ជាតិ
អត្ថបទពាណិជ្ជកម្ម
Smart Axiata សហការជាមួយក្រសួងអប់រំលើ​ការបណ្តុះបណ្តាលជំនាញអក្ខរកម្មឌីជីថលដល់សិស្សវិទ្យាល័យជាង១០០០នាក់
21, Dec 2022 , 4:39 pm        
រូបភាព
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានធ្វើកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែក អក្ខរកម្មឌីជីថលដល់សិស្សានុសិស្សវិទ្យាល័យសរុបចំនួន ១០៨០ នាក់ នៅក្នុងខេត្ត​ចំនួនបី គឺខេត្តកំពង់ធំ កំពង់ចាម និងកំពង់ឆ្នាំង។
 
កម្មវិធីលើកកម្ពស់អក្ខរកម្មឌីជីថលមួយនេះ បានចាប់ដំណើរការពីខែមិថុនាដល់ខែតុលា ឆ្នាំ ២០២២  ដោយមានគោលបំណង បណ្តុះបណ្តាលសិស្សវិទ្យាល័យអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើអ៊ីនធឺណិត រួមមានការប្រឆាំងនឹង ការគំរាមកំហែងប្រចាំថ្ងៃ ដូចជាការលួចពត៌មាន ការឆ្លងមេរោគក្នុងកម្មវិធីប្រើប្រាស់ និងការឆបោកតាមប្រព័ន្ធអនឡាញជាដើម។ ក្នុងនោះផងដែរគម្រោងក៏បានបង្រៀនអំពីការប្រើប្រាស់អ៊ិនធឺណិតក្នុងការស្វែងរកឯកសារ និងប្រភពពត៌មាន ដែលអាចជឿទុកចិត្តបា​នផងដែរ។
 


គម្រោងទាំងមូល បានរៀបចំនូវសិក្ខាសាលាសរុបចំនួន៣ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រួមមានសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថលដំបូងបង្អស់នៅក្នុងខេត្តកំពង់ធំកាលពីខែមិថុនា សិក្ខាសាលា​បន្ទាប់នៅ​ខេត្ត​កំពង់ចាម​ក្នុង​ខែ​សីហា និង​សិក្ខាសាលានៅខេត្ត​កំពង់ឆ្នាំង​ក្នុង​ខែ​តុលា ក្នុងឆ្នាំ២០២២នេះ។
 
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា «អក្ខរកម្មឌីជីថល និងសុវត្ថិភាពនៅលើប្រព័ន្ធអនឡាញ ពិតជាមានសារៈសំខាន់ណាស់នៅក្នុងសង្គមបច្ចុប្បន្ន ព្រោះយើងទាំងអស់គ្នាចំណាយពេលច្រើនលើអ៊ីនធឺណិត ហើយក៏ពឹងផ្អែកខ្លាំងលើសេវាបណ្តាញអ៊ីនធឺណែតផងដែរ។ Smart Axiata ពិតជាមានមោទនភាព ដែលអាចចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា និងចូលរួមការពារយុវជន​ ក៏ដូចជាប្រជាជនកម្ពុជាបន្ថែមទៀតតាម រយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល ដើម្បីចូលរួមធានាថាយុវជនកម្ពុជាអាចប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។»
 


ឯកឧត្តម សិរី ជំនះ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «តាមរយៈការចូលរួមរបស់វិទ្យាល័យនានាក្នុងខេត្តទាំងបី ដែលរួមមាន ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង យើងសង្ឃឹមថានឹងចូលរួមចំណែកជំរុញការអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងចីរភាព ដើម្បីឈានទៅដល់ការផ្លាស់ប្តូរដ៏សំខាន់មួយ ដែលជួយឲ្យយុវជនកម្ពុជាឈានមុខគេក្នុងការអភិវឌ្ឍន៍ឌីជីថល ដោយផ្អែកលើគោលនយោបាយឌីជីថលឆ្នាំ ២០២២-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធីលើកកម្ពស់អក្ខរកម្មឌីជីថល ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេស។»
 
បន្ទាប់ពីការចូលរួមក្នុងវគ្គបណ្តុះបណ្តាលយ៉ាងសកម្ម សិស្សានុសិស្សក៏បានចូលរួមក្នុងការប្រកួតប្រជែងផលិតវីដេអូអប់រំស្តីពីអក្ខរកម្មឌីជីថល ក្រោមប្រធានបទ «ចំណេះដឹងឌីជីថល និងសុវត្ថិភាពអនឡាញ» ។ ជ័យលាភីលេខមួយបានទៅលើសិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែនកំពង់ចាម ដែលផ្តោតសំខាន់ទៅលើ​ «ការចែករំលែកព័ត៌មានមិនច្បាស់លាស់» និងចំណាត់ថ្នាក់លេខពីរ ដែលផ្តោតសំខាន់ទៅលើ «ការបង្កើតពាក្យសម្ងាត់​ដែលរឹងមាំ​សម្រាប់គណនីនៃ​បណ្តាញសង្គម» បានទៅលើសិស្សានុសិស្សពីវិទ្យាល័យកំពង់ធំ ខណៈដែលចំណាត់ថ្នាក់លេខបី បានទៅសិស្សានុសិស្សមក​ពីវិទ្យាល័យហ៊ុនសែន រលាប្អៀរ ដែលផ្តោតសំខាន់ទៅលើ «ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត»។
 


ជាមួយនឹងបេសកកម្មក្នុងការក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍លេខ ១  និងជាទីស្រលាញ់ពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata ព្យាយាមខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវបេសកកម្មរបស់ខ្លួនក្នុងការជំរុញរបៀបរស់នៅបែបឌីជីថលនៅកម្ពុជា និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយគម្លាតអក្ខរកម្មឌីជីថលនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឲ្យក្លាយជាអ្នកដឹកនាំឌីជីថលលំដាប់ពិភពលោក។ 
 
អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។
 
ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។
 
ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។
 
ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!
 




អត្ថបទពាណិជ្ជកម្ម
 
 

© រក្សាសិទ្ធិដោយ thmeythmey.com