ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន ទៅប្រជុំនៅថៃ អំពីបញ្ហាមីយ៉ាន់ម៉ា
22, Dec 2022 , 10:47 am        
រូបភាព
លោក ប្រាក់ សុខុន ជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ និស្សិតទាំងនោះ បានជាប់អាហារូបករណ៍ និងត្រៀមចេញទៅសិក្សានៅក្រៅប្រទេសនាពេលខាងមុខ។ រូបពីហ្វេសប៊ុករបស់លោក ប្រាក់ សុខុន
លោក ប្រាក់ សុខុន ជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ និស្សិតទាំងនោះ បានជាប់អាហារូបករណ៍ និងត្រៀមចេញទៅសិក្សានៅក្រៅប្រទេសនាពេលខាងមុខ។ រូបពីហ្វេសប៊ុករបស់លោក ប្រាក់ សុខុន
ដោយ៖ ទេពញាណ

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។


ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ការទៅចូលរួមរបស់លោក ប្រាក់ សុខុន គឺធ្វើឡើងតាមការអញ្ជើញពីលោក ដុន​ ប្រាម៉ាត់វីណៃ (Don Pramudwinai) ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការបរទេសថៃ។ ក្រសួងការបរទេសកម្ពុជា បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖«ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូការនេះ អ្នកចូលរួម រំពឹងថា នឹងមានការពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយភាពស្មោះត្រង់លើមធ្យោបាយ ដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ា»។ 
 
កិច្ចព្រមព្រៀងទាំង៥ចំណុច រួមមាន ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនានៅមីយ៉ាន់ម៉ា ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា ទី៥ បេសកជនពិសេស ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។ កិច្ចព្រមព្រៀងទាំង៥ចំណុចនេះ ត្រូវមេដឹកនាំអាស៊ានសម្រេចរួមគ្នាកាលពីខែមេសា ឆ្នាំ២០២១ ដើម្បីយកទៅអនុវត្តនៅមីយ៉ាន់ម៉ា។ 
 
លោក ប្រាក់ សុខុន ធ្លាប់មានគម្រោងទៅបំពញទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកទី៣ ដែលជាលើកចុងក្រោយ នាចុងដំណាច់ឆ្នាំ២០២២នេះ តែក្រោយមក លោក សម្រេចចិត្តលុបចោលគម្រោងនេះវិញ។ ក្នុងនាមជាបេសកជនពិសេសរបស់ប្រធានអាស៊ាន លោក បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា២លើក ដើម្បីជួយស្វែងរកដំណោះស្រាយជូនប្រទេសមួយនេះ។ 
 
ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា បានបង្ហាញការប្រឹងប្រែងក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីជួយស្រោចស្រង់ប្រទេសនេះ ឲ្យមានស្ថានភាពល្អប្រសើរឡើងវិញ។ យ៉ាងណាក៏ដោយ វិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា តែបន្តអូសបន្លាយដដែល។ ឈានចូលឆ្នាំ២០២៣ តំណែងជាប្រធានអាស៊ាន នឹងធ្លាក់ទៅលើឥណ្ឌូណេស៊ី ហើយឥណ្ឌូណេស៊ី នឹងត្រូវទទួលបន្ទុកបន្តពីកម្ពុជា ក្នុងការជួយទាញមីយ៉ាន់ម៉ាឲ្យវិលមករកប្រក្រតីភាពឡើងវិញ។
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានអាស៊ានឆ្នាំ២០២២នេះ ទស្សទាយថា បញ្ហាមីយ៉ាន់ម៉ា ត្រូវការពេលវេលាយ៉ាងតិចបំផុត៥ឆ្នាំទៀត ទើបអាចដោះស្រាយបាន។ ការទស្សទាយរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងអំឡុងទៅបំពេញទស្សនកិច្ចនៅទីនោះ។ មេដឹកនាំកម្ពុជា និយាយថា ភារកិច្ចរបស់ខ្លួនជាប្រធានអាស៊ានជិតចប់ហើយ។
 
សូមរម្លឹកបន្តិចថា មីយ៉ាន់ម៉ា ដែលជាប្រជាជាតិក្នុងតំបន់អាស៊ានដែរនោះ ចាប់ផ្តើមធ្លាក់ក្នុងវិបត្តិ និងមានការផ្ទុះអាវុធដាក់គ្នា ចាប់តាំងពីលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី ពីអំណាច នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១មក។ របាយការណ៍ដែលបញ្ចេញដោយសមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បានបណ្តាលឲ្យប្រជាជនជាង២,៦ពាន់នាក់ ត្រូវបានសម្លាប់ ខណៈជាង១,៣ម៉ឺននាក់ទៀត កំពុងជាប់ឃុំ៕  
 
 

Tag:
 ប្រាក់ សុខុន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com