ជាតិ
លោក រស់ សុវាចា ៖ លទ្ធផលបាក់ឌុប មិនគួរជាទីបញ្ចប់នៃការសិក្សាទេ
24, Dec 2022 , 10:35 am        
រូបភាព
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ។
ភ្នំពេញ៖ ក្រោយលទ្ធផលបាក់ឌុប ត្រូវបានប្រកាស សិស្សានុសិស្សជាច្រើន បានរីករាយ រីឯសិស្សានុសិស្សខ្លះទៀត ក៏ខកចិត្តនឹងលទ្ធផលខ្លួនដែរ។ ជាមួយគ្នា លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកទឹកចិត្តដល់សិស្សដែលមិនទទួលលទ្ធផលល្អ កុំអស់សង្ឃឹម និងកុំបញ្ឈប់អភិវឌ្ឍន៍ចំណេះខ្លួនត្រឹមលទ្ធផលបាក់ឌុប។


លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ  បានណែនាំថា  លទ្ធផលបាក់ឌុប មិនអាចទីបញ្ចប់នៃការសិក្សារបស់សិស្សនោះឡើយ ដោយសិស្សអាចជ្រើសរើសរៀនជំនាញអ្វីមួយ ឬរៀនទី១២ម្ដងទៀត។  
 
លោក បានលើកឡើងដូច្នេះថា៖« យើងមិនអាចកែប្រែអតីតកាលបានទេ។ អ្វីដែលសំខាន់ គឺយើងត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាពហើយហ៊ានទទួលយកលទ្ធផលក្រោយការព្យាយាមអស់ពីចិត្តដើម្បីរៀបចំអនាគតឱ្យរឹតតែប្រសើរ។ ធ្វើដូចនេះទើបយើងគ្មានវិប្បដិសារី។ ការសម្រេចចិត្តរបស់មនុស្សយើងត្រូវឈរលើគោលបំណងជីវិតបុគ្គល។ យើងត្រូវដឹងថាយើងចង់បានអ្វីនៅក្នុងជីវិតរបស់យើង។ ការរៀនជំនាញមិនគួរជាជម្រើសទីពីរ របស់មនុស្សទេ។ មានន័យថា មនុស្សគ្រប់រូបអាចជ្រើសរើសរៀនជំនាញទោះជាប្រឡងបាក់ឌុបជាប់ ឬធ្លាក់ក៏ដោយ។ ប្រសិនបើបុគ្គលម្នាក់ស្រឡាញ់ជំនាញណាមួយ គាត់អាចជ្រើសរើសរៀនជំនាញនោះបានក្រោយប្រឡងបាក់ឌុបជាប់។សម្រាប់ប្អូនៗដែលប្រឡងបាក់ឌុបធ្លាក់គួររៀនថ្នាក់ទី១២ម្តងទៀត ឬគួររៀនជំនាញ គឺអាស្រ័យលើគោលបំណងនិងឧបនិស្ស័យរៀងៗខ្លួន»។ 
 
គួរជម្រាបថា បេក្ខជន​ចំនួន ៩០ ៩៥០នាក់ ត្រូវជា​៧២,៣៣ភាគរយ បាន​ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យ​ប្រឡង ៥ ធ្នូ ២០២២។ ក្នុងចំណោម​បេក្ខជន​ដែល​ប្រឡង​ជាប់ សិស្សនិទ្ទេស A មាន​១០៤៩នាក់ និទ្ទេស B មាន​៧២៣២នាក់ និទ្ទេស C មាន​១៩ ០៥៣នាក់ និទ្ទេស D មាន ៣១ ១៦៦នាក់ និងនិទ្ទេស E មាន ៣២ ៤៥០នាក់៕
 
 
 
 

Tag:
 អប់រំ
  បាក់ឌុប២០២២
© រក្សាសិទ្ធិដោយ thmeythmey.com