ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាឧទ្ធរណ៍ តម្រូវឲ្យលោក សុន ឆ័យ បង់ប្រាក់ជាង២សែនដុល្លារបន្ថែមទៀតទៅបក្សកាន់អំណាច
15, Dec 2022 , 6:10 pm        
រូបភាព
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន (រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន (រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)
ក្រោយតុលាការភ្នំពេញ កាត់ក្តីឲ្យចាញ់គណបក្សប្រជាជនកម្ពុជា លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ តែត្រូវសាលាឧទ្ធរណ៍ បង្គាប់ឲ្យលោក បង់ប្រាក់កាន់តែច្រើនជាងមុនទៅឲ្យគណបក្សប្រជាជនកម្ពុជា គឺពីជាង៧,៣សែនដុល្លារ ឡើងដល់ជាង៩,៧សែនដុល្លារ។


បន្ទាប់ពីបញ្ចប់សវនាការលើសំណុំរឿងរបស់លោក សុន ឆ័យ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់តុលាការភ្នំពេញ ទុកជាបានការ ដែលមានន័យថា យល់ស្របនឹងអ្វី ដែលតុលាការភ្នំពេញ បានសម្រេចរួចមកហើយ។ មិនត្រឹមតែសម្រេចដូចតុលាការភ្នំពេញនោះទេ សាលាឧទ្ធរណ៍ ថែមទាំងធ្វើសេចក្តីសម្រេច១កម្រិតបន្ថែមទៀត នោះគឺការតម្រូវឲ្យលោក សុន ឆ័យ បង់ប្រាក់ជូនទៅគណបក្សប្រជាជនកម្ពុជា ដែលជាដើមបណ្តឹង ច្រើនជាងការសម្រេចរបស់តុលាការភ្នំពេញ។

ការសម្រេចរបស់សាលាឧទ្ធរណ៍ គឺទំហំទឹកប្រាក់ជាង៣ពាន់លានរៀល (ជាង៧,៣សែនដុល្លារ) ដែលលោក សុន ឆ័ន ត្រូវបង់ទៅគណបក្សប្រជាជនកម្ពុជាជាការសងជំងឺចិត្ត ត្រូវដំឡើងដល់៤ពាន់លានរៀល (ជាង៩,៧សែនដុល្លារ ឬជិត១លានដុល្លារ)។ ទំហំទឹកប្រាក់នេះ កើនឡើងច្រើនជាងមុនជាង២សែនដុល្លារ។

លោក ជូង ជូងឺ មេធាវីរបស់លោក សុន ឆ័យ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅព្រលប់ថ្ងៃទី១៥ធ្នូនេះ ដូច្នេះថា៖«ខ្ញុំ អត់បានចូលស្តាប់ផ្ទាល់ក្នុងសវនាការទេ តែអ្នកដែលបានចូលស្តាប់ បានហៅទូរស័ព្ទមកប្រាប់ខ្ញុំថា សាលាឧទ្ធរណ៍ បានសម្រេចប៉ុណ្ណឹងមែន»។

លើសពីនេះ សាលាឧទ្ធរណ៍ តម្រូវលោក សុន ឆ័យ បន្ថែមប្រាក់ច្រើនជាងមុន ដែលត្រូវបង់ជូនរដ្ឋ និងជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ បើតាមការសម្រេចរបស់សាលាឧទ្ធរណ៍ ពីមុនតុលាការភ្នំពេញ សម្រេចឲ្យលោក បង់៨លានរៀល ចូលទៅរដ្ឋ ត្រូវប្តូរមកបង់១០លានរៀល ហើយពីមុន តុលាការភ្នំពេញ សម្រេចឲ្យលោក បង់៩លានរៀលជូនទៅគ.ជ.ប ត្រូវប្តូរមកបង់១០លានរៀល។

សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយតបពីលោក សុន ឆ័យ បានឡើយ ដោយសារលោក មិនទទួលការហៅចូល។ លោកមេធាវី ជូង ជូងី អះអាងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា លោក នឹងជួបលោក សុន ឆ័យ ជាកូនក្តីក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាគ្នាពីការដាក់បណ្តឹងតវ៉ាទៅកាន់តុលាការកំពូល។

សូមរម្លឹកថា កាលពីដើមខែតុលា ឆ្នាំ២០២២ តុលាការភ្នំពេញ បានប្រកាសសាលដីកា ដោយសម្រេចឲ្យលោក សុន ឆ័យ ចាញ់ក្តីគណបក្សប្រជាជនកម្ពុជា និងគ.ជ.ប។ ក្រោយមក គឺនៅខែវិច្ឆិកា ឆ្នាំ២០២២ តុលាការភ្នំពេញ ក៏ចេញដីកា១ដោយឡែកទៀត ស្តីពីការរឹបអូសយកដីនិងអគារ២កន្លែងរបស់លោកជាបណ្តោះអាសន្ន ដោយ១កន្លែង នៅរាជធានីភ្នំពេញ និង១កន្លែង នៅខេត្តសៀមរាប។

តុលាការ សំអាងហេតុផលថា ការរឹបអូសយកដីនិងអគាររបស់លោកជាបណ្តោះអាសន្ន ដោយសារលោក គ្មានឆន្ទៈបង់ប្រាក់ទៅគណបក្សប្រជាជនកម្ពុជា និងគ.ជ.ប។ ដោយមិនសុខចិត្ត លោក សុន ឆ័យ ក៏ដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីសុំជំទាស់នឹងការសម្រេចរបស់តុលាការភ្នំពេញ តែត្រូវចាញ់ក្តីដដែល ហើយថែមទាំងត្រូវបង់ប្រាក់អស់ច្រើនជាងមុនថែមទៀត។

អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ត្រូវគណបក្សប្រជាជនកម្ពុជា និងគ.ជ.ប ប្តឹង ដោយសារលោក និយាយជាមួយសារព័ត៌មានថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ស្ថិតក្រោមការគ្រប់គ្រងស្ទើរទាំងស្រុងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ហើយការរាប់សន្លឹកឆ្នោត មានការលួចបន្លំ៕

Tag:
 សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com