ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា អះអាងថា ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ក៏រាប់អានយ៉ាងស្និទស្នាលជាមួយលោកដែរ
13, Dec 2022 , 1:10 pm        
រូបភាព
លោក កឹម សុខា និងសម្តេច ហ៊ុន សែន ចាប់ដៃគ្នាក្នុងរដ្ឋសភា កាលពីពេលកន្លងទៅ។
លោក កឹម សុខា និងសម្តេច ហ៊ុន សែន ចាប់ដៃគ្នាក្នុងរដ្ឋសភា កាលពីពេលកន្លងទៅ។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុក អំពីជំនួបរវាងលោក និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ហើយមេដឹកនាំប្រឆាំងរូបនេះ ក៏បានភ្ជាប់មកជាមួយនូវខ្លឹមសារអំពីការរាប់អានរវាងលោក និងមិត្តបរទេស បូករួមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាផងដែរ។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ជិតផុតអាណត្តិជាឯកអគ្គរាជទូតជប៉ុនហើយ ហើយលោក បានចូលទៅជួបលោក កឹម សុខា ដើម្បីជម្រាបលា មុននឹងចាកចេញពីកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ។


«ជាការកត់សម្គាល់ គឺមិនមែនតែតំណាងផ្លូវការនៃប្រទេសជប៉ុននោះទេ ក៏មានអ្នកការទូតបរទេស សមាជិកសភា និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបរទេស ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាយើងផងដែរ ដែលមានទំនាក់ទំនង ទទួលស្វាគមន៍ និងជួបសំណេះសំណាលពិភាក្សាជាមួយខ្ញុំ ដោយបានសម្តែងនូវការគោរពរាប់អានគ្នាយ៉ាងស្និទស្នាល និងទូលំទូលាយ»។ នេះជាសំណេររបស់លោក កឹម សុខា លើបណ្តាញសង្គម នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។


លោក មិកាមិ ម៉សាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនដែលជិតផុតអាណត្តិ ចូលជួបលោក កឹម សុខា នៅគេហដ្ឋានរបស់លោក កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក កឹម សុខា)។

សូមរម្លឹកថា ស្ថិតក្នុងអំឡុងដែលកំពុងជាប់ជំពាក់វាក់វិនជាមួយសំណុំរឿង លោក កឹម សុខា ធ្លាប់មានឱកាសបានជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ២លើក គឺលើកទី១ ក្នុងពិធីបុណ្យសពមហាឧបាសិកា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេច កាលពីខែឧសភា ឆ្នាំ២០២០ និងលើកទី២ ក្នុងពិធីបុណ្យសពសម្តេច ហ៊ុន ណេង បងប្រុសបង្កើតរបស់សម្តេច កាលពីខែឧសភា ឆ្នាំ២០២២។

តាម​រយៈសារលើបណ្តាញសង្គមដដែល លោក កឹម សុខា បង្ហាញជំនឿថា តំណាង ឬថ្នាក់ដឹកនាំរដ្ឋបរទេស និងថ្នាក់ដឹកនាំខ្មែរ ប្រាកដជាយល់ពីចេតនា និងសកម្មភាពរបស់លោក ដែលប្រកាន់គោលការណ៍អហិង្សា មិនយកខ្មែរណាជាសត្រូវ មិនប្រទូសរ៉ាយដល់សង្គមជាតិ មិនបង្កការឈឺចាប់ដល់ប្រជាពលរដ្ឋខ្មែរ។ លោក បន្ថែមថា សូម្បីតែជម្លោះបុគ្គល និងគ្រួសារ ក៏លោកមិនបង្កឡើងដែរ។

មេដឹកនាំប្រឆាំងរូបនេះ លើកឡើងថា ដោយសារលោក ប្រកាន់ជំហរបែបនេះហើយ ទើបបានជាថ្នាក់ដឹកនាំរដ្ឋបរទេស និងថ្នាក់ដឹកនាំកម្ពុជា នៅតែផ្តល់តម្លៃ គោរពរាប់អាន និងទាក់ទងជាមួយខ្ញុំ។ ជាមួយគ្នានេះ លោក ចាត់ទុកការចោទប្រកាន់លើលោក ថាមិនត្រឹមត្រូវ មិនសមហេតុផល និងផ្ទុយពីចេតនាពិតរបស់លោក។

លោក កឹម សុខា ត្រូវបានតុលាការ ចោទប្រកាន់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក ពីបទគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ តុលាការភ្នំពេញ នឹងបើកសវនាការ ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងរបស់លោក៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com