ជាតិ
សង្គមជាតិ
ស្រ្តីខ្មែរម្នាក់ រងការធ្វើបាបយ៉ាងឃោរឃៅនៅថៃ, ប៉ូលិស កំពុងតាមចាប់ជនល្មើស២នាក់
16, Dec 2022 , 4:39 pm        
រូបភាព
បុរសទាំង២នាក់ ដែលត្រូវសង្ស័យថា ជាជនដៃដល់ដែលធ្វើអំពើឃោរឃៅលើស្រ្តីខ្មែរជាអ្នកគូរគំនូរ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ សកម្មភាពពួកគេដើរ ត្រូវថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព។ រូបពីកាសែតបាងកកប៉ុស្តិ៍
បុរសទាំង២នាក់ ដែលត្រូវសង្ស័យថា ជាជនដៃដល់ដែលធ្វើអំពើឃោរឃៅលើស្រ្តីខ្មែរជាអ្នកគូរគំនូរ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ សកម្មភាពពួកគេដើរ ត្រូវថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព។ រូបពីកាសែតបាងកកប៉ុស្តិ៍
ដោយ៖ ទេពញាណ 
 
ស្រ្តីខ្មែរជាអ្នកគូរគំនូរម្នាក់ ត្រូវបានជនបរទេស២នាក់ក្នុងប្រទេសថៃ ប្រើហិង្សាយ៉ាងធ្ងន់ធ្ងរលើនាង។ ជនល្មើសទាំង២នាក់នោះ ត្រូវសង្ស័យថា ជាជនជាតិប៉ូឡូញ។ 


កាសែតបាងកកប៉ុស្តិ៍របស់ថៃ ចុះផ្សាយកាលពីថ្ងៃទី៩ ខែធ្នូថា ស្រ្តីខ្មែរជាជនរងគ្រោះ ត្រូវជនបរទេសទាំង២នាក់ ឆូតមុខដោយកាំបិត យកញញួរវាយនាង និងយកទឹកអាស៊ីជះលើអង្គជាតិរបស់នាង ជាដើម។ អំពើឃោរឃៅនេះ កើតឡើងក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃ តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២២ តែទើបនឹងខ្ចរខ្ចាយពេលឈានចូលខែធ្នូនេះ។ 
 
បើតាមកាសែតបាងកកប៉ុស្តិ៍ ប៉ូលិសថៃ បានស្នើសុំទៅបូលិសអន្តរជាតិ ឬអាំងតែប៉ូល (Interpol) ដើម្បីតាមចាប់ជនដៃដល់។ កាសែតបាងកកប៉ុស្តិ៍ បន្តថា ក្រុមស៊ើបអង្កេត កត់សម្គាល់អត្តសញ្ញាណជនល្មើសបានខ្លះហើយ ដោយម្នាក់ មានវ័យ២២ឆ្នាំ និងម្នាក់ទៀត មានវ័យ៣១ឆ្នាំ ហើយពួកគេ ជាជនជាតិប៉ូឡូញ។ 
 
របាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលផ្ញើជូនទៅក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ជនល្មើស ត្រូវសង្ស័យថា ជាជនជាតិប៉ូឡូញ ឬរុស្ស៊ី។ សារព័ត៌មានថ្មីៗ (Thmeythmey) ទទួលបានរបាយការណ៍នេះពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា តាមបណ្តាញតេឡេក្រាម នៅថ្ងៃទី១៦ ខែធ្នូនេះ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ដូច្នេះថា៖«ស្ថានទូត [កម្ពុជា] បានសម្របសម្រួលជាមួយអាជ្ញាធរ [ថៃ] ដោះស្រាយហើយ»។
 
របាយការណ៍ សរសេរថា ស្រ្តីខ្មែរជាជនរងគ្រោះ ដែលមានវ័យ៣០ឆ្នាំ បានទៅដល់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីអំឡុងពាក់កណ្តាលខែវិច្ឆិកា ដើម្បីដាក់ពាក្យបណ្តឹងអំពីករណី ដែលនាងរងអំពើឃោរឃៅ។ របាយការណ៍ បន្ថែមថា នាង បានចាញ់បោកនារីម្នាក់តាមអនឡាញ ដោយនាង ត្រូវបាននារីនោះ ទាក់ទងឲ្យទៅជួបពិភាក្សាគ្នាពីការតុបតែងហាង ដែលគ្រោងនឹងបើកថ្មីនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ តែពេលទៅដល់ នាង បែរជាជួបជនបរទេសជាជនដៃដល់ទាំង២នាក់នោះទៅវិញ។
 
ផ្អែកតាមរបាយការណ៍ដដែល ក្នុងអំឡុងពេលដែលនាងកំពុងព្យាបាល ជនល្មើស បានឆ្លៀតផ្ញើសារទៅគំរាមនាង និងក្រុមគ្រួសាររបស់នាងនៅប្រទេសកម្ពុជា។ នាង ស្នើឲ្យអាជ្ញាធរកម្ពុជា ជួយការពារគ្រួសាររបស់នាង៕ 
 
 
 

Tag:
 ករណីប្រើហិង្សាលើស្រ្តីខ្មែរនៅថៃ
© រក្សាសិទ្ធិដោយ thmeythmey.com