ជាតិ
រដ្ឋសម្រេចបង្កើត«ក្រុងអរិយក្សត្រ» ដោយកាត់ឃុំចំនួន១១ពីស្រុកខ្សាច់កណ្តាល និងល្វាឯម
23, Dec 2022 , 8:59 pm        
រូបភាព
ទីតាំងឃុំសារិកាកែវ ស្រុកល្វាឯម ដែលត្រូវបានកាត់ចូលជា«ក្រុងអរិយក្សត្រ» ដែលក្រុងទីរបសើខេត្តកណ្តាល បន្ទាប់ពីក្រុងតាខ្មៅ។
ទីតាំងឃុំសារិកាកែវ ស្រុកល្វាឯម ដែលត្រូវបានកាត់ចូលជា«ក្រុងអរិយក្សត្រ» ដែលក្រុងទីរបសើខេត្តកណ្តាល បន្ទាប់ពីក្រុងតាខ្មៅ។
រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុង«អរិយក្សត្រ» នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម។ នេះបើតាមអនុក្រឹតរបស់សម្តេច ហ៊ុន សែន នាថ្ងៃទី២៣ធ្នូ។


ឃុំចំនួន១១នៃខេត្តកណ្តាល ដែលក្លាយជាដីក្រុងអរិយក្សត្រនោះ គឺមានសង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ សម្រាប់ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រនោះ គឺស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ តែម្តង។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ចំពោះការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល និងក្រុមប្រឹក្សា ស្រុកល្វាឯម ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

កាលពីថ្ងៃទី៩ធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលបានចុះហត្ថលេខាខ្ចីប្រាក់ពីកូរ៉ខាងត្បូង ប្រមាណ១៨០០លានដុល្លារអាម៉េរិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេស។ ក្នុងចំណោមទាំងនេះ គឺមានជាង១៥០លានដុល្លារ រដ្ឋនឹងយកទៅសាងសង់ស្ពានឆ្លងពីទន្លេពីរាជធានីទៅកាន់តំបន់អរិយក្សត្រ។ បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងធ្វើស្ពាននេះ នឹងអនុវត្តនាអំឡុងពាក់កណ្តាលឆ្នាំ២០២៣។

សូមជម្រាបថា ក្រុងអរិយក្សត្រ គឺជាក្រុងរបស់ខេត្តកណ្តាល បន្ទាប់ពីក្រុងតាខ្មៅ៕

© រក្សាសិទ្ធិដោយ thmeythmey.com