កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ជប៉ុន​ជាប់លេខ​៩, កូរ៉េខាងត្បូងលេខ១៦, ម្ចាស់ផ្ទះ​តាកាលេខ៣២
08, Dec 2022 , 8:29 am        
រូបភាព
គ្រូបង្វឹកជប៉ុន លោក Hajime Moriyasu សំដែងការគោរពទៅក្រុមអ្នកគាំទ្រក្រោយជប៉ុនធ្លាក់នៅវគ្គ១៦ក្រុម​ចុងក្រោយ
គ្រូបង្វឹកជប៉ុន លោក Hajime Moriyasu សំដែងការគោរពទៅក្រុមអ្នកគាំទ្រក្រោយជប៉ុនធ្លាក់នៅវគ្គ១៦ក្រុម​ចុងក្រោយ
ដោយ: រួបរួម
៨ក្រុម​កំពុងបោះជំហាន​បន្ត​ទៅ​កាន់​វគ្គ១/៤ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​តាកា បន្ទាប់ពី​ពួក​គេ​ទទួល​ជ័យជម្នះ​រៀងៗខ្លួន​។ ក្រុមទាំងនោះ រួមមាន ហូឡង់, អាហ្សង់ទីន, ក្រូអាស៊ី, ប្រេស៊ីល, អង់គ្លេស, បារាំង, ម៉ារ៉ុក និងព័រទុយហ្កាល់។
 
ខណៈក្រុមទាំង​៨​ត្រូវ​បន្ត​ដំណើរ​ទៅកាន់តំណែងជើងឯក ២៤ក្រុម​ផ្សេងទៀត​ក្នុងចំណោម​៣២ក្រុម​បានហាល​អាវជាបន្តបន្ទាប់ ក្នុងនោះ​មាន​៨ក្រុមនៅ​វគ្គ​៨​ក្រុម​ចុងក្រោយ និង​១៦ក្រុម​នៅវគ្គ​ជម្រុះតាមពូល។



លទ្ធផល​បាន​បង្ហាញថា ជប៉ុន​ជាក្រុម​ដែលមាន​ចំណោម​ថ្នាក់ខ្ពស់ជាងគេ គឺ​លេខ​៩​ក្នុងចំណោម​ក្រុម​ដែលបានហាល​អាវ។ ក្នុងការប្រកួត​៣លើកក្នុងពូល E ជប៉ុនស៊ីអាល្លឺម៉ង់ ២-១, ចាញ់កូស្តារីការ ១-០ និងឈ្នះអស្ប៉ាញ ២-១។
 
ក្នុងនាមជាក្រុម​លេខ​១ក្នុងពូល ក្រុមសាមួរ៉ៃមួយនេះ បន្ត​ប៉ះ​ក្រូអាស៊ី ប៉ុន្តែ​សំណាង​មិនល្អ បាន​ចាញ់ ៣-១ ដោយការ​ទាត់ប៉េណាល់​ទី​សម្រេចសេចក្តី ក្រោយលទ្ធផល ១២០នាទី ស្មើ ១-១។ ក្រោយ​លទ្ធផល​ទាំង​៤​ប្រកួត ជប៉ុនមាន​៧ពិន្ទុ (+១)។
 
ក្រុម​ដែល​ឈរ​លេខ​រៀង Top 16 ជាបន្តបន្ទាប់​រួមមាន សេណេហ្កាល់, អូស្ត្រាលី, ស្វ៊ីស, អេស្ប៉ាញ, អាម៉េរិក, ប៉ូឡូញ និងកូរ៉េខាងត្បូង។ កូរ៉េខាងត្បូងស្ថិតនៅលេខ​រៀងទី​១៦ ដោយសារលទ្ធផល​ចុងក្រោយ បាន​ប្រកួតចាញ់​ប្រេស៊ីល ៤-១។
 
រីឯក្រុម​ដែល​ធ្លាក់ចេញ​តាំងពី​វគ្គ​ជម្រុះតាមពូល​វិញ អាល្លឺម៉ង់ ជាក្រុម​ដែលមានចំណាត់ថ្នាក់​ខ្ពស់ជាងគេ (លេខ១៧) ដោយមាន​៤ពិន្ទុ (+១) ដូចអេក្វាទ័រ (លេខ១៨) តែមាន​ប្រៀបលើចំនួន​គ្រាប់បាល់ស៊ុត​បញ្ចូលទី​២គ្រាប់។
 
កាមេរូន​ស្ថិតនៅ​លេខ​១៩ ដោយមានលទ្ធផល​ល្អជាង​អ៊ុយរូហ្កាយ, ទុយនីស៊ី, ម៉ិកស៊ិក, បែលហ្សិក, ហ្កាណា, អារ៉ាប៊ីសាអូឌីត, អ៊ីរ៉ង់, ដាណឺម៉ាក, ស៊ែប៊ី, វេលស៍, កាណាដា និងម្ចាស់ផ្ទះកាតា។ 
 
ក្នុងការ​ប្រកួត​ជម្រុះតាមពូល កាណាដា និងកាតា ចាញ់ទាំង​បីប្រកួត​ដូចគ្នា។ កាណាដា ស្ថិតនៅ​លេខ​៣១ ដោយសារ​ស៊ុត​បាល់បញ្ចូលទី​លើគូប្រកួត​បាន២គ្រាប់ និងធ្លាយវិញ​៧គ្រាប់ រីឯម្ចាស់ផ្ទះកាតា ជាប់លេខ​ចុងគេ ដោយសារស៊ុតបញ្ចូលទី​តែ​១គ្រាប់ ហើយ​ធ្លាយវិញ​៧គ្រាប់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com