ជាតិ
ព័ត៍មានសុខភាព
សុខភាព
ក្រសួង សម្រេចបិទមន្ទីរសម្រាកព្យាបាល «ដើម​អង្ក្រង» ជាផ្លូវការ
08, Dec 2022 , 10:49 am        
រូបភាព
ក្រសួងសុខាភិបាល​ បានសម្រេចបិទ និងដកហូតអាជ្ញាបណ្ណ​មន្ទីរសម្រាកព្យាបាល និងសម្ភព ដើម​អង្ក្រង ជាផ្លូវការ ក្រោយ​មានករណីព្យាបាលខុសប​ច្ចេកទេសលើ​ស្ត្រី​ម្នាក់​រំលូតកូនដែល​ស្លាប់​ក្នុង​ផ្ទៃ។ ស្ត្រីរំលូតកូននោះ កំពុងសម្រាកព្យាបាលនៅមន្ទីរកាល់ម៉ែត។


​ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការសម្រេចបិទមន្ទីរសម្រាកព្យាបាល ដើមអង្ក្រង នេះ ដោយសារការប្រើប្រាស់បុគ្គលិកគ្មានការបណ្ដុះបណ្ដាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងការផ្លាស់ប្ដូរទីតាំង ដោយគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។
 
លិខិតដែលបានចុះហត្ថលេខាដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី៨ ធ្នូ នេះ បានសង្កត់ធ្ងន់ថា៖«ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសម្រាកព្យាបាល ដើមអង្ក្រង និងអ្នកដែលប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេសក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
 
កាលពី​ថ្ងៃទី​១០​វិច្ឆិកា ស្ត្រី​រងគ្រោះ​បាន​រំលូតកូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ ហើយ​កូន​នោះ​មាន​អាយុ​១៨​សប្ដាហ៍​នៅ​ពេទ្យ​ដើម​អង្ក្រង​។ លុះដល់​ថ្ងៃទី​២២​វិច្ឆិកា ស្ត្រី​រងគ្រោះ បាន​ទៅ​ពេទ្យ​ដដែល​ម្ដងទៀត ព្រោះ​មាន​សញ្ញា មិន​ស្រួល​ក្នុង​ខ្លួន ហើយ​ពិនិត្យឃើញ​មាន​សល់​កំទេច​សុក​ក្នុង​ស្បូន​។ បន្ទាប់ពី​ព្យាបាល លើក​ទី​២​ហើយ ស្ត្រី​រងគ្រោះ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ខាង​ក្រុម​មន្ទីរពេទ្យ ក៏​បញ្ជូន​ស្ត្រី​នោះ​ទៅ ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក រាជធានី​ភ្នំពេញ​។ ក្រោយមកសាច់ញាតិអ្នកជំងឺ ក៏បានបញ្ជូនទៅព្យាបាលនៅវៀតណាម ហើយក៏បញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតវិញ។
 
 

Tag:
 សុខាភិបាល
  រលូតកូន
© រក្សាសិទ្ធិដោយ thmeythmey.com