កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្របារាំងដាក់ញត្តិតវ៉ារឿងកាត់សេចក្តីការប្រកួតវគ្គផ្ដាច់ព្រ័ត្រទល់អាហ្សង់ទីន
25, Dec 2022 , 11:59 am        
រូបភាព
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 បានបញ្ចប់ទៅជាងមួយសប្តាហ៍ទៅហើយ ប៉ុន្តែរឿងរ៉ាវបង្ហាញពីការមិនអស់ចិត្ត និងការតវ៉ាអំពីការប្រកួតនៅតែបន្ត។ អ្នកគាំទ្របារាំងរិះគន់គ្រាប់ទី៣ សម្រាប់អាហ្សង់ទីនដែល Lionel Messi ស៊ុតត្រូវបានផ្តល់ឱ្យដដែល បើទោះមានកីឡាករខាងក្រៅ ២នាក់បានចូលទីលាន។ អាជ្ញាកណ្តាលលោក Szymon Marciniak ឆ្លើយតបថាបារាំងមិនព្រមមើលកំហុសខ្លួនឯងដែលមាននោះទេ។
 
អាហ្សង់ទីនទទួលបានជ័យជម្នះវគ្គផ្តាច់ព្រ័ត្រលើបារាំងក្នុងកីឡដ្ឋាន Lusail Iconic ដោយបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៤-២ ក្រោយបញ្ចប់ការប្រកួតរយៈពេល ១២០នាទីស្មើ ៣-៣។ Lionel Messi ស៊ុតបញ្ចូលទី ២គ្រាប់ ជាមួយមិត្តរួមក្រុម Angel Di Maria ១គ្រាប់ ចំណែក Kylian Mbappe ជាអ្នកស៊ុតគ្រាប់បាល់ ៣គ្រាប់តាមស្មើធ្វើឱ្យការប្រកួតកាន់តែជក់ចិត្តខ្លាំង។
 
លោក Marciniak អាជ្ញាកណ្តាលសញ្ជាតិប៉ូឡូញដែលបានកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ World Cup បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយបារាំងជុំវិញគ្រាប់បាល់ទី៣ ដែល Messi បានស៊ុតបញ្ចូលក្នុងនាទីបន្ថែម១៥នាទី ២ដង ព្រោះតែមានកីឡាករអាហ្សង់ទីនក្រៅទីលាន ២នាក់បានចូលក្នុងទីលានទាំងមុនពេលបាល់ចូលក្នុងប្រអប់ទី។
 
កាសែត L’Equipe ដ៏ល្បីរបស់បារាំងបានលើកឡើងអំពីច្បាប់នៃក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិទី៣ កថាខណ្ឌទី៩ ដែលបានបង្ហាញថាអាជ្ញាកណ្តាលគួរតែមិនផ្តល់បាល់នោះឡើយប្រសិនបើមានកីឡាករដែលអង្គុយកៅអីបម្រុងឈានជើងចូលទីលានដែលកំពុងប្រកួតនៅពេលបាល់ត្រូវស៊ុតចូល។


 
រងការរិះគន់ខ្លាំងពីបណ្តាញផ្សព្វផ្សាយរបស់បារាំងអាជ្ញាកណ្តាលសញ្ជាតិប៉ូឡូញបានឆ្លើយតបដ៏ខ្លីមួយទៅវិញថា បារាំងមិនព្រមមើលនិងលើកឡើងពីកំហុសរបស់ខ្លួន។ លោក Marciniak បានលើកទូរស័ព្ទបង្ហាញពីរូបភាពកីឡាករបារាំងចំនួន ៧នាក់បានរត់ចូលទីលានខណៈពួកគេអបអរគ្រាប់បាល់របស់ Kylian Mbappe។
 
«បារាំងមិនបានលើកឡើងអំពីរូបភាពមួយនេះឡើយ ដែលជាកន្លែងអ្នកអាចមើលឃើញថាកីឡាករបារាំងចំនួន ៧នាក់បានរត់ចូលទីលានប្រកួតនៅពេលដែល Mbappe ស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់។»។ លោក Marciniak បានឆ្លើយតបបែបនេះប្រាប់ទៅកាន់អ្នកកាសែត។
 
គួរបញ្ជាក់ថាការលើកឡើងរបស់លោក Marciniak បានកើតឡើងបន្ទាប់ពីមានញត្តិមួយពីសំណាក់អ្នកគាំទ្របារាំងស្នើសុំឱ្យមានការប្រកួតឡើងវិញនូវវគ្គផ្តាច់ព្រ័ត្រ ដោយចោទប្រកាន់ថាព្រោះកំហុសមន្ត្រីអាជ្ញាកណ្តាល ដាក់ឱ្យដំណើរការ។ ញត្តិនោះទទួលបានការចុះហត្ថលេខាពីអ្នកគាំទ្របារាំងជាង ជិត៣សែននាក់៕
 
 
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com