ជាតិ
សង្គមជាតិ
ធ្លាប់ជាសាស្រ្តាចារ្យកាសែតនៅកម្ពុជា លោក Marc Legras បានលាចាកលោក…
17, Dec 2022 , 12:58 pm        
រូបភាព
ភ្នំពេញ៖ លោក Marc Legras ដែលធ្លាប់បានបង្រៀនជំនាញទូរទស្សន៍នៅក្នុងប្រទេសកម្ពុជាក្នុងទសវត្សរ៍៩០ និង២០០០ បានលាចាកលោកកាលពីថ្ងៃពុធទី១៤ខែធ្នូឆ្នាំ២០២២ដោយរោគាពាធក្នុងអាយុ៧៨ឆ្នាំ។ និស្សិតជនជាតិខ្មែរ និងមិត្តភក្តិរបស់លោកនៅក្នុងប្រទេសកម្ពុជាសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ធនធានមនុស្សដ៏កម្ររូបនេះ។
 
 
លោក Marc Legras គឺជាអ្នកសារព័ត៌មានដ៏ល្បីល្បាញមួយរូបនៃទូរទស្សន៍ France2 នៅក្នុងប្រទេសបារាំង។ ក្រៅពីកិច្ចការជាអ្នកសារព័ត៌មាន លោក គឺជាអ្នកជាដឹកនាំកម្មវិធីសំខាន់ៗនៅក្នុងស្ថាប័ន France2 ហើយស្របពេលជាមួយគ្នាលោកក៏បានបង្កើតវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាននៅក្នុងប្រទេសជាច្រើន ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។ 
 
លោក Marc Legras ដែលត្រូវបានកូនសិស្សរបស់លោក និងមិត្តភក្តិរបស់លោកចាត់ទុកថា ជាមនុស្សល្អឥតខ្ចោះនោះ បានចូលរួមបណ្តុះបណ្តាលធនធានមនុស្សផ្នែកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍៩០ និង២០០០។ លោកបានបណ្តុះបណ្តាលនិស្សិតសារព័ត៌មានក្នុងដេប៉ាត់តឺម៉ង់បារាំងនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកធ្លាប់បានបណ្តុះបណ្តាលអ្នកសារព័ត៌មាននៃកម្មវិធី Rendez-vous នៃទូរទស្សន៍ជាតិកម្ពុជា និងមន្រ្តីនៃក្រសួងព័ត៌មានដទៃទៀត។ ការបាត់បង់រូបលោក Marc Legras បានធ្វើឲ្យនិស្សិតដែលធ្លាប់ជាកូនសិស្សសម្តែងការសោកស្តាយជាពន់ពេក។ 
 
លោក ស៊ុយ សុធា ដែលធ្លាប់ជាកូនសិស្សលោក Marc Legras បានបង្ហាញអារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖«លោកបានចែករំលែកបទពិសោធន៍ជាច្រើនដល់ពួកយើង ហើយអ្វីដែលលោកគ្រូបានផ្តល់ឲ្យនោះ គឺខ្ញុំជឿជាក់ថាកូនសិស្សលោកគ្រូ នឹងមិនបំភ្លេចលោកគ្រូឡើយ។ សូម Marc សម្រាកឲ្យបានស្ងប់ស្ងាត់ ហើយពួកយើងនូវតែចងចាំអ្នកជានិច្ច។ Adieu Marc! Reposes-toi en paix!»។ 
មិនមែនមានតែលោក ស៊ុយ សុធា ម្នាក់ប៉ុណ្ណោះទេដែលសម្តែងការក្តុកក្តួលនោះ តាមពិត កូនសិស្សដទៃទៀត ក៏បានចែករំលែកដំណឹងមរណភាពលោក Marc Legras ដោយភ្ជាប់មកជាមួយនូវពាក្យពេចន៍សោកស្តាយ និងដឹងគុណចំពោះការចែលរំលែកចំណេះដឹង និងចំណេះធ្វើនាពេលកន្លងមក។
 
ងាកមកលោក  Pierre Gillette អតីតនិពន្ធនាយកកាសែតបារាំង Cambodge Soir ឯណេះវិញ លោកក៏បានសម្តែងការអាណិតអាសូរចំពោះការបាត់បង់មិត្តរួមអាជីពដ៏ល្អរូបនេះដែរ។ លោកបានសរសេរនៅលើទំព័រហ្វេប៊ុករបស់លោកថា៖«ប្រសិនបើផែនដីយើងនេះមានមនុស្សល្អច្រើននាក់ដូចលោក Marc Legras  នោះដូចជាមិនចាំបាច់មានឋានសួគ៌ក៏បានដែរ»។ សំណេររបស់លោក Pierre Gillette ចង់បង្ហាញអត្ថន័យថា មនុស្សគ្រប់រូប ក្រោយលាចាកលោកតែងតែប្រាថ្នាចង់ទៅកាន់ឋានសួគ៌ តែសម្រាប់លោក Marc Legras ដែលជាមនុស្សល្អ, ផែនដី គឺគ្រប់គ្រាន់សម្រាប់ជីវិតលោករួចទៅហើយ។ ហើយបើមានមនុស្សល្អច្រើននៅលើផែនដីទៀតនោះ គឺវារឹតតែល្អប្រសើរទៅទៀត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com