ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ជិះកង់ពី បារាំង មកបង្កើតសាលាជួយកូនខ្មែរនៅខេត្តសៀមរាប
18, Dec 2022 , 9:53 am        
រូបភាព
សៀមរាប៖ លោក Paul Dubrule ជាអតីតចៅហ្វាយក្រុង និងជាសមាជិកព្រឹទ្ធសភានៃប្រទេសបារាំង កាលពី២០ឆ្នាំមុន បានធ្វើដំណើរដោយជិះកង់ប្រមាណជា ១៥ ០០០ គីឡូម៉ែត្រពីប្រទេសបារាំង និងបានឆ្លងកាត់ប្រទេសជាច្រើន ដើម្បីមកសម្ពោធសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រូល នៅក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០០២។


កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ លោក Paul Dubrule និងក្រុមការងារបានប្រារព្ធខួប២០ឆ្នាំនៃការបង្កើតសាលារបស់ខ្លួន។ ស្ថិតនៅក្នុងអាយុ៨៨ឆ្នាំ លោកនៅបន្តជិះកង់នៅក្នុងខេត្តសៀមរាបជាច្រើនគីឡូម៉ែត្រដដែល។ សាលាខាងលើនេះ បានបណ្តុះបណ្តាលជំនាញបដិសណ្ឋាកិច្ច សេវាកម្មទេសចរណ៍ មគ្គុទេសក៍។ល។ ក្នុងរយៈពេល២០ឆ្នាំនេះ សិស្សនិសិ្សតមិនតិចជាង៤ពាន់នាក់ទេ ដែលបានឆ្លងកាត់សាលាដ៏ល្បីល្បាញមួយនេះ នៅក្នុងខេត្តសៀមរាប។ ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញអានបទសម្ភាសរវាងអ្នកសារព័ត៌មាន Thmeythmey.com លោក គី សុខលីម និង លោក Paul Dubrule ស្ថានិកនៃសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រូល នៅក្នុងខេត្តសៀមរាបដូចតទៅ៖



លោក គី សុខលីម៖ ខ្ញុំសូមអរគុណលោកដែលបានទទួលខ្ញុំនៅក្នុងសាលាទេសចរណ៍ និងបដិសណ្ឋាកិច្ចរបស់លោកនៅក្នុងខេត្តសៀមរាប។ ខ្ញុំពិតជាមានកិត្តិយសមែនទែនដែលលោកជាស្ថាបនិកនៃសាលាផ្ទាល់ហើយបានទទួលខ្ញុំ។ សាលារបស់លោកបានបង្កើតឡើងកាលពី២០ឆ្នាំមុន តែព័ត៌មានតែធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងជាងសាលាទៅទៀតនោះ គឺថា លោកបានធ្វើដំណើរដោយជិះកង់មកប្រទេសកម្ពុជាពីប្រទេសបារាំងក្នុងចម្ងាយផ្លូវប្រហែលជា១ម៉ឺន៥ពាន់គីឡូវម៉ែត្រដើម្បីបង្កើតសាលានេះ។ តើអ្វីទៅជាហេតុផលនៅពីក្រោយការសម្រេចចិត្តរបៀបនេះ? 
 
លោក Paul Dubrule៖ ខ្ញុំជិះ ១៤៥៩៨ គីឡូម៉ែត្រ! 
 
លោក គី សុខលីម៖ ហ្នឹងហើយ! តើអ្វីទៅជាហេតុផលនៅពីក្រោយការសម្រេចចិត្តរបៀបនេះ កាលពី២០ឆ្នាំមុន? ខ្ញុំចង់ដឹងរឿងរ៉ាវទាំងនេះ ជាពិសេសទាក់ទងទៅនឹងកង់របស់លោក។ 
 
