ជាតិ
​​​ន​យោ​បាយ​ជាតិ​
សំណុំរឿងលោក កឹម សុខា៖ អ្វី ជាការធ្វើសេចក្តីសន្និដ្ឋាន?
20, Dec 2022 , 11:09 am        
រូបភាព
ពីស្តាំដៃទៅ៖ អ្នកស្រីមេធាវី ម៉េង សុភារី
ពីស្តាំដៃទៅ៖ អ្នកស្រីមេធាវី ម៉េង សុភារី
ដោយ៖ ទេពញាណ 
តុលាការភ្នំពេញ នឹងបើកសវនាការ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។


អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗថា ក្រុមមេធាវី និងលោក កឹម សុខា នឹងទៅចូលរួមសវនាការ។ អ្នកស្រី បន្តថា ក្រុមមេធាវី នឹងបង្ហាញពីភាពត្រឹមត្រូវ និងភាពស្អាតស្អំរបស់លោកកឹម សុខា ដែលមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ 
 
អ្នកស្រី ពន្យល់ថា ការធ្វើសេចក្តីសន្និដ្ឋាន គឺជាការសរុបរួមពីអ្វីដែលគ្រប់ភាគីបានសួរដេញដោលគ្នា និងជាការប្រមូលភស្តុរបស់ភាគីនីមួយៗ យកទៅធ្វើសេចក្តីសន្និដ្ឋាន។ លោកស្រី ពន្យល់ទៀតថា ក្រុមមេធាវីខាងអ្នកស្រី នឹងបង្ហាញភស្តុតាង និងសាក្សីកម្ម ដើម្បីដោះបន្ទុកពីការចោទប្រកាន់លោក កឹម សុខា ឯភាគីដទៃ ក៏នឹងស្វែងរកចំណុចដែលជាប់ពាក់ព័ន្ធ យកទៅធ្វើជាសំអាងរបស់គេដែរ។ 
 
អ្នកស្រីមេធាវី មានប្រសាសន៍ដូច្នេះថា៖«ចៅក្រម គាត់សម្រេចយ៉ាងម៉េច យើង អត់ដឹងទេ។ តែក្នុងតួនាទីយើងជាអ្នកការពារសិទ្ធិដល់ឯកឧត្តម កឹម សុខា យើង នឹងលើកចំណុចអវិជ្ជមានក្នុងការចោទប្រកាន់លើគាត់ និងលើកចំណុចដែលយើងចង់បង្ហាញភាពស្អាតស្អំរបស់គាត់ ជូនទៅអង្គសវនាការ ហើយយើង នៅតែទាមទារឲ្យទម្លាក់ចោលនូវបទចោទប្រកាន់មកលើគាត់»។ 
 
ក្រោយធ្វើសេចក្តីសន្និដ្ឋានរួច តើសំណុំរឿងរបស់លោក កឹម សុខា នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះឬ? អ្នកស្រី ម៉េង សុភារី ឆ្លើយថា សំណុំរឿងនេះ នៅសល់តែ២ដំណាក់កាលប៉ុណ្ណោះ គឺការធ្វើសេចក្តីសន្និដ្ឋាន និងការប្រកាសសាលក្រម។ អ្នកស្រី បន្ថែមថា ការប្រកាសសាលក្រម នឹងត្រូវធ្វើឡើងក្រោយបញ្ចប់ការធ្វើសេចក្តីសន្និដ្ឋាន តែបើការប្រកាសសាលក្រម មិនអាចធ្វើឡើងភ្លាមៗទេ ដោយក្រុមប្រឹក្សាជំនុំជម្រះត្រូវការពេលវេលាពិចារណានោះ ការប្រកាសសាលក្រម នឹងត្រូវលើកទៅពេលក្រោយ។ អ្នកស្រី និយាយតាមផ្លូវច្បាប់ថា ក្រោយក្រុមប្រឹក្សាជំនុំជម្រះប្រកាសសាលក្រមរួច បើភាគីណាមិនសុខចិត្ត ភាគីនោះ អាចប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍។ 
 
សំណុំរឿងរបស់លោក កឹម សុខា ត្រូវបានតុលាការ សម្រេចបិទបញ្ចប់ការសួរដេញដោល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ទម្រាំឈានដល់ការបិទបញ្ចប់នីតិវិធីសួរដេញដោល សំណុំរឿងនេះ ត្រូវអូសបន្លាយអស់រយៈពេលជាង៥ឆ្នាំ ហើយត្រូវឆ្លងកាត់ការបើកសវនាការអស់ជាង៦០លើក។ ហើយដោយសារសំណុំរឿងនេះ មេដឹកនាំប្រឆាំងលំដាប់កំពូលរូបនេះ បានអវត្តមានពីឆាកនយោបាយអស់ជាង៥ឆ្នាំមកហើយ។ លោក ត្រូវតុលាការ ចោទប្រកាន់តាំងពីឆ្នាំ២០១៧មក ពីសន្ទិដ្ឋភាពជាមួយបរទេស ឬនិយាយជាភាសាមញ្ញថា លួចពឹងពាក់បរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕ 
 

Tag:
 សំណុំរឿងលោក កឹម សុខា
  ម៉េង សុភាវី
© រក្សាសិទ្ធិដោយ thmeythmey.com