ជាតិ
​​​ន​យោ​បាយ​ជាតិ​
បោះឆ្នោត២០២៣៖ បក្សភ្លើងទៀន ស្នើឲ្យជប៉ុន បញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាឲ្យបានច្រើន
14, Dec 2022 , 10:00 pm        
រូបភាព
លោក ថាច់ សេដ្ឋា (កណ្តាល) ស្ថិតក្នុងប្រទេសជប៉ុន (រូបពីគណបក្សភ្លើងទៀន)។
លោក ថាច់ សេដ្ឋា (កណ្តាល) ស្ថិតក្នុងប្រទេសជប៉ុន (រូបពីគណបក្សភ្លើងទៀន)។
គណបក្សភ្លើងទៀន ស្នើឲ្យជប៉ុន បញ្ជូនអ្នកសង្កេតការណ៍ឲ្យបានច្រើនជាអតិបរិមា មកចូលរួមសង្កេតការបោះឆ្នោតជាតិនីតិកាលទី៧ ក្នុងឆ្នាំ២០២៣។ សំណើនេះ ត្រូវបានលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន លើកឡើងក្នុងជំនួបសមាជិកមួយចំនួននៃរដ្ឋសភាជប៉ុន។


លោក ថាច់ សេដ្ឋា បានទៅបំពេញទស្សនកិច្ចនៅជប៉ុន ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចរបស់លោក និងជំនួបរវាងលោក ជាមួយសមាជិករដ្ឋសភាជប៉ុន និងជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបានផ្សព្វផ្សាយតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

ក្រៅពីសុំឲ្យបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា លោក ថាច់ សេដ្ឋា ក្នុងនាមជាគណបក្សភ្លើងទៀន ថែមទាំងស្នើឲ្យជប៉ុនជួយផ្តល់មធ្យោបាយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជាផងដែរ ដើម្បីអង្គការសង្គមស៊ីវិលទាំងនោះ អាចដាក់អ្នកសង្កេតការណ៍ ចូលរួមសង្កេតការណ៍នៅគ្រប់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស។

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្ន ជប៉ុន បានផ្តល់អ្នកបច្ចេកទេស ដល់គ.ជ.ប ដើម្បីរៀបចំផ្សព្វផ្សាយការអប់រំដល់សាធារណជន អំពីការបោះឆ្នោត។ លោក អះអាងថា មកដល់ពេលនេះ ពុំទាន់មានប្រទេសណាផ្សេង ផ្តល់អ្នកបច្ចេកទេសដល់គ.ជ.បដូចជប៉ុនឡើយ។

អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ដូច្នេះថា៖« [ក្នុងការបោះឆ្នោត] សំខាន់ ប្រជាពលរដ្ឋ មានសុខដុមរមនាជាមួយគ្នា និងទទួលយកលទ្ធផលបោះឆ្នោត។ [ប្រជាពលរដ្ឋ] លោក ពិនិត្យទៅឃើញថា ដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោត គឺ ស្របតាមច្បាប់ ហើយកិច្ចការរៀបចំទាំងឡាយ គឺទុកចិត្តគ្នាបាន នេះជាសុខដុមរមនារបស់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ»។

ក្នុងជំនួបជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្រ្តីស្តីទី បានលើកឡើងពីការជួយរបស់ប្រទេសប៉ុនលើវិស័យជាច្រើននៅកម្ពុជា ដោយរាប់ទាំងការជួយដល់កិច្ចការរៀបចំការបោះឆ្នោតកន្លងមក និងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខផងដែរ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបង្ហាញក្តីសង្ឃឹមថា ការបោះឆ្នោតឆ្នាំ២០២៣ នៅកម្ពុជា នឹងទទួលបានជោគជ័យខ្ពស់។ លោកឯកអគ្គរាជទូត ដល់ពេលដែលចប់អាណត្តិជាឯករាជទូតហើយ ហើយលោកចូលជួបសម្តេច ដើម្បីជម្រាបលា មុននឹងចាកចេញពីកម្ពុជា។ សូមបញ្ជាក់ថា ការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

Tag:
 គណបក្សភ្លើងទៀន
  បោះឆ្នោត
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com