ខាងលីកាដូ ចូលអង្កេតនិងប្រមូលព័ត៌មានបន្ថែម ដើម្បីបញ្ជាក់ពីសេចក្តីរាយការណ៍ទាំងនេះ។ 
 
​ទាក់ទិននឹងបញ្ហានេះ អ្នកស្រី​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​
យល់ថា ការ​ស្លាប់​របស់​មនុស្ស​ពីរ​នាក់ខាងលើ​ ​ជា​បញ្ហា​បន្ថែមលើការ​រំលោភបំពាន​ ​ការ​ធ្វើ​ទារុណកម្ម​ ​និង​ការ​បាត់បង់ជីវិត​ដែល​មិនគួរ​កើតមាន​ អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មកនេះ។ អ្នកស្រី​បន្ថែមថា៖ «ជា​រៀងរាល់ថ្ងៃ​នេះ មណ្ឌល​ព្រៃ​ស្ពឺ​នៅតែ​បើក​ដំណើរការ​ បង្ក​ឱ្យ​មានការ​រំលោភបំពាន​បន្ថែម​ទៀត​ ​និង​ហា​និ​ភ័យ​នៃ​ការ​ស្លាប់​ជាច្រើន​។​ ​រាជរដ្ឋាភិបាល​ ​គួរតែ​បិទ​មណ្ឌល​នេះ​តែម្ដង​ ​ហើយ​បញ្ចប់​ភាព​រងគ្រោះ​យ៉ាង​អាក្រក់​ដែល​មិនគួរ​កើតមាន​នេះ​»។ ​
 
ការទាមទារឲ្យមានការបិទមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញនេះ សារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតបពីលោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច និងអតីតយុទ្ធជនឡើយ ដោយលោករុញឲ្យសាកសួរនាំករណីខាងលើ ទៅខាងមន្ទីរសង្គមកិច្ច។ 
 
ចំណែក អ្នកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន រាជធានីភ្នំពេញ បានបដិសេធមិនឆ្លើយឆ្លងជាមួយសារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនោះទេ ដោយប្រាប់ថា ករណីខាងលើជារឿងធំ ហើយស្នើឲ្យដាក់លិខិតបែបរដ្ឋបាលទៅខាងសាលាក្រុង ឬខាងមន្ទីរ ដើម្បីបានការបកស្រាយជាផ្លូវការ។ 
 
ពាក់ព័ន្ធនឹងករណីស្នើឲ្យបិទមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានលើកឡើងថា មណ្ឌលនេះ ជាកន្លែងបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ជនអនាថា គ្មានទីពឹងច្បាស់លាស់។ ជាមួយគ្នាដែរ មណ្ឌលនេះ ពុំមែនជាកន្លែងឃុំឃាំងឡើយ គឺជាការចូលទៅស្នាក់នៅ រៀនសូត្រ ដោយស្ម័គ្រចិត្ត។ ប៉ុន្តែ មណ្ឌលខាងលើ បានប្រែក្លាយទៅជាកន្លែងឃុំឃាត់ទៅវិញ។ 
 
«កន្លងមកអំឡុងឆ្នាំ២០០៨ យើងធ្លាប់ស្នើឲ្យបិទម្ដងដែរ ដោយសាររកឃើញការរំលោភបំពាន់សិទ្ធិមនុស្សធ្ងន់ធ្ងរ គ្មានថែទាំ មានការឃុំឃាំង កង្វះអាហារ ចង្អៀតណែន គ្មានអនាម័យ មានការគំរាមកំហែង រហូតដល់អ្នកនៅទីនោះ លើកឡើងថាជីវិតរស់នៅដូចនរកជាដើម…ហើយមកដល់នៅចុងឆ្នាំនេះ គឺយើងស្នើឲ្យម្ដងទៀត ដើម្បីកុំឲ្យមានការរំលោភបំពាន់កាន់តែធ្ងន់ធ្ងរ»។ នេះជាការលើកឡើងរបស់ លោក អំ សំអាត ។
 
លោកបន្ថែមថា ​អង្គការ​លី​កា​ដូ ​កាលពីចុងខែ​តុលា​នេះ ក៏បាន​ដាក់​លិខិត​ស្នើសុំ​ការអនុញ្ញាត​ ​បញ្ជូន​ក្រុម​គ្រូពេទ្យ​ ​រួម​មាន​វេជ្ជបណ្ឌិត​ ​ដើម្បី​វាយ​តម្លៃ​ ​និង​ព្យាបាល​អ្នកជាប់ឃុំ​នៅ​ក្នុងមណ្ឌល​ ទៅ​មន្ទីរសង្គមកិច្ច​​រាជធានី​ភ្នំពេញដែរ។​ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយតប​ ​ហើយ​នៅតែ​មានការ​រឹតត្បិត​ក្នុង​ការ​ចូល​ទៅកាន់​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​ដដែល៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com