ជាតិ
សង្គមជាតិ
ក្រៅពី​ទំនាក់ទំនង​ទ្វេភាគី ប្រធានាធិបតី​បារាំង ម៉ា​ក្រុង អរគុណ​សម្តេច ហ៊ុន សែន ដែល​បាន​ចូលរួម​ការពារ​ប្រជាជន​អ៊ុយ​ក្រែ​ន​
14, Dec 2022 , 1:57 pm        
រូបភាព
លោកប្រធានាធិបតី បារាំង អេម៉ានុយអ៊ែល ម៉ាក្រុង ស្វាគមន៍ សម្តេចនាយករដ្ឋមន្ត្រី  ហ៊ុន សែន នៅវិមានរដ្ឋាភិបាល អេលីហ្សេ  មុនអាហារពេលល្ងាច ថ្ងៃទី ១៣ ខែធ្នូ ។
លោកប្រធានាធិបតី បារាំង អេម៉ានុយអ៊ែល ម៉ាក្រុង ស្វាគមន៍ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានរដ្ឋាភិបាល អេលីហ្សេ មុនអាហារពេលល្ងាច ថ្ងៃទី ១៣ ខែធ្នូ ។
​នៅក្នុង​ដំណើរ​ទស្សន​កិច្ចការងា​រ​នៅក្នុង​ប្រទេស​បារាំង និងទីក្រុង​​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក សម្តេច ហ៊ុន សែន ក៏បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង អំពី​ការពង្រឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ នៅក្នុង​សន្និសីទ​កា​សៃ​ត​ខ្លី​មួយ​ដែល​ត្រូវបាន​រៀបចំ​នៅ​វិមាន​រដ្ឋាភិបាល​អេ​លី​ហ្សេ ប្រមុខ​ដឹកនាំ​ទាំងពីរ​បាន​រម្លឹក​ប្រាប់​គ្នា​ឡើងវិញ​ដោយ​មោទនៈ អំពី​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​។
 
 
​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​រម្លឹក​មុនគេ​អំពី​ការលើកស្ទួយ និង​ការការពារ​សន្តិភាព​នៅ​កម្ពុជា​ក្នុង​អតីតកាល​។ លោក​ប្រធានាធិបតី បានលើកឡើង​អំពី​សុន្ទរកថា​ដ៏​ល្បីល្បាញ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ហ្សា​ល ដឺ​ហ្គោល នៅក្នុង​ឆ្នាំ​១៩៦៦​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​កុំ​ពង្រីក​សង្គ្រាម​នៅ​ឥណ្ឌូ​ន​ចិន​។ ជាមួយគ្នានេះដែរ លោក ម៉ា​ក្រុង ក៏បាន​រម្លឹក​ឡើងវិញ​ដែរ​អំពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​១៩៩១​ស្តីពី​សន្តិភាព​នៅ​កម្ពុជា ដើម្បី​ធានា​អធិបតេយ្យភាព បូរណភាព​ទឹកដី​របស់​កម្ពុជា សម្រាប់​ការកសាង​កម្ពុជា​ឡើងវិញ​។ 
 
«​នៅថ្ងៃនេះ ថ្ងៃទី​១៣ ខែធ្នូ ២០២២ ខណៈដែល​សង្គ្រាម​កំពុង​កើតឡើង​នៅ​អឺរ៉ុប សម្តេច​បានសម្រេច​ចិត្ត​អញ្ជើញ​មក​ទីក្រុង​ប៉ារីស​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​ការគាំទ្រ​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន នៅក្នុង​ក្របខណ្ឌ​នៃ​ការបន្ត​អនុវត្ត​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ ដែល​ថ្កោលទោស​ការធ្វើ​ទុក​បុក​ម្នេញ​របស់​ប្រទេស​រុស្ស៊ី និង​ដើម្បី​ការពារ​សន្តិ​ភាពជា​និរន្ត​។ ខ្ញុំ​សូម​អរគុណ​សម្តេច​ជា​ឱឡារិក​។​»​។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​បារាំង មុននឹង​លោក​បន្តថា​៖ «​ការជួបគ្នា​របស់​យើង​ទាំងពីរ ក៏​អនុញ្ញាតឱ្យ​យើង​អាច​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ក្របខណ្ឌ​នៃ​យុទ្ធ​សា​ស្ត្ ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​យើង​យកចិត្តទុកដាក់​ជា​បញ្ហា​ថ្នាក់ជាតិ ដែល​អនុលោម​ទៅតាម​យុទ្ធសាស្ត្រ​របស់​អាស៊ាន​ដែរ​។​»​។​
 
