អន្តរជាតិ
អាម៉េរិក រិះគន់លោក ពូទីន ដែលព្រមានប្រើអាវុធនុយក្លេអ៊ែរដើម្បីការពារទឹកដី
08, Dec 2022 , 11:19 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាកិច្ចប្រជុំមួយ។ រូបថតពីវេបសាយប្រធានាធីបតីរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាកិច្ចប្រជុំមួយ។ រូបថតពីវេបសាយប្រធានាធីបតីរុស្ស៊ី
ដោយ:
អាម៉េរិក នៅថ្ងៃទី៧ ខែធ្នូ រិះគន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ដែលនិយាយពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាការគ្មានការគិតពិចារណា បន្ទាប់ពីមេដឹកនាំរុស្ស៊ីរូបនេះព្រមានជាថ្មីពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ ហើយនឹងប្រើអាវុធប្រភេទនេះដើម្បីការពារទឹកដីខ្លួន។
 
ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់រុស្ស៊ីដែលចេញផ្សាយតាមទូរទស្សន៍ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន លើកឡើងថា ក្រុងមូស្គូនឹងការពារខ្លួនជាមួយគ្រប់មធ្យោបាយដែលមានទាំងអស់។ លោកក៏បានព្រមានជាថ្មីពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរដែរ ប៉ុន្តែអះអាងថា រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរដើម្បីតបទៅវិញប៉ុណ្ណោះ មិនមែនវាយប្រហារទៅមុនទេ។ 
 
«យើងមិនឆ្កួតទេ យើងដឹងថាអាវុធនុយក្លេអ៊ែរជាអ្វី»។ ប្រធានាធិបតីរុស្ស៊ីបញ្ជាក់បែបនេះនៅថ្ងៃទី៧ ខែធ្នូ ដោយបន្ថែមថា អាវុធរុស្ស៊ីជឿនលឿន និងទំនើបជាងប្រទេសនុយក្លេអ៊ែរផ្សេងទៀត ប៉ុន្តែក្រុងមូស្គូមិនដើរលើកអាវុធនេះគំរាមពិភពលោកទេ។
 
យ៉ាងណាមិញ ភ្លាមៗអាម៉េរិកដែលតែងបញ្ជូនជំនួយអាវុធយោធាឱ្យអ៊ុយក្រែនរិះគន់ថា នេះជាការនិយាយដោយគ្មានការត្រិះរិះរបស់លោក ពូទីន។ កន្លងមក ក្រុងវ៉ាស៊ីនតោនព្រមានថា ក្រុងមូស្គូអាចនឹងប្រើអាវុធនុយក្លេអ៊ែរវាយប្រហារអ៊ុយក្រែន បន្ទាប់ពីលោក ពូទីន គំរាមប្រើអាវុធប្រល័យលោកប្រភេទនេះការពារទឹកដីដែលខ្លួនដណ្តើមបានពីអ៊ុយក្រែន។ 
 
« យើងគិតថា ការនិយាយពីអាវុធនុយក្លេអ៊ែរដែលមិនពិចារណាឱ្យបានត្រឹមត្រូវគ្មានការទទួលខុសត្រូវទាល់តែសោះ»។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price ប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី៧ ខែធ្នូ។ 
 
ទាក់ទងនឹងការប្រយុទ្ធគ្នានៅអ៊ុយក្រែនវិញ លោក ពូទីន បញ្ជាក់ថានឹងមិនមានការចល័តទ័ពនៅពេលនេះបន្ថែមទៀតទេ ប៉ុន្តែជម្លោះនៅអ៊ុយក្រែនក៏នឹងមិនបញ្ចប់ក្នុងរយៈពេលខ្លីខាងមុខដែរ។
 
«សម្រាប់រយៈពេលនៃប្រតិបត្តិការយោធាពិសេស ជាការពិតណាស់នេះអាចជាដំណើរការដ៏យូរមួយ»។ ប្រធានាធិបតីរុស្ស៊ីលើកឡើងបែបនេះអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សដដែល។
 
សូមបញ្ជាក់ថា រុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែនតាំងពីចុងខែកុម្ភៈ ប៉ុន្តែលោក ពូទីន លើកឡើងកាលពីខែកក្កដាថា រុស្ស៊ីទើបតែចាប់ផ្តើមប្រតិបត្តិសឹករបស់ខ្លួនប៉ុណ្ណោះ។ បន្ថែមពីនេះ នៅខែកញ្ញា ក្រុងមូស្គូបានចល័តទ័ពបម្រុងយ៉ាងតិច ៣០ ម៉ឺននាក់ដើម្បីបន្តប្រយុទ្ធនៅអ៊ុយក្រែន ប៉ុន្តែតាំងពីនោះមក ទ័ពរុស្ស៊ីដកថយចេញពីទឹកដីអ៊ុយក្រែនជាច្រើន។​ តាមទិន្នន័យរបស់វិទ្យាស្ថានសិក្សាពីសង្រ្គាមដែលផ្តល់ឱ្យកាសែត New York Times អ៊ុយក្រែនដណ្តើមបានទឹកដី ៥៤ ភាគរយមកវិញពីរុស្ស៊ីដែលក្តោបក្តាប់តាំងពីសង្រ្គាមចាប់ផ្តើម៕
 
 
 
 
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com