ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវីរដ្ឋាភិបាល សរសេរសេចក្តីសន្និដ្ឋានដល់ទៅ៨៦ទំព័រ ខណៈមេធាវីលោក កឹម សុខា មានត្រឹម២ទំព័រ
21, Dec 2022 , 2:29 pm        
រូបភាព
លោក កឹម សុខា ធ្វើដំណើរទៅចូលរួមសវនាការកាលពីថ្ងៃទី១៩ ខែតុល ឆ្នាំ២០២២។ រូបពី AFP
លោក កឹម សុខា ធ្វើដំណើរទៅចូលរួមសវនាការកាលពីថ្ងៃទី១៩ ខែតុល ឆ្នាំ២០២២។ រូបពី AFP
ភ្នំពេញ៖  មេធាវីខាងរដ្ឋាភិបាល បានដាក់សេចក្ដីសន្និដ្ឋានកម្រាស់៨៦ទំព័រ ទៅក្រុមប្រឹក្សាជំនុំជម្រះ ខណៈមេធាវីការពារលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ សរសេរសេចក្តីសន្និដ្ឋានតែ២ទំព័រប៉ុណ្ណោះ។ តុលាការភ្នំពេញ បានបើកសវនាការ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងរបស់លោក កឹម សុខា។


ក្នុងសវនាការ ដែលចាប់ផ្ដើមដំណើរការនៅម៉ោង៩ព្រឹក មេធាវីរបស់រដ្ឋាភិបាល បានស្នើសុំពេល១ម៉ោងកន្លះ ដើម្បីបកស្រាយលើសេចក្តីសន្និដ្ឋានរបស់ខ្លួន ហើយ ទទួលបានការយល់ព្រមពីលោក កួយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ ប៉ុន្តែការបកស្រាយរបស់មេធាវីខាងរដ្ឋាភិបាលទាំង៤នាក់ មិនមែនប្រើពេល១ម៉ោងកន្លះនោះទេ គឺ ប្រើពេលដល់ទៅ៣ម៉ោងឯណោះ។ 
 
ក្នុងការបកស្រាយនោះ មេធាវីរបស់រដ្ឋាភិបាល ភាគច្រើនបានដាក់បន្ទុកលើពាក្យសម្តីរបស់លោក កឹម សុខា ដែលនិយាយរំលេចពីភាគីបរទេសជួយគាំទ្រសកម្មភាពខ្លួន នៅក្នុងវីដេអូឃ្លីបចំនួន៣ ដែលភាគីរដ្ឋាភិបាល យកមកធ្វើជាភស្តុតាង និងជាអង្គហេតុ ក្នុងដំណើរការក្តី៦៤លើកកន្លងមកនេះ។
 
ដោយឡែកមេធាវីរបស់លោក កឹម សុខា មិនទាន់បានបកស្រាយលើសេចក្តីសន្និដ្ឋានបឋមតែ២ទំព័ររបស់ខ្លួននៅឡើយទេ ក្រោយមេធាវីខាងរដ្ឋាភិបាលបកស្រាយចប់ នៅម៉ោង១២កន្លះថ្ងៃត្រង់។ នៅម៉ោង ២រសៀលនេះ មេធាវីលោក កឹម សុខា នឹងឡើងបកស្រាយលើសេចក្តីសន្និដ្ឋានខ្លួនវិញម្ដង ដោយសុំពេលវេលា៣ម៉ោង ហើយត្រូវប្រធានក្រុមប្រឹក្សាជំនុំជម្រះអនុញ្ញាត។
 
តាមនីតិវិធី ក្រោបបញ្ចប់ការធ្វើសេចក្តីសន្និដ្ឋាន  តុលាការ នឹងប្រកាសសាលក្រម។ គេ មិនទាន់ដឹងនោះទេថា ការធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងរបស់លោក កឹម សុខា នឹងត្រូវបញ្ចប់នៅល្ងាចថ្ងៃនេះ ឬត្រូវបន្តទៅថ្ងៃក្រោយទៀត ឯការប្រកាសសាលក្រម នៅថ្ងៃណានោះ ក៏គេ មិនអាចដឹងដូចគ្នា។ 
 
ក្រៅពីសេចក្តីសន្និដ្ឋាននេះ មេធាវីរដ្ឋាភិបាល ក៏ត្រៀមដាក់បណ្ដឹងទារសំណងពីលោក កឹម សុខា ផងដែរ។ បើតាមលោក គី តិច ប្រធានមេធាវីតំណាងឲ្យភាគីរដ្ឋាភិបាល បណ្ដឹងដោយឡែកនេះ គឺទាមទារសំណងថ្លៃខូចខាត រួមទាំងការចំណាយកម្លាំងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ។ 
 
«ក្រុមមេធាវីរដ្ឋាភិបាល នឹងធ្វើបណ្ដឹងដោយឡែក ទាមទារសំណងពីលោក កឹម សុខា ក្រោយពីមានសេចក្តីសម្រេចស្ថាពរពីតុលាការ»។ នេះជាការបញ្ជាក់របស់លោក គី តិច ដែលបានបន្ថែមថា បណ្ដឹងទាមទារសំណងនេះ អនុលោមតាមក្រមនិតិវិធីក្រមព្រហ្មទណ្ឌ៕
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com