​ក្រៅពី​រម្លឹក និង​បង្ហាញ​អំពី​ការគាំទ្រ​របស់​រដ្ឋាភិបាល​បារាំង​ក្នុង​ការជួយ​អភិវឌ្ឍន៍​កម្ពុជា​លើ​វិស័យ​មួយចំនួន​ដូចជា ទឹក ថាមពល ទេ​សចណ៍ ការដឹកជញ្ជូន ហើយ​នោះ លោក ម៉ា​ក្រុង បាន​អត្ថាធិប្បាយ​ផ្តល់​ការកោតសរសើរ​ជាពិសេស​ដល់​កម្ពុជា ចំពោះ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​។​
​លោក​ប្រធានាធិបតី ម៉ា​ក្រុង ថ្លែង​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​នឹងមាន​ចន្លោះប្រហោង បើសិនជា​ខ្ញុំ​មិនបាន​ស្វាគមន៍​មហិច្ឆតា​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​អាកាសធាតុ​ដែលមាន​គោលបំណង​អព្យាក្រឹត​កាបូន​ដល់​ឆ្នាំ ២០៥០​។ នេះ​ជា​គំរូ​ដ៏​គួរឱ្យ​កត់​ស​ម្កាល់​របស់​ប្រទេសមួយ​ក្នុងការ​ចាត់ចែង​ការអភិវឌ្ឍ​ដ៏​លឿន ដោយ​គិតគូរ​ពី​គោលនយោបាយ​ថាមពល​ដ៏​ល្អ​អស្ចារ្យ​។​»​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ បាន​ថ្លែងសេចក្តី​អរគុណ​ចំពោះ​ប្រទេស​បារាំង​ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​នៅក្នុង​ដំណើរ​ការកសាង​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​រហូតដល់​បច្ចុប្បន្ន​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ក៏បាន​អរគុណ​លោក​ប្រធានាធិបតី​ផងដែរ ដែល​រដ្ឋាភិបាល​បានទទួល​ប្រជាជន​ខ្មែរ​ដែល​បាន​រត់​ភៀសខ្លួន​ពី​សង្គ្រាម និង​ពីរ​បប​ប្រល័យពូជសាសន៍​ប៉ុលពត​។ 
 
​ដើម្បី​បង្ហាញ​អំពី​ការពង្រឹង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ដែលមាន​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ហើយ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហើប​លោក​ប្រធានាធិបតី​បារាំង​អំពី​ការកសាង​រូបសំណាក​មិត្តភាព​កម្ពុជា​បារាំង នៅមុខ​ស្ថានទូត​បារាំង​ក្នុង​រាជធានី​ភ្នំពេញ​។​
 
​សម្តេច ហ៊ុន សែន បាន​រៀបរាប់​យ៉ាង​ដូច្នេះ​៖«​មានរឿង​មួយ​ដែល​ខ្ញុំ​គួរតែ​និយាយប្រាប់​អ្នក​ទាំងអស់គ្នា​នៅទីនេះ ទាក់ទង​នឹង​ការរកឃើញ​ថ្មីៗ និង​ជាការ​គួរឱ្យភ្ញាក់ផ្អើល​ស​ម្រា​ប់​ខ្ញុំ​។ ៣​ថ្ងៃ មុន​ខ្ញុំ​មកដល់​ទីនេះ [​យើង​បាន​រកឃើញ​] មាន​រូបសំណាក​មួយ​ដែល​ត្រូវបាន​សាងសង់​ក្នុង​ឆ្នាំ ១៩២៥ ហើយ​ត្រូវបាន​ខ្មែរក្រហម​វ៉ៃ​កម្ទេចចោល​ក្នុង​ឆ្នាំ ១៩៧៧​។ ខ្ញុំ​បាន​យល់ព្រម​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​រួចហើយ យើង​នឹង​កសាង​រូបសំណាក​នេះ​ឡើងវិញ ដែលជា​និមិត្តរូប​នៃ​ការ​សាមគ្គីភាព​រវាង​បារាំង និង​កម្ពុជា ហើយ​ដាក់​នៅ​ទល់មុខ​ស្ថានទូត​បារាំង​តែម្ដង​។ សង្ឃឹមថា លោក​ប្រធានាធិបតី មិន​ជំទាស់​នឹង​គម្រោង​នេះ​ទេ​។​»​។​
 
​បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​ក៏​នឹង​ជជែក​អំពី​ការកំណត់​កាលបរិច្ឆេទ​នៃ​ការរៀបចំ​ប្រារព្ធ​ខួប​ទី​៧០​នៃ​ទំនាក់ទំនង​ការទូត​រវាង​ភ្នំពេញ និង​ប៉ារីស​ផងដែរ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com