អន្តរជាតិ
ក្រុមគ្រួសារកូនភ្លោះ៩នាក់ ចាកចេញពីម៉ារ៉ុកវិលទៅរស់នៅផ្ទះខ្លួននៅម៉ាលីវិញ 21, Dec 2022 , 8:29 am
× ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រុមគ្រួសារម៉ាលីមួយបង្កើតបានកូនភ្លោះដល់ទៅ៩នាក់ក្នុងពេលតែមួយ។ ១៩ខែក្រោយចាប់កំណើត និងធំធាត់នៅម៉ារ៉ុក ទីបំផុតពួកគេបានវិលត្រឡប់ទៅម៉ាលីវិញហើយ កាលពីពេលថ្មីៗកន្លងទៅនេះ។
«មិនមែនជារឿងងាយស្រួលនោះទេ ក្នុងការបំពេឲ្យពួកគេគេងរួមគ្នា។ យើងត្រូវបីពួកគេរហូតដល់គេងលក់។ ពួកគេចូលចិត្តឲ្យបំពេបី ទើបអាចគេងលក់»។ អ្នកស្រី Halima Cisse អាយុ២៧ឆ្នាំ ដែលជាម្តាយ បានរៀបរាប់យ៉ាងដូច្នេះក្នុងបទសម្ភាសជាមួយក្រុមការងារសៀវភៅកំណត់ត្រាពិភពលោក។
កូនភ្លោះ៩ក្នុងពេលតែមួយ គឺជាកំណត់ត្រាថ្មីដែលទទួលស្គាល់ដោយ Guinness World Records ខណៈកន្លង ស្ត្រីអាម៉េរិក Nadya Suleman ជាម្ចាស់កំណត់ត្រាដែលបង្កើតបានកូនភ្លោះ៨នាក់ កាលពីឆ្នាំ២០០៩។
ដំបូងឡើយ ក្រុមវេជ្ជបណ្ឌិតនៅម៉ាលី ពិនិត្យឃើញថា អ្នកស្រី Halima មានកូនភ្លោះ៧នាក់ ប៉ុន្តែក្រោយពេលរដ្ឋាភិបាលម៉ាលីរ៉ាប់រងរាល់ការចំណាយ ដោយបញ្ជូនទៅអ្នកស្រីទៅគ្លីនិកជំនាញនៅម៉ារ៉ុក គេពិនិត្យឃើញកូនភ្លោះពីរនាក់ទៀត។
លោក Abdelkader Arby ដែលជាឪពុក បានបញ្ជាក់ថា៖ «យើងចាប់ដោយកូន៧នាក់ ហើយព្រះអល់ឡោះប្រទានឲ្យយើងមានដល់៩នាក់»។
កូនភ្លោះដែលស្រី៥នាក់ និងប្រុស៤នាក់នោះ ត្រូវបានសម្រាលតាមរយៈការវះកាត់ (Caesarean section) ក្រោយស្ថិតក្នុងផ្ទៃរយៈពេល៣០សប្តាហ៍។ ទារកម្នាក់ៗ មានទម្ងន់ចន្លោះពី០,៥គីឡូក្រាម ទៅ១គីឡូក្រាម។
កូនៗទាំង៩នាក់ និងម្តាយស្ថិតក្រោមការយកចិត្តទុកដាក់ជាពិសេស។ វេជ្ជបណ្ឌិត Dochdi Talib បានបញ្ជាក់ថា៖ «យើងត្រូវព្យាបាលម្តាយមុនគេ ដើម្បីជាក់ច្បាស់ថា គ្មានករណីហូរឈាមច្រើនក្រោយពេលសម្រាលនោះឡើយ»។
ឪពុកម្តាយនៃកុមារទាំង៩នាក់ សម្តែងការដឹងគុណជាពិសេសដល់ក្រុមគ្រូពេទ្យម៉ាលី និងម៉ារ៉ុក ដែលបានយកចិត្តទុកយ៉ាងខ្លាំងចំពោះពួកគាត់។ «ពេទ្យតាមមើលថែយើងតាំងពីព្រឹក ថ្ងៃត្រង់ និងល្ងាចជាបន្តបន្ទាប់»។ អ្នកស្រី Halima បានបញ្ជាក់យ៉ាងដូច្នេះ ដោយរំលឹកពីការប្រឹងខ្នះខ្នែងរបស់រដ្ឋាភិបាលខ្លួនផងដែរ។
លោក Abdelkader និងអ្នកស្រី Halima មានកូនស្រីអាយុ៤ឆ្នាំ ឈ្មោះ Souda ម្នាក់ហើយ។ បច្ចុប្បន្ន ពួកគាត់ស្ថិតនៅប្រទេសកំណើតរបស់ខ្លួន ដោយព្យាយាមបោះជំហានទៅមុខជាមួយកូនតូចៗទាំង១០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com