ជាតិ
សង្គមជាតិ
សមត្ថកិច្ចព្រះសីហនុ ចាប់ចិន៧នាក់ ដែលព្រួតគ្នាបង្ខាំងចិនគ្នាឯង ដើម្បីជំរិតទារប្រាក់
16, Dec 2022 , 11:59 am        
រូបភាព
បុរសចិនជាជនសង្ស័យទាំង៧នាក់ ដែលសមត្ថកិច្ចខេត្តព្រះសីហនុចាប់បាន (រូបពីទំព័រហ្វេសប៊ុក៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)
បុរសចិនជាជនសង្ស័យទាំង៧នាក់ ដែលសមត្ថកិច្ចខេត្តព្រះសីហនុចាប់បាន (រូបពីទំព័រហ្វេសប៊ុក៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)
កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានចុះធ្វើប្រតិបត្តិការបង្ក្រាបបុរសជនជាតិចិន១ក្រុម ដែលចាប់បង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារប្រាក់។ ប្រតិបត្តិការនេះ ធ្វើឡើងតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២មកម្ល៉េះ ដោយលទ្ធផល សមត្ថកិច្ច ចាប់បានជនល្មើសជាជនជាតិចិន៧នាក់ និងជួយបុរសជនជាតិចិនម្នាក់ ដែលជាជនរងគ្រោះ។ 
 
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះថា ក្រោយទទួលបានដំណឹងពីសញ្ញាតិរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ច បានចុះទៅជួយសង្គ្រោះភ្លាមៗ។ លោកស្នងការ បញ្ជាក់ដូច្នេះថា៖«[ក្រុមជនល្មើស] មិនទាន់បានធ្វើអី [លើជនរងគ្រោះ] ទេ ហើយក៏មិនទាន់បានទទួលប្រាក់ពីជនរងគ្រោះដែរ»។ 
  
ទំព័រហ្វេសប៊ុកឈ្មោះ «ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ» ផ្សព្វផ្សាយថា សមត្ថកិច្ច ទទួលបានបណ្តឹងពីករណីបង្ខាំងមនុស្សនេះ តាមប្រព័ន្ធទូរស័ព្ទ ហើយលោក ជួន ណារិន្ទ ក៏ចេញបញ្ជាឲ្យកងកម្លាំងចុះទៅបង្ក្រាបក្រុមជនល្មើស និងជួយសង្គ្រោះជនរងគ្រោះ ក្នុងវីឡា១កន្លែង ដែលស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ទំព័រហ្វេសប៊ុកនេះ បានឲ្យដឹងទៀតថា ក្រៅពីចាប់ជនល្មើសទាំង៧នាក់ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួន រួមមាន កាំភ្លើងខ្លី២ដើម ខ្នោះដៃ៥គូ ដំបងឆក់៥ ឧស្ម័នបង្ហូរទឹកភ្នែក៣ដប ស្កុតរុំ២ដុំ និងរថយន្ត២គ្រឿង ។ល។ 
 
ប្រភពខាងលើ បញ្ជាក់ថា កម្លាំងសមត្ថកិច្ច បានបញ្ជូនសំណុំរឿង និងជនសង្ស័យ​ទាំង៧នាក់​ ទៅតុលាការខេត្តព្រះសីហនុហើយ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់​។ ផ្អែកតាមប្រភពដដែលនេះ ក្រៅពីជនសង្ស័យទាំង៧នាក់នោះ កម្លាំងសមត្ថកិច្ច នៅបន្តស្រាវជ្រាវរកជនសង្ស័យផ្សេងទៀត ដែលនៅសេសសល់៕ 
 

Tag:
 ករណីបង្ខាំងមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com