អន្តរជាតិ
ប្រធានាធិបតីអែលសាវ៉ាឌ័រ បន្ត​សង្គ្រាម​ប្រឆាំងក្មេងទំនើង​ដែលបង្ក​ហិង្សានៅ​តាម​មូលដ្ឋាន​
25, Dec 2022 , 8:29 pm        
រូបភាព
ប្រតិបត្តិការបង្ក្រាប​ក្រុមយុវជនទំនើងកន្លងមកនៅអែលសាវ៉ាឌ័រ។ រូបថត EPA
ប្រតិបត្តិការបង្ក្រាប​ក្រុមយុវជនទំនើងកន្លងមកនៅអែលសាវ៉ាឌ័រ។ រូបថត EPA
ដោយ: ធីតា
ទាហាន និង​ប៉ូលិស​ជាង​១០០០នាក់នៅ​ប្រទេស​អែលសាវ៉ាឌ័រ បាន​រួម​គ្នា​ កាលពីថ្ងៃសៅរ៍កន្លងមក​ លើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេងទំនើងនៅ​ក្នុង​សង្កាត់មួយ។ នេះជាការអនុវត្ត​តាម​បញ្ជា​របស់​លោក​ប្រធានាធិបតី Nayib Bukele ដើម្បីទប់ស្កាត់អំពើ​ហិង្សា​ដែល​តែងតែ​បង្ក​ដោយ​ក្រុមក្មេងពាល។
 
«ទាហានជាង​១០០០នាក់ និង​ប៉ូលិស១៣០​នាក់ ត្រូវចេញ​បង្ក្រាប​អំពើ​ឧក្រិដ្ឋកម្មនៅសង្កាត់ Tutunichapa យ៉ាង​សកម្មបំផុត»។ លោក Nayib បាន​សរសេរយ៉ាង​ដូច្នេះ​នៅ​លើ​បណ្តាញ​សង្គម Twitter របស់​ខ្លួន។ សង្កាត់ដែលស្ថិតនៅ​ក្នុងក្រុង San Salvador មួយនេះ ត្រូវបាន​គេស្គាត់ថា ជា​តំបន់​ចរាចរណ៍គ្រឿង​ញៀន​ដ៏ល្បីល្បាញបំផុតមួយ។
 
កាលពី​ថ្ងៃទី​៣ ខែ​ធ្នូ កន្លងមក កងកម្លាំងប្រដាប់អាវុធអែលសាវ៉ាទ័រជិត​១ម៉ឺន​នាក់​ ត្រូវ​បាន​ពង្រាយ​នៅ​ក្រុង Soyapango ដោយនៅពេលនោះ សមាជិ​កក្រុម​ទំនើង​ប្រមាណ​៥០០នាក់ ក៏ត្រូវបាន​ចាប់ខ្លួន​ផងដែរ។ នេះ​បើតាម​របាយការណ៍​រដ្ឋាភិបាលអែល​សាវ៉ាឌ័រ។
 
ប្រតិបត្តិការ​បង្ក្រាប​ក្មេងទំនើង​នៅ​ Tutunichapa ចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ហើយ​បន្ត​រយៈពេល​១ខែ។ តម្រុយនេះនៃប្រតិបត្តិការនេះ កើតឡើង បន្ទាប់ពីអាជ្ញាធរ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៦នាក់ដំបូង ពាក់ព័ន្ធ​នឹង​ការជួញ​ដូរគ្រឿងញៀន។
 
លោក​ប្រធានាធិបតីអែលសាវ៉ាឌ័រ បាន​បញ្ជាក់លើ Twitter ដដែលថា៖ «ក្រុម​ភេវរជន, ក្រុម​អ្នកជួញដូរគ្រឿងញៀន និង​សមាជិក​ក្រុម​ក្មេង​ពាល​ទាំង​អស់ នឹង​ត្រូវ​យក​ចេញពី​សង្កាត់នេះ។ ពលរដ្ឋស្មោះ​ត្រង់ មិន​ត្រូវមាន​អ្វីដែល​គួរឲ្យភ័យ​ខ្លាចនោះឡើយ ដោយពួក​គេអាច​បន្ត​សកម្មភាពធម្មតា»។
កាលពីថ្ងៃទី​២៧ ខែមិនា មេដឹកនាំ​តំបន់អាម៉េរិកកណ្តាលមួយនេះ ស្នើ​សភាចេញ​អនុម័ត​​លើ​ការប្រកាស​ដាក់​​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ ដើម្បី​បង្ក្រាប​ក្រុម​ក្មេងទំនើង​ដែល​តែងតែបង្កហិង្សា។ សង្គ្រាមនេះ បានឈាន​ដល់​ការ​ចាប់ខ្លន​មនុស្សជាង​៦ម៉ឺននាក់ផងដែរ។
 
ទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តិការនេះ ក៏នាំឲ្យមាន​ចលនា​បាតុកម្មទាមទារ​ការដោះលែង​ឪពុកម្តាយ​ និងមនុស្ស​ផ្សេងទៀត​ផងដែរ ដោយ​ក្រុម​អ្នក​តវ៉ាអះអាងថា អ្នកទាំងនោះ មិន​ជាប់ពាក់ព័ន្ធ​នឹងសកម្ម​ភាពក្រុមក្មេងទំនើងនោះឡើយ៕
 

Tag:
 ក្មេងទំនើង
  អែលសាវ៉ាឌ័រ
© រក្សាសិទ្ធិដោយ thmeythmey.com