ជាតិ
បាក់ឌុប
សង្គមជាតិ
អប់រំផុតពីភាពក្រីក្រ! សិស្សនិទ្ទេស A ភាព ស្រីណាត់ ចង់ក្លាយជាគ្រូអនុវិទ្យាល័យ
24, Dec 2022 , 6:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក Thary Voeun
រូបភាពពីហ្វេសប៊ុក Thary Voeun
យុវតី ភាព ស្រីណាត់ គឺជាសិស្សក្រីក្រម្នាក់ដែលបានប្រឡងជាប់និទ្ទេស A ក្នុងចំណោមបេក្ខជនជាប់និទ្ទេស A ចំនួន២១នាក់ទូទាំងខេត្តព្រះសីហនុ ។ ថ្វីដ្បិតគ្រួសារមានជីវភាពខ្សត់ខ្សោយប៉ុន្តែស្រីណាត់ នៅតែខ្មីឃ្មាតរៀនសូត្រ រហូតទទួលបានជោគជ័យហើយពាំនាំមោកទភាពដល់គ្រួសារទៀតផង។ ស្រីណាត់ យល់ថា ភាពក្រីក្រ មិនមែនជាឧបសគ្គសម្រាប់នាងក្នុងការប្រឡងយកនិទ្ទេស A នេះឡើយ។
 
យុវតី ភាព ស្រីណាត់ គឺជាសិស្សប្រឡងជាប់និទ្ទេស A មកពីវិទ្យាល័យហ៊ុនសែន វេលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ស្រីណាត់ជាកូនស្រីច្បងក្នុងគ្រួសារក្រខ្សត់មួយ ដែលមានជីដូនធ្វើការជាអ្នកលាងចានតាមកម្មវិធី មានឪពុកជាកម្មករ និងប្អូនប្រុសម្នាក់ទៀតកំពុងរៀនថ្នាក់ទី១១។ ទោះបីជាជីវភាពក្នុងគ្រួសារខ្សត់ខ្សោយតែទាំងឪពុក និងជីដូនរបស់ស្រីណាត់ មិនដែលគិតចង់ឱ្យនាងបោះបង់ចោលការរៀនសូត្រឡើយ​។ជាមួយគ្នានេះ ស្រីណាត់ ក៏បានទទួលការលើកទឹកចិត្តពីខាងសាលា និងគ្រូបង្រៀនរបស់នាង ដោយបានផ្ដល់នូវសម្ភារៈ ក៏ដូចជាឱ្យនាងរៀនគួរដោយឥតបង់ថ្លៃ។ កត្តាទាំងអស់នេះ បានផ្ដល់ជាកម្លាំងចិត្តដ៏ធំធេង ឱ្យយុវតី ស្រីណាត់ មានការតាំងចិត្តខ្ពស់ និងសង្វាតរៀនសូត្ររហូតប្រឡងជាប់និទ្ទេស A ដូចបំណង។
  

រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ

 ស្រីណាត់ ប្រាប់សារព័ត៌មានថ្មីៗថា នាងមានអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំងចំពោះលទ្ធផលនេះ ព្រោះវាជាការតាំងចិត្តរបស់នាងតាំងពីដើមឆ្នាំមកម្ល៉េះ។ ស្រីណាត់ យល់ថា ជីវភាពគ្រួសារក្រីក្រ ពុំមែនជាឧបសគ្គសម្រាប់នាងក្នុងការតាំងចិត្តរៀនសូត្រ​ ដើម្បីប្រឡងយកនិទ្ទេស A ឡើយ តែបញ្ហាសុខភាពទៅវិញទេ ដែលផ្ដល់ការលំបាកដល់នាងនាពេលនោះ។ «ខ្ញុំឈឺច្រើនដែរ ដោយសារខ្សោយមិនសូវមានកម្លាំង ដោយសារខ្ញុំញាំអីមិនសូវបាន មិនសូវគ្រប់គ្រាន់ អ៊ីចឹងវាពិបាកដែរ [...]។ ហើយបើជីវភាពក្រីក្រហ្នឹង វាមិនមែនជាឧបសគ្គទេ សំខាន់ឱ្យតែយើងតាំងចិត្តខំរៀន ដាក់ចិត្ត យើងបានហើយ។ អ៊ីចឹងហ្នឹងមិនមែនបញ្ហាសម្រាប់ខ្ញុំទេ»។ នេះជាការលើកឡើងរបស់យុវតី ស្រីណាត់។
 
ស្រីណាត់ បន្តថា នាងមានក្ដីបំណង២បន្ទាប់ពីនេះ ទី១គឺបន្តការសិក្សាជំនាញជីវវិទ្យា ឬរូបវិទ្យានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនៅរាជធានីភ្នំពេញ បើសិនជាមានលទ្ធភាពទទួលបានអាហារូបករណ៍១០០ភាគរយនិងមានសប្បុរសធម៌ផ្ដល់ជំនួយ។


រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ

 ចំណែកឯទី២ គឺនាងនឹងទៅប្រឡងគ្រូអនុវិទ្យាល័យក្នុងក្របខណ្ឌដើម្បីមានការងារធ្វើ និងចំណូលសម្រាប់ជួយផ្គត់ផ្គង់គ្រួសារ។ យុវតី ស្រីណាត់លើកឡើងថា៖«ខ្ញុំចង់ធ្វើគ្រូបង្រៀន ព្រោះវាក្ដីបំណងរបស់យាយខ្ញុំ។ ម្យ៉ាងឈ្មោះថា គ្រូមានតម្លៃសម្រាប់ខ្ញុំ ហើយខ្ញុំចង់ចែករំលែកចំណេះវិជ្ជារបស់ខ្ញុំទៅប្អូនៗដែរ»។កន្លងមកក្រៅពីគ្រួសារ ស្រីណាត់ មានការទំនុកបម្រុងនិងការជួយជាសម្ភារសិក្សាពីមន្ទីរអប់រំខេត្ត,ការអនុញ្ញាតឱ្យសិក្សានៅសាលាដោយមិនបង់ថ្លៃនិងជំនួយផ្សេងៗពីសប្បុរស រួមទាំងអ្នកជិតខាងក្នុងភូមិផងដែរ៕
 
 
 

Tag:
 បាក់ឌុប
 ភាព ស្រីណាក់
© រក្សាសិទ្ធិដោយ thmeythmey.com