អន្តរជាតិ
G7 ដាក់សំណើ ១៥ពាន់លានដុល្លារដល់វៀតណាម ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម
07, Dec 2022 , 8:43 pm        
រូបភាព
ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ក្នុងកិច្ចប្រជុំកំពូលមួយនៅសប្តាហ៍ក្រោយ បានដាក់សំណើទំហំ១៥ ពាន់លានដុល្លារដល់វៀតណាម ដើម្បីគាំទ្រ និងពន្លឿនការផ្លាស់ប្តូរចេញពីការប្រើប្រាស់ធ្យូងថ្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែធ្នូ។
 

 
វៀតណាមដែលជាប្រទេសប្រើប្រាស់ថាមពលធ្យូងថ្មច្រើនបំផុតទាំង ២០ របស់ពិភពលោក បានចាប់ផ្ដើមភ្ជាប់ទំនាក់ទំនងភាពជាដៃគូផ្លាស់ប្តូរថាមពលជាមួយក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP27 សកលកាលពីខែវិច្ឆិកាកន្លងទៅ។ 
 
ដើម្បីបញ្ចុះបញ្ចូលវៀតណាមឱ្យផ្លាស់ប្ដូរចេញពីការប្រើប្រាស់ធ្យូងថ្មនេះ អ្នកចរចារបស់ G7 ដែលដឹកនាំដោយសហភាពអឺរ៉ុប និងអង់គ្លេស​បានស្នើកញ្ចប់ថវិកាជាង ៧,៥ ពាន់លានដុល្លារ​ពីវិស័យសាធារណៈ និងជាង ៧,៥ ពាន់លានដុល្លារ​ពីវិស័យឯកជន។ នេះបើតាមមន្ត្រី ៣ រូបពីក្រុមប្រទេស G7 ដោយបន្ថែមថានេះជាកិច្ចពិភាក្សាសម្ងាត់។ 
 
ប្រភពដែលសុំមិនបញ្ចេញឈ្មោះ​ដដែលបាននិយាយថា សំណើនេះនឹងជាសំណើចុងក្រោយរបស់ G7 មុនពេលកិច្ចប្រជុំកំពូលនៃសហភាពអឺរ៉ុប និងអាស៊ាននៅទីក្រុងព្រុចសែលចាប់ផ្ដើមនៅថ្ងៃទី១៤ ខែធ្នូ ដែលជាកាលបរិច្ឆេទដែល សហភាពអឺរ៉ុបដាក់ស្នើ។ 
 
គួរបញ្ជាក់ថា កញ្ចប់ជំនួយនេះបានរីកធំឡើងបន្តិចម្តងៗ ដោយ G7 ដំបូងសន្យាផ្ដល់ជំនួយត្រឹមតែ ២ ពាន់លានដុល្លារនៅក្នុងមូលនិធិសាធារណៈ ជាមួយនឹងជំនួយឯកជនបន្ថែមដែលមិនបានកំណត់។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះនៅមិនទាន់ច្បាស់នៅឡើយ ខណៈអាចមានការកែសម្រួលបន្ថែមទៀត។ 
លើសពីនេះ ការសម្រេចចិត្តរបស់វៀតណាមក៏នៅមិនទាន់ប្រាកដនៅឡើង ដ្បិតកង្វល់ចម្បងរបស់វៀតណាមហាក់ដូចមិនទាន់អាចដោះស្រាយបានក្នុងកិច្ចព្រមព្រៀង។ កន្លងមក វៀតណាមបានស្នើ​សុំ​ជំនួយ​បន្ថែម​ទៀត ព្រោះវៀតណាមមានគោលនយោបាយមិន​ខ្ចី​ប្រាក់​ច្រើន​ពីបរទេស។
 
បញ្ហាថាមពលរបស់វៀតណាមនៅតែជាបញ្ហាប្រឈមមុខ ដោយសារផែនការរបស់ក្រុមប្រទេស G7 ផ្តោតលើថាមពលកកើតឡើងវិញ ដែលអាចបណ្តាលឱ្យមានការខ្វះខាតថាមពលនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។  ភ្លាមៗបន្ទាប់ពីបញ្ចប់កិច្ចចរចានៅខែវិច្ឆិកា នៅពេលដែលអាជ្ញាធរវៀតណាមបានលុបចោលកិច្ចប្រជុំដែលនឹងត្រូវធ្វើឡើងនៅទីក្រុងហាណូយជាមួយប្រេសិតអាកាសធាតុកំពូលរបស់អាម៉េរិក និងសហភាពអឺរ៉ុប ក្រសួងឧស្សាហកម្មវៀតណាមបានផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ថ្មីមួយសម្រាប់ផែនការថាមពលរយៈពេលវែងរបស់ខ្លួនដែលជំរុញឱ្យមានការប្រើប្រាស់ធ្យូងថ្មកាន់តែច្រើន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com