អន្តរជាតិ
កងនាវា​ជើង​ទឹក​ស្រីលង្កា​សង្គ្រោះ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​១០៤​នាក់​ក្នុង​មហាសមុទ្រ​ឥណ្ឌា
25, Dec 2022 , 10:29 pm        
រូបភាព
ជនភៀសខ្លួនជនជាតិរូហ៊ីងយ៉ាអង្គុយក្នុងទូកឈើមួយ ខណៈពួកគេបានធ្វើដំណើរទៅដល់កំពង់ផែ Krueng Geukueh នៅភាគខាងជើងខេត្តអាឆេ
ជនភៀសខ្លួនជនជាតិរូហ៊ីងយ៉ាអង្គុយក្នុងទូកឈើមួយ ខណៈពួកគេបានធ្វើដំណើរទៅដល់កំពង់ផែ Krueng Geukueh នៅភាគខាងជើងខេត្តអាឆេ
ដោយ: VOA
កងទ័ព​ជើង​ទឹក​ប្រទេស​ស្រីលង្កា​ បាន​ជួយ​សង្គ្រោះទូក​មួយ​គ្រឿង​ដែល​មានជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ចំនួន​ ១០៤​ នាក់ជិះលើ​នោះ​ កំពុងអណ្តែត​រសាត់​តាម​ទឹក​ នៅ​ក្បែរ​ឆ្នេរ​នៃ​កោះ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ ខណៈ​ដែល​ក្រុម​ជន​ជាតិ​ភាគតិច​មូស្លីម​ទាំង​នេះ