អន្តរជាតិ
គណៈកម្មការសុខាភិបាលជាតិចិន​ ឈប់ផ្សាយតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃទៀតហើយ
25, Dec 2022 , 9:29 pm        
រូបភាព
គណៈកម្មការសុខាភិបាលជាតិចិន (NHC) ប្រកាសបញ្ឈប់ការផ្សាយតួលេខអ្នកឆ្លងឬអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ប្រចាំថ្ងៃចាប់ពីថ្ងៃទី២៥ ខែធ្នូ តទៅទៀតហើយ ដោយសារកន្លងមកមានការសង្ស័យអំពីទិន្នន័យដែលពួកគេផ្សាយខណៈករណីឆ្លង ២ខែចុងក្រោយនេះបានផ្ទុះឡើងធ្ងន់ធ្ងរ។

បន្ទាប់ពីបន្ធូរបន្ថយវិធានការរឹតបន្តឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលចិនបានដាក់កន្លងមក ស្ថានភាពឆ្លងកាន់តែយ៉ាប់យ៉ឺនឡើង ខណៈចំនួនអ្នកឆ្លងថ្មីឡើងជាង ៤ពាន់ករណីឯណោះនៅថ្ងៃទី២៣ ខែធ្នូ។ ជុំវិញតួលេខដែលបានចេញផ្សាយដោយគណៈកម្មការសុខាភិបាលចិន នាពេលចុងក្រោយនេះ សហគមន៍អន្តរជាតិបានអះអាងថា វាមិនអាចទុកចិត្តបាន និងថាចិនលាក់បាំងតួលេខពិត។ 
 
គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសបញ្ឈប់ការចេញរបាយការណ៍អ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែធ្នូតទៅ។ ព័ត៌មានទាក់ទងនឹងជំងឺកូវីដ-១៩ នឹងត្រូវទទួលខុសត្រូវ ហើយផ្សព្វផ្សាយចេញពីមជ្ឈមណ្ឌលគ្រប់គ្រងនឹងបង្ការជំងឺចិន។
 
«ព័ត៌មានទាក់ទងនឹងជំងឺកូវីដ-១៩ នឹងត្រូវចេញដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់ចិន សម្រាប់ជាឯកសារយោង និងការស្រាវជ្រាវ»។ NHC លើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់ចំពោះការផ្លាស់ប្តូរស្ថាប័នដើម្បីផ្សាយតួលេខអ្នកឆ្លងជំងឺកូវីដ-១៩​ ឡើយ ហើយក៏មិនបានប្រាប់ថាតើ CDC ចិននឹងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីករណីឆ្លងជំងឺកូវីដ-១៩ ញឹកញាប់ដល់កម្រិតណាដែរ។
 
ទោះយ៉ាងណា ការប្ដូរស្ថាប័នចេញផ្សាយទិន្ន័យអ្នកឆ្លងជំងឺកូវីដ-១៩ បានកើតឡើងស្របពេល អង្គការសុខភាពពិភពលោក (WHO) លើកឡើងពីការមិនជឿទុកចិត្តលើតួរលេខដែលបានផ្សាយដោយគណៈកម្មការចិន។ ហេតុនេះវាទំនងជាហេតុផលមួយនាំឱ្យមានការផ្អាកផ្សាយទិន្នន័យតែម្តង។ WHO យល់ថាចាប់ពីចិនបន្ធូរវិធានការសូន្យកូវីដ ការធ្វើតេស្តរបស់ប្រជាជនមិនបានប្រព្រឹត្តទៅពេញប្រទេស ដូច្នេះករណីឆ្លងក៏ឃើញតិចទៅតាមនោះ ហើយករណីសង្គ្រោះបន្ទាន់ និងស្លាប់ក៏មានតិចផ្ទុយពីស្ថានភាពជាក់ស្ដែងដែលកំពុងវឹកវរ។
 
បើតាមការប៉ាន់ស្មានរបស់ក្រុមអ្នកជំនាញសុខភាពរបស់អង់គ្លេស ចិនគួរមានអ្នកឆ្លងជាង ១លាននាក់ និងអ្នកស្លាប់ប្រហែល ៥ពាន់នាក់ក្នុងមួយថ្ងៃឯណោះ។ យ៉ាងណាមិញ ទិន្នន័យចុងក្រោយរបស់ NHC ចេញនៅថ្ងៃទី២៤ ខែធ្នូ បានបង្ហាញថាចិនមានករណីឆ្លងថ្មីជាង ៤ពាន់នាក់ និងគ្មានអ្នកស្លាប់ឡើយ។
 
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រព័ន្ធសុខាភិបាលចិនកំពុងស្ថិតក្នុងភាពតានតឹងខ្លាំង ដោយបុគ្គលិកពេទ្យត្រូវស្នើឱ្យធ្វើការទាំងខ្លួនកំពុងឈឺ ហើយសូម្បីតែពេទ្យចាស់ៗដែលបានចូលនិវត្តន៍ហើយក៏ត្រូវមកជួយដែរ។ ទាក់ទិនរឿងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រជាជនចិនជាច្រើននៅមិនទាន់បានចាក់ឡើយ ពិសេសមនុស្សចាស់។ ទោះជួបវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរក៏ដោយ ចិនមិនដែលទទួលយកជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសលោកខាងលិចដែលចង់ជួយឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com