ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តីស្តីទី ចាត់ទុកការជួយរបស់ជប៉ុន ថាឆ្លុះបញ្ចាំងពីមិត្តភាពដ៏មានតម្លៃរវាងកម្ពុជានិងជប៉ុន
14, Dec 2022 , 11:29 am        
រូបភាព
ជំនួបរវាងសម្តេច ស ខេង និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ
ជំនួបរវាងសម្តេច ស ខេង និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ
ក្នុងជំនួបជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្រ្តីស្តីទី បានលើកឡើងពីការជួយរបស់ប្រទេសប៉ុនលើវិស័យជាច្រើននៅកម្ពុជា ដូចជា ដោយរាប់ទាំងការជួយដល់កិច្ចការរៀបចំការបោះឆ្នោត ផងដែរ។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ដល់ពេលដែលចប់អាណត្តិជាឯករាជទូតហើយ ហើយលោកចូលជួបសម្តេច ដើម្បីជម្រាបលា មុននឹងចាកចេញពីកម្ពុជា។
  
សម្តេចនាយករដ្ឋមន្រ្តីស្តីទី មានប្រសាសន៍ដូច្នេះថា៖«លទ្ធផល [នៃការជួយរបស់ជប៉ុន] នេះ ឆ្លុះបញ្ចាំងឲ្យឃើញអំពីចំណងមិត្តភាពដ៏មានតម្លៃរវាងកម្ពុជា-ជប៉ុន។ នាពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក៏​បាន​លើកកម្រិតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឲ្យទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរ»។ 
 
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ តបទៅកាន់សម្តេច ស ខេង ថា ក្នុងរយៈ៣ឆ្នាំនៃបេសកម្មការទូតរបស់លោក កម្ពុជា និងជប៉ុន សម្រេចបានសមិទ្ធផលជាច្រើន។ លោក មើលឃើញថា ឆ្នាំ២០២៣ខាងមុខ គឺ​ជាឆ្នាំដែលមានការរីកចម្រើនខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន។ 
 
ជាមួយគ្នានេះ ឯកអគ្គរាជទូតចប់អាណត្តិរូបនេះ បានបង្ហាញ​ក្តី​សង្ឃឹមថា ការបោះឆ្នោតឆ្នាំ២០២៣ នៅកម្ពុជា នឹងទទួលបានជោគជ័យខ្ពស់។ សម្តេចនាយករដ្ឋមន្រ្តីស្តីទី រំលេចពីការជួយរបស់ជប៉ុនត្រង់កន្លែងនេះថា បច្ចុប្បន្ន ជប៉ុន កំពុងបន្តគាំទ្រ និងចូលរួមក្នុង​កិច្ចការរៀបចំការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ៕ 
 
 

Tag:
 កម្ពុជា-ជប៉ុន
  ស ខេង
  មិកាមិ ម៉ាសាហ៊ីរ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com