អន្តរជាតិ
តាលីបង់បញ្ជាឱ្យ NGOs បញ្ឈប់បុគ្គលិកជាស្ត្រីទាំងអស់នៅអាហ្វហ្កានីស្ថាន
25, Dec 2022 , 7:29 pm        
រូបភាព
រដ្ឋបាលតាលីបង់ នៅថ្ងៃទី២៤ ខែធ្នូ បានបញ្ជាឱ្យអង្គការមិនមែនរដ្ឋាភិបាល (NGOs) ក្នុងស្រុក និងរបស់បរទេសបញ្ឈប់បុគ្គលិកស្រីទាំងអស់។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចទាក់ទិននឹងការបង្ក្រាបចុងក្រោយបំផុតលើសេរីភាពរបស់ស្ត្រី។ ជុំវិញការបញ្ជានេះ អង្គការសហប្រជាជាតិ (UN) បង្ហាញការព្រួយបារម្ភខណៈវាប៉ះពាល់ដល់ប្រតិបត្តិការមនុស្សធម៌យ៉ាងខ្លាំង។

ស្ថានភាពសិទ្ធិសេរីភាពរបស់ស្ត្រី​ និងក្មេងស្រីនៅអាហ្វហ្កានីស្ថានត្រូវបានរឹតបន្ដឹងយ៉ាងខ្លាំង ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់កាប់អំណាចជាថ្មី។ កាលពីថ្ងៃទី២០ ខែធ្នូ ក្រសួងអប់រំឧត្តមសិក្សាអាហ្វហ្កានីស្ថានដែលគ្រប់គ្រងដោយពួកតាលីបង់បានចេញលិខិតបញ្ជាឱ្យសាកលវិទ្យាល័យរដ្ឋ និង​​​​​ឯកជនផ្អាកមិនឱ្យនិស្សិតស្រីចូលរៀនភ្លាមៗ ខណៈកន្លងមកមនុស្សស្រីអាចចូលសិក្សាកម្រិតថ្នាក់បឋម និងសាកលវិទ្យាល័យ។ 
 
លិខិតថ្មីមួយចេញនៅថ្ងៃទី២៤ ខែធ្នូ បញ្ជាក់ដោយអ្នកនាំពាក្យរបស់ក្រសួងសេដ្ឋកិច្ចអាហ្វហ្កានីស្ថាន លោក Abdulrahman Habib បានអះអាងថា រដ្ឋបាលតាលីបង់សម្រេចបញ្ជាឱ្យគ្រប់អង្គការមិនមែនរដ្ឋាភិបាល (NGOs) ទាំងក្នុងស្រុក និងបរទេសបញ្ឈប់បុគ្គលិកស្រីរបស់ខ្លួនទាំងអស់រហូតដល់មានការជូនដំណឹងបន្ថែមទៀតនៅពេលក្រោយ។ 
 
សេចក្ដីប្រកាសរបស់ក្រសួងបានបញ្ជាក់ពីហេតុផលនៃការបញ្ឈប់ស្ត្រីជាបុគ្គលិក NGOs ក៏ព្រោះស្ត្រី​ខ្លះ​មិន​បាន​ប្រកាន់​ខ្ជាប់​និងគោរពតាម​​ការណែនាំរបស់ពួកតាលីបង់អំពី​ច្បាប់​សម្លៀក​បំពាក់​អ៊ីស្លាម​សម្រាប់​ស្ត្រី។ លើសពីនេះ បណ្ដា NGO ណាដែលរកឃើញថាមិនគោរពតាមបទបញ្ជារដ្ឋាបាល នឹងត្រូវដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេស។ នេះជាការរឹតបន្តឹងសិទ្ធិសេរីភាពស្ត្រីមួយកម្រិតទៀតបន្ថែមលើការបិទសាកលវិទ្យាល័យស្ត្រីនាពេលថ្មីៗនេះ ដែលនាំឱ្យមានការថ្កោលទោសយ៉ាងខ្លាំងជាសកល និងមានប្រតិកម្មពីអង្គការសហប្រជាតិ (UN) ផងដែរ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Aljazeera លោក Habib បាននិយាយថា សេចក្ដីប្រកាសនឹងអនុវត្តចំពោះអង្គការមនុស្សធម៌ក្រោមការសម្របសម្រួលរបស់អាហ្វហ្កានីស្ថានដែលមានចំនួន ១៨៣ រាប់ទាំងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ។ ក្នុងនោះ វាមិនមានរាប់បញ្ចូលស្ថាប័នរបស់ UN ទេ តែវានៅតែមានបញ្ហាសម្រាប់ UN ខណៈកន្លងមកតែងមានទំនាក់ទំនងជាមួយបុគ្គលិកស្ត្រីរបស់ NGOs ដែលស្ថិតក្រោមការសម្របសម្រួលរបស់អាហ្វហ្កានីស្ថានក្នុងការដោះស្រាយកិច្ចការមនុស្សធម៌។ នេះបើតាមប្រេសិតពិសេសរងរបស់ UN ប្រចាំអាហ្វហ្កានីស្ថាន និងជាអ្នកសម្របសម្រួលកិច្ចការមនុស្សធម៌ លោក Ramiz Alakbarov។
 
ចំណែករដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ក៏បានបង្ហាញការព្រួយបារម្ភតាមបណ្ដាញសង្គម Twitter ថា ការសម្រេចរបស់ពួកតាលីបង់នឹងរំខានដល់ការផ្ដល់ជំនួយដើម្បីសង្គ្រោះជីវិតដល់ប្រជាជនអាហ្វហ្កានីស្ថានរាប់លាននាក់។ ប្រមុខការទូតអាម៉េរិក បន្ថែមថាស្ត្រីជាចំណុចកណ្តាលនៃប្រតិបត្តិការមនុស្សធម៌ជុំវិញពិភពលោក។ 
 
គួរបញ្ជាក់ថា កន្លងមក រដ្ឋបាលតាលីបង់មិនអនុញ្ញាតឱ្យស្ត្រីទៅធ្វើការ ឬដើរទៅណាមកណាឆ្ងាយដោយគ្មានបុរសអមដំណើរជាមួយឡើយ ព្រោះក្រុមនេះអះអាងថាវាជាការការពារតម្លៃស្នូលរបស់សាសនាអ៊ីស្លាម ប្រយោជន៍ជាតិ ក៏ដូចជាកិត្តិយសរបស់ស្រ្តី៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com