ជាតិ
សង្គមជាតិ
គ្រឿងញៀនប្រមាណ៥តោន ត្រូវរឹបអូសបាន ក្នុងឆ្នាំ២០២២
19, Dec 2022 , 1:59 pm        
រូបភាព
គ្រឿងញៀងជិត៥០គីឡូក្រាម ត្រូវសមត្ថកិច្ចកម្ពុជា រឹបអូសបានកាលពីខែកក្កដា ឆ្នាំ២០២២។ រូបពីមន្ទីរប្រឆាំងគ្រឿងញៀន
គ្រឿងញៀងជិត៥០គីឡូក្រាម ត្រូវសមត្ថកិច្ចកម្ពុជា រឹបអូសបានកាលពីខែកក្កដា ឆ្នាំ២០២២។ រូបពីមន្ទីរប្រឆាំងគ្រឿងញៀន
លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប៉ាន់ប្រមាណក្រៅផ្លូវការថា ចាប់តាំងពីខែមករា ដល់ជិតដំណាច់ខែធ្នូ ឆ្នាំ២០២២នេះ គ្រឿងញៀនប្រហែល៥តោន ត្រូវសមត្ថកិច្ចកម្ពុជា រឹបអូសបាន។ លោក ពុំអាចចាំឡើយថា ក្នុងរយៈពេលនេះ សមត្ថកិច្ចកម្ពុជា បង្ក្រាបបទល្មើសគ្រឿងញៀនបានប៉ុន្មានករណី។


ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ លោក មាស វីរិទ្ធ លើកហេតុផលធំ១ ក្នុងចំណោមហេតុផលធំៗដទៃទៀតថា គ្រឿងញៀន បន្តហូរចូលកម្ពុជា ដោយសារចរន្តទីផ្សារគ្រឿងញៀនលើពិភពលោក នៅតែបន្តកើនឡើង។ លោក អះអាងដូច្នេះថា៖«ភាគច្រើន [នៃគ្រឿងញៀន ដែលយើងចាប់បាន] គឺមានទិសដៅនាំចេញទៅប្រទេសទី៣»។ 
 
យ៉ាងណាក៏ដោយ លោកអគ្គលេខាធិការរូបនេះ មិនអាចបញ្ជាក់បាននោះទេថា ប្រទេសទី៣ ដែលឧក្រិដ្ឋជន តែងនាំចេញគ្រឿងញៀនចេញពីកម្ពុជាទៅច្រើនជាងគេនោះ គឺជាប្រទេសមួយណា។ លោក លើកឡើងថា បច្ចុប្បន្ន អាជ្ញាធរកម្ពុជា កំពុងសិក្សាស្រាវជ្រាវ និងផ្លាស់ប្តូរព័ត៌មានជាមួយប្រទេសជិតខាង ដើម្បីទទួលបានព័ត៌មានលម្អិតអំពីករណីនាំចូលនិងនាំចេញគ្រឿងញៀនពីកម្ពុជា។ 
 
សមត្ថកិច្ច ទើបនឹងចាប់បានគ្រឿងញឿនជិត៩០០គីឡូក្រាម ក្នុងខេត្តព្រះសីហនុ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២២នេះ។ ករណីនេះ អាចចាត់ទុកជាករណីបង្ក្រាបគ្រឿងញឿនដ៏ធំចុងក្រោយ នៅជិតដំណាច់ឆ្នាំ២០២២នេះ។ 
 
ជាការកត់សម្គាល់ មេខ្លោងគ្រឿងញៀនធំៗ គឺជាជនបរទេស ដោយក្នុងនោះ ភាគច្រើន គឺជាជនជាតិចិនដីគោក​និងចិនតៃវ៉ាន់។ ជាក់ស្តែង មុខសញ្ញាជនសង្ស័យ ដែលពាក់នឹងគ្រឿងញៀនជិត៩០០គីឡូក្រាមខាងលើ គឺភាគច្រើនជាជនជាតិចិនដីគោក និងជាចិនតៃវ៉ាន់។ 
 
យោងតាមរបាយការណ៍ ក្នុងឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា ចាប់បានគ្រឿងញៀនជាង៤,៥តោន ឯកាលពីឆ្នាំ២០២០ គ្រឿងញៀនប្រមាណ៣តោន ត្រូវរឹបអូសបាន៕ 
 
 
 

Tag:
 គ្រឿងញឿន
© រក្សាសិទ្ធិដោយ thmeythmey.com