ជាតិ
ស្ថានីយ៍ចម្រោះទឹកកខ្វក់តម្លៃជាង២២លានដុល្លារ​នៅកំពង់ចាម នឹងត្រូវសង់ឡើងនៅដើមឆ្នាំ២០២៣
21, Dec 2022 , 7:59 pm        
រូបភាព
 រូបភាពប្លង់នៃកម្រោងសាងសង់់ ស្ថានីយ៍ចម្រោះទឹកកខ្វក់នៅក្រុងកំពង់ចាម។
រូបភាពប្លង់នៃកម្រោងសាងសង់់ ស្ថានីយ៍ចម្រោះទឹកកខ្វក់នៅក្រុងកំពង់ចាម។
ដោយ:
រដ្ឋភិបាលនឹងសាងសង់ស្ថានី័យ៍ចម្រោះទឹកកខ្វក់មួយកន្លែងនៅកណ្តាលក្រុងកំពង់ចាម ក្រោមទំហំទឹកប្រាក់ប្រមាណ២២លានដុល្លារអាម៉េរិក។ គម្រោងសាងសង់ស្ថានីយ៍ទឹកកខ្វក់នេះ នឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៣។​
 
ក្រុងកំពង់ចាម នឹងគ្មានក្លិនស្អុយទៀតទេ នៅពេលស្ថានីយ៍ចម្រោះទឹកកខ្វក់សាងសង់រួច។ នេះបើតាមការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយបញ្ជាក់ថា  គម្រោងសាងសង់ស្ថានីយទឹកកខ្វក់ស្ថានីយ៍ចម្រោះនៅក្រុងកំពង់ចាមត្រូវបានរដ្ឋាភិបាលអនុម័ត ដែលនឹងចាប់ផ្តើមអនុវត្តនៅអំឡុងខែមករា ឆ្នាំ២០២៣។ 
 

អាជ្ញាធរខេត្តកំបង់ចាម  បើកកិច្ចប្រជុំពិភាក្សា ពីការត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ៍ចម្រោះ ទឹកកខ្វក់។ រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម
 
លោក ចាន់ដា បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ​ នារសៀលថ្ងៃទី២១ធ្នូ​ យ៉ាងដូច្នេះ៖ «ការសង់ស្ថានី័យ៍ចម្រោះទឹកកខ្វក់តម្លៃជាង២២លានដុល្លារនេះ គឺប្រើប្រាស់នូវថវិកាជាតិ និងកញ្ចប់ជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ការសង់ស្ថានីយ៍នេះ គឺប្រើរយៈពេល១៨ខែ»។​​ ​បើតាមលោកអភិបាលខេត្តកំពង់ចាម ស្ថានីយ៍ចម្រោះទឹកកខ្វក់នេះ​ នឹងត្រូវបញ្ចប់ការសាងសង់​នៅពាក់កណ្តាល ឆ្នាំ២០២៤។​
 
ពាក់ព័ន្ធនឹងគម្រោងខាងលើ លោក ហូ រដ្ឋា មន្ត្រីខាងក្រុមប្រឹក្សាបច្ចេកទេស បានលើកឡើងថា ការរៀបចំប្រព័ន្ធស្ថានីយចម្រោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាមនេះ ត្រូវបានចែកជាតំបន់។ ក្នុងនោះ មានការប្រមូលទឹកកខ្វក់ចេញពីផ្ទះប្រជាពលរដ្ឋ និងតំបន់អាគារពាណិជ្ជកម្ម ចូលទៅក្នុងតំបន់ធំមួយ ដើម្បីចម្រោះទឹកស្អុយ ហើយអាចយកមកប្រើប្រាស់ស្រោចស្របដំណាំបាន ដូចជាលក្ខណៈទឹកធម្មជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម៕ 
 
 

Tag:
 ស្ថានីយ៍ចម្រោះទឹកកខ្វក់
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com