FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ារ៉ុកក្លាយជាក្រុមអាហ្រ្វិកទី៤ ឡើងវគ្គ៨ក្រុមក្នុងប្រវត្តិសាស្ត្រ World Cup
07, Dec 2022 , 5:19 pm        
រូបភាព
ទម្លាក់អេស្ប៉ាញវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup បានជួយម៉ារ៉ុកក្លាយជាក្រុមទី៤របស់អាហ្វ្រិកបានកៅអីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។ ម៉ារ៉ុក ក៏ទទួលបានការសារទរពីប្រជាជាតិអារ៉ាប់ជាច្រើនផងដែរ ដោយពួកគេបានបង្ហោះរូបក្រុមកីឡាករអាហ្វ្រិកមួយនេះកក្រើកបណ្តាញសង្គម Twitter។


ម៉ារ៉ុក យកឈ្នះក្រុមយក្សអឺរ៉ុបអេស្ប៉ាញដោយបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៣-០ ក្រោយការប្រកួតដ៏តានតឹងក្នុងរយៈពេល ១២០នាទីបញ្ចប់ដោយលទ្ធស្មើ ០-០ នៃជំនួបក្នុងកីឡដ្ឋាន Education City ប្រទេសកាតា។ អ្នកចាំទី Yassine Bounou ក្លាយជាវីរបុរសសង្គ្រោះបាល់កាត់សេចក្តី ១១ម៉ែត្រ ដែលបានសង្គ្រោះការស៊ុត ២លើករបស់កីឡាករអេស្ប៉ាញ និងមួយគ្រាប់ទៀតកីឡាករអេស្ប៉ាញស៊ុតចំបង្គោលទី។ ម៉ារ៉ុកឡើងមកវគ្គ ១៦ក្រុមក្នុងនាមជាក្រុមឈរនៅកំពូលតារាងនៃពូល F ដោយប្រកួតឈ្នះបែលហ្ស៊ុក ២-០ ស្មើក្រូអាស៊ី ០-០ និងឈ្នះកាណាដា ២-១ នៃព្រឹត្តិការណ៍ World Cup 2022។ 
 
ក្រោយទម្លាក់អេស្ប៉ាញជាមួយលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល ម៉ារ៉ុកដែលជាប្រទេសស្ថិតក្នុងទ្វីបអាហ្រ្វិក បានក្លាយជាក្រុមតំណាងអាហ្រ្វិកទី៤ ដែលបានឈានជើងឡើងដល់វគ្គ ៨ក្រុមចុងក្រោយនៃ World Cup បន្ទាប់ពីក្រុមកាមេរូនធ្វើបានក្នុងឆ្នាំ ១៩៩០ សេណេហ្កាល់ក្នុងឆ្នាំ ២០០២ និងហ្កាណាក្នុងឆ្នាំ ២០១០។
 
ភាពរីករាយបានកើតឡើងជាថ្មីសម្រាប់ម៉ារ៉ុក មិនមែនត្រឹមប្រជាជនម៉ារ៉ុកនោះឡើយ អ្នកគាំទ្រពីពិភពអារ៉ាប់ក៏បង្ហាញក្តីរីករាយផងដែរ។ ប្រជាជនក្នុងទ្វីបអាហ្រ្វិក និងតំបន់មជ្ឈឹមបូពា៍ប្រជាជាតិអារ៉ាប់មួយចំនួនបានបង្ហោះសារអបអរជាមួយក្រុមម៉ារ៉ុកនៅលើបណ្តាញសង្គម Twitter យ៉ាងច្រើន។ 
 
«នេះជាសុបិនក្លាយជាការពិត ខ្ញុំពិបាករកពាក្យអ្វីក្នុងការបង្ហាញអារម្មណ៍សប្បាយចិត្តនៅពេលនេះ។ ពួកគេជាវីរបុរសរបស់យើងទាំងអស់គ្នា ពួកគេធ្វើឱ្យយើងមានមោទកភាពថ្ងៃនេះ បើទោះបីយើងមិនឈ្នះ World Cup ឬក៏អត់ ប៉ុន្តែយើងបានបង្កើតប្រវត្តិសាស្ត្រ។»។ នេះបើតាមអ្នកគាំទ្រម្នាក់ឈ្មោះ Fadoua Chernane វ័យ៤២ឆ្នាំបាននិយាយប្រាប់កាសែត Al Jazeera។
 
ខណៈបង្ហាញការអបអរដូចប្រជាជនអារ៉ាប់ដទៃទៀតក្នុងទីក្រុងដូហា អ្នកគាំទ្រជនជាតិអារ៉ាប់ម្នាក់ក៏បានបង្ហោះរូបនៅលើបណ្តាញសង្គម Twitter អំពីរូបរបស់ Hakimi ឱបថើបម្តាយរបស់គេក្រោយចប់ការប្រកួត។ 
 
អ្វីដែលលើសពីនេះទៅទៀត ព្រះមហាក្សត្រីរបស់ប្រទេសហ្ស៊កដានី ទ្រង់ក៏បានបង្ហោះលើបណ្តាញសង្គម Twitter អបអរជ័យជម្នះរបស់ម៉ារ៉ុកលើអេស្ប៉ាញផងដែរថា៖«អបអរទៅកាន់ក្រុមម៉ារ៉ុក អ្នកធ្វើឱ្យយើងរីករាយខ្លាំងណាស់ ពិតជាអស្ចារ្យម៉ារ៉ុក ធ្វើវាបានម្តងទៀតហើយ។»។
 
ឡើងវគ្គ ៨ក្រុមលើកដំបូងក្នុងប្រវត្តិសាស្រ្ត ម៉ារ៉ុកនឹងត្រូវបន្តជួបក្រុមព័រទុយហ្កាល់ វគ្គ៨ក្រុមចុងក្រោយនៅថ្ងៃទី១០ ខែធ្នូ ក្នុងកីឡដ្ឋាន Al Thumama៕
 
 
 

Tag:
 (World Cup
  Morocco
© រក្សាសិទ្ធិដោយ thmeythmey.com