ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវីរដ្ឋាភិបាល ត្រៀមប្តឹងទារប្រាក់ពីលោក កឹម សុខា
21, Dec 2022 , 4:29 pm        
រូបភាព
លោក គី តិច ប្រធានក្រុមមេធាវីខាងភាគីរដ្ឋាភិបាល (រូបពីទំព័រហ្វេសប៊ុក៖ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន)។ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ (រូបពី AFP)។
លោក គី តិច ប្រធានក្រុមមេធាវីខាងភាគីរដ្ឋាភិបាល (រូបពីទំព័រហ្វេសប៊ុក៖ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន)។ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ (រូបពី AFP)។
មេធាវីខាងរដ្ឋាភិបាល ត្រៀមដាក់បណ្ដឹងដាច់ដោយឡែក១ផ្សេងទៀត ដើម្បីប្តឹងទារសំណងពីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ លោក គី តិច ប្រធានមេធាវីតំណាងឲ្យភាគីរដ្ឋាភិបាល អះអាងថា បណ្ដឹងនេះ គឺទាមទារសំណងថ្លៃខូចខាត រួមទាំងការចំណាយកម្លាំងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ។


លោក គី តិច លើកឡើងថា ការរៀបចំបណ្ដឹងទាមទារសំណងពីលោក កឹម សុខា គឺអនុលោមទៅតាមក្រមនីតិវិធីក្រមព្រហ្មទណ្ឌ។ យ៉ាងណា លោក ពុំបានបញ្ជាក់ឡើយថា ក្រុមមេធាវីខាងលោក នឹងប្តឹងទារប្រាក់ចំនួនប៉ុន្មានពីលោក កឹម សុខា នោះទេ។ 
 
ក្នុងសវនាការនៃតុលាការភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ លោក គី តិច ប្រកាសដូច្នេះថា៖«ក្រុមមេធាវីរដ្ឋាភិបាល នឹងធ្វើបណ្ដឹងដោយឡែក ទាមទារសំណងពីលោក កឹម សុខា ក្រោយពីមានសេចក្តីសម្រេចស្ថាពរពីតុលាការ»។
 
តុលាការភ្នំពេញ បានបើកអង្គសវនាការលើកនេះ ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងរបស់លោក កឹម សុខា។ សហការីរបស់សារព័ត៌មានថ្មីៗ ដែលទៅយកព័ត៌មានផ្ទាល់ក្នុងសវនាការ បានរាយការណ៍ថា មេធាវីរបស់ភាគីរដ្ឋាភិបាល សរសេរសេចក្តីសន្និដ្ឋានដល់ទៅជាង៨០ទំព័រឯណោះ ដាក់ជូនទៅក្រុមប្រឹក្សាជំនុំជម្រះ ខណៈមេធាវីរបស់លោក កឹម សុខា សរសេរសេចក្តីសន្និដ្ឋានបឋមត្រឹមតែ២ទំព័រ។ សវនាការនេះ នឹងត្រូវបន្តរហូតដល់ល្ងាច។ 
 
កាលពីខែតុលា ឆ្នាំ២០២២ តុលាការ បានសម្រេចបិទបញ្ចប់នីតិវិធីនៃការសួរដេញដោលលើសំណុំរឿងរបស់លោក កឹម សុខា។ ទម្រាំឈានដល់ការបិទបញ្ចប់នីតិវិធីនៃការសួរដេញដោលនេះ  និងឈានដល់នីតិវិធីនៃការធ្វើសេចក្តីសន្និដ្ឋាន សំណុំរឿងនេះ ត្រូវអូសបន្លាយពេលអស់ជាង៥ឆ្នាំ ហើយបានឆ្លងកាត់ការបើកសវនាការអស់ជាង៦០លើក។ 
 
សំណុំរឿង ដែលឈានដល់នីតិវិធីនៃការធ្វើសេចក្តីសន្និដ្ឋាន អាចចាត់ទុកថា ជិតដល់ទីបញ្ចប់ហើយ។ តាមនីតិវិធី ក្រោយបញ្ចប់ការធ្វើសេចក្តីសន្និដ្ឋាន តុលាការ នឹងប្រកាសសាលក្រម ដែលបញ្ជាក់ថា ជនជាប់ចោទមានទោស ឬគ្មានទោស។ 
 
ចំពោះការធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងរបស់លោក កឹម សុខា គេ មិនទាន់ទទួលព័ត៌មាននោះទេ នឹងត្រូវបញ្ចប់នៅក្នុងថ្ងៃនេះ ឬនឹងត្រូវបន្តទៅថ្ងៃក្រោយទៀត។ ចំណែកការប្រកាសសាលក្រមភ្លាមៗក្រោយបញ្ចប់ការធ្វើសេចក្តីសន្និដ្ឋាន ឬត្រូវលើកទៅប្រកាសនៅថ្ងៃណាមួយនោះ គឺជាឆន្ទានុសិទ្ធិរបស់ក្រុមប្រឹក្សាជំនុំជម្រះ៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com