អន្តរជាតិ
ក្រោយប្រជាជនតវ៉ា ចិនចាប់ផ្តើមបន្ធូរច្បាប់ចត្តាឡីស័កទូទាំងប្រទេស
07, Dec 2022 , 10:29 pm        
រូបភាព
ដោយ:
អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃទី៦ ខែធ្នូ ប្រកាសប​ន្ធូបន្ថយច្បាប់ចត្តាឡីស័កដែលអនុញ្ញាតឱ្យអ្នកដែលមានជំងឺកូវីដ-១៩ក្នុងករណីស្រាល ឬគ្មានរោគសញ្ញាអាចធ្វើចត្តាឡីស័កនៅផ្ទះបាន។ ការដាក់នៅដាច់ដោយឡែកពីផ្ទះនេះជាការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងច្បាប់ចត្តាឡីស័កដែលបង្ហាញថា ចិនកំពុងត្រៀមរស់នៅជាមួយជំងឺកូវីដ-១៩ ជាជាងកម្ចាត់ជំងឺកូវីដកុំឱ្យសល់មួយករណីទើបចាប់ផ្តើមត្រឡប់ទៅរកជីវិតធម្មតា។
 
ជាងមួយសប្តាហ៍ក្រោយការតវ៉ាមិនធ្លាប់មានប្រឆាំងនឹងគោលនយោបាយគ្មានកូវីដរបស់រដ្ឋាភិបាលចិន គណៈកម្មការសុខាភិបាលជាតិនៅថ្ងៃទី៦ ខែធ្នូ ប្រកាសបន្ធូរបន្ថយច្បាប់ចត្តាឡីស័កដោយអ្នកដែលកើតជំងឺកូវីដ-១៩ គ្មានរោគសញ្ញា និងនៅកម្រិតស្រាលមិនចាំបាច់មានការព្យាបាលពិសេស ឬស្នាក់នៅកន្លែងកំណត់ដូចមុនទេ។ 
 
«ទន្ទឹមនឹងពង្រឹងការត្រួតពិនិត្យមើលសុខភាពផង អ្នកដែលគ្មានរោគសញ្ញា និងករណីស្រាលអាចនៅដាច់ដោយឡែកនៅផ្ទះបាន ហើយប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរ ពួកគេអាចផ្ទេរទៅមន្ទីរពេទ្យដែលបានកំណត់ដើម្បីព្យាបាលទាន់ពេលវេលា »។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការសុខាភិបាលជាតិចិន។
 
បើតាមគណៈកម្មការសុខាភិបាលចិន ការផ្លាស់ប្តូរក្នុងពិធីសារចត្តាឡីស័កបង្ហាញអំពីការកែសម្រួលលើវិធានការគ្រប់គ្រង និងការពារជំងឺតាមការបំប្លែងខ្លួនរបស់វីរុសបង្កជំងឺកូវីដ-១៩។ គណៈកម្មការសុខាភិបាលចិនក៏បានចេញសេចក្តីណែនាំថ្មី១០ចំណុចដែលអនុវត្តតាមវិធានការចំនួន២០ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ក្នុងគោលបំណងបង្កើនប្រសិទ្ធិភាពនៃពិធីសារត្រួតពិនិត្យ និងការពារជំងឺកូវីដ។ 
 
ពិធីសារត្រួតពិនិត្យ និងការពារជំងឺកូវីដចុងក្រោយបំផុតរបស់គណៈកម្មការសុខាភិបាលចិនផ្តោតទៅលើការការពារជំងឺឆ្លងចូលពីបរទេស ទប់ស្កាត់ការងើបឡើងវិញនៃជំងឺកូវីដ-១៩ក្នុងស្រុក ក៏ដូចជាចាត់វិធានការគ្រប់បែបយ៉ាងដើម្បីឱ្យករណីឆ្លងធ្លាក់មកសូន្យវីញនៅពេលមានករណីណាមួយកើនឡើង។ 
 
ជិតបីឆ្នាំមកនេះ ចិនចាត់ទុកជំងឺកូវីដ-១៩ជាជំងឺដ៏គ្រោះថ្នាក់ បើធៀបទៅនឹងជំងឺប៉េស្ត និងអាសន្នរោគ ប៉ុន្តែកាលពីសប្តាហ៍មុន មន្រ្តីជាន់ខ្ពស់ចិនទទួលស្គាល់ថាសមត្ថភាពវីរុសបង្កជំងឺនេះបានចុះថយ ខណៈអ្នកជំនាញចិនមួយចំនួនអះអាងថា វាមិនមានគ្រោះថ្នាក់ជាងជំងឺគ្រុនផ្តាសាយទេ។
 
នៅដើមឆ្នាំនេះ សហគមន៍ទាំងមូលនឹងត្រូវបិទខ្ទប់អាចជាច្រើនសប្តាហ៍ ប្រសិនបើករណីឆ្លងជំងឺកូវីដ-១៩សូម្បីតែមួយករណី។ តែនៅខែមុន ការរឹតត្បិតនេះក៏បានបន្ធូរបន្ថយដោយតម្រូវឱ្យបិទខ្ទប់តែអាគារដែលមានករណីឆ្លងប៉ុណ្ណោះ៕
 
 
 
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com