លោក Paul Dubrule៖ ជាដំបូង ខ្ញុំសូមអរគុណដែលលោកបានមកជួប និងសួរសំណួរនេះមកកាន់ខ្ញុំ។ សំណួរនេះ ធ្វើឲ្យខ្ញុំនៅតែចង់និយាយ និងចង់ឆ្លើយជារៀងដរាប ជាពិសេស សួរពីអ្វីដែលខ្ញុំបានធ្វើ គឺវានៅតែសំខាន់។ ខ្ញុំសូមបញ្ជាក់បន្តិចថា កាលនោះ(២០ឆ្នាំមុន) ខ្ញុំ គឺជាចៅហ្វាយក្រុង Fontainebleau និងជាសមាជិកព្រឹទ្ធសភា។ ពេលនោះ ខ្ញុំបានចូលរួមបង្កើតឲ្យមានសម័ន្ធមេត្រីរវាងខេត្តសៀមរាប និងទីក្រុង Fonatinebleau។ ពេលនោះដដែល ខ្ញុំគិតថា គឺជាពេលវេលានៃការបញ្ចប់ការលំបាកក្រោយរបបប៉ុលពត ហើយវាក៏ជាពេលវេលាដែលកម្ពុជាខ្វះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ។ អ៊ីចឹង ខ្ញុំក៏គិតថា Fontaineleau គួរបង្កើតសាលាមួយ នៅសៀមរាប ព្រោះ Fontainebleau មានសាលាច្រើនណាស់ ជាពិសេស ក្នុងនាមខ្ញុំជាចៅហ្វាយក្រុង Fontainebleau ផង ខ្ញុំគិតថា យើងត្រូវតែបង្កើតសាលា។ ម្យ៉ាងទៀត ពេលនោះ គាប់ជួន ខ្ញុំចាញ់ឆ្នោតលែងបានធ្វើជាចៅហ្វាយក្រុងទៀតផង។ 



លោក គី សុខលីម៖ កាលនោះ លោកចាញ់ឆ្នោតគណៈបក្សណាដែរ? 
 
លោក Paul Dubrule៖ គណបក្សស្តាំនិយម។ អ៊ីចឹង ខ្ញុំក៏គិតថា ខ្ញុំនឹងបង្កើតសាលានៅខេត្តសៀមរាប ក្នុងនាមខ្លួនឯងផ្ទាល់តែម្តងទៅ។ ដោយសារខ្ញុំចាញ់ឆ្នោត ខ្ញុំក៏មានពេលកាន់តែច្រើន ដូច្នេះខ្ញុំគិតថា ខ្ញុំនឹងធ្វើដំណើរពីប្រទេសបារាំង មកកម្ពុជាដោយកង់ ហើយក្នុងអំឡុងក្នុងពេលដែលខ្ញុំកំពុងជិះកង់ ការសាងសង់សាលារយៈពេលមួយឆ្នាំនឹងត្រូវបញ្ចប់។ រយៈពេល១ឆ្នាំននោះ មានន័យថា គឺជាពេលវេលាដែលខ្ញុំអាចជិះកង់ មកដល់ខេត្តសៀមរាប ហើយខ្ញុំអាចសម្ពោធសាលាហ្នឹងតែម្តងទៅ។ 
 
លោក គី សុខលីម៖ លោកចាកចេញពីប្រទេសបារាំង តើពីផ្នែកណានៃប្រទេសបារាំងដែរ? 
 
លោក Paul Dubrule៖ ពីតំបន់ Fontainebleau ក្បែររាជធានី ប៉ារីសដែរ។ 
 


លោក គី សុខលីម៖ ពីបាំងមកកម្ពុជា តើលោកធ្វើដំណើរដោយឆ្លងកាត់ប្រទេសណាខ្លះដែរ? អស់រយៈពេលប៉ុន្មាន? ប៉ុន្មានគីឡូម៉ែត្រដែរ? 
 
លោក Paul Dubrule៖ មានទែនទៅ ខ្ញុំចំណាយពេល៨ខែ។ ចម្ងាយ គឺតិចជាង១ម៉ឺន៥ពាន់គីឡូម៉ែត្រ។ ខ្ញុំឆ្លងកាត់ប្រទេសអាល្លឺម៉ង់ អូទ្រីស ហុងគ្រី អ៊ុយក្រែន រុស្សី …។ 
 
លោក គី សុខលីម៖ ចុះប្រទេសនៅក្នុងទ្វីបអាស៊ី តើលោកឆ្លងកាត់ប្រទេសណាខ្លះ? 
 
លោក Paul Dubrule៖ ប្រទេសចិន តំបន់ទីបេ ឡាវ ថៃ និងកម្ពុជា។ ពីប្រទេសថៃ ខ្ញុំចូលតាមព្រំដែនច្រកប៉ោយបែត មុនមកដល់ខេត្តសៀមរាប។ 
លោក គី សុខលីម៖ ពេលលោកធ្វើដំណើរដោយជិះកង់ តើលោកធ្វើដំណើរតែម្នាក់ឯង ឬលោកធ្វើដំណើរជាមួយក្រុមការងារ មិត្តភក្តិ? 
 
លោក Paul Dubrule៖ តាមពិត ខ្ញុំមានរថយន្ត Pick up ធ្វើដំណើរតាមពីក្រោយខ្ញុំ ហើយក្នុងរថយន្តនោះ មានរបស់របរហូបចុកដែរ។ 



លោក គី សុខលីម៖ ខ្ញុំសុំសួរថយក្រោយបន្តិចថា តើកត្តាអ្វីទៅដែលជំរុញឲ្យលោកសម្រេចចិត្តជិះកង់ពីបារាំងមកកម្ពុជា ក្រៅពីរឿងចាញ់ឆ្នោត? 
 
លោក Paul Dubrule៖ ពីព្រោះថា រៀងរាល់ឆ្នាំ ខ្ញុំជិះកង់ច្រើនគីឡូម៉ែត្រណាស់។ វា គឺជាកីឡាដែលខ្ញុំចូលចិត្តខ្លាំងណាស់។ ខ្ញុំជិះកង់ទៅប្រទេសអ៊ីតាលី និងប្រទេសដទៃទៀតច្រើនណាស់ អ៊ីចឹង ពេលនោះ ចាញ់ឆ្នោតផង បូកផ្សំនឹងក្តីសុបិនចង់ធ្វើដំណើរដ៏វែងឆ្ងាយទៀតផង ខ្ញុំក៏សម្រេចចិត្តធ្វើវាតែម្តងទៅ។ ពេលខ្ញុំជិះមកដល់ខេត្តសៀមរាប សាលារៀនសង់រួច ហើយ សិស្សចំនួន៦០នាក់ដំបូងបានដើរមករកខ្ញុំ។ 
 
លោក គី សុខលីម៖ រឿងរ៉ាវកង់ និងសាលារបស់លោក គឺសំខាន់ណាស់។ តើអ្វីទៅជាទំនាក់ទំនង រវាងសាលា និងកង់របស់លោក? 
 
លោក Paul Dubrule៖ ពិតជាមានទំនាក់ទំនងគ្នាខ្លាំងណាស់ ដូច្នេះហើយបានជាខ្ញុំរក្សាវានៅខាងលើជញ្ជាំងយ៉ាងស្រួលបួលមែនទែន។ ខ្ញុំចូលចិត្តជិះកង់ និងម្ស៉ាងទៀត ខ្ញុំចង់បង្កើតសាលារៀន អ៊ីចឹងខ្ញុំក៏ដាក់គំនិតទាំងពីរហ្នឹងជាមួយគ្នាតែម្តង។ 
លោក គី សុខលីម៖ ក្នុងរយៈពេល២០ឆ្នាំ តើសាលារបស់លោកបណ្តុះបណ្តាលសិស្សបានចំនួនប៉ុន្មាននាក់ដែរ? 
 
លោក Paul Dubrule៖ ប្រមាណជា៤ពាន់នាក់។ ចំនួននេះច្រើន ព្រោះយើងបានចាប់ផ្តើមជាមួយសិស្ស៣០០នាក់។ 
 
លោក គី សុខលីម៖ តើលោកសប្បាយចិត្តនឹងសមិទ្ធផលរបស់លោកដែរឬទេ? 
 
លោក Paul Dubrule៖ ពិតហើយ ព្រោះ ការបណ្តុះបណ្តាលរបស់យើងឆ្លើយតបទៅនឹងតម្រូវការទីផ្សារម្យ៉ាង និងម្យ៉ាងទៀត សាលារបស់យើងមានកេរ្តិ៍ឈ្មោះល្អ៕

© រក្សាសិទ្ធិដោយ thmeythmey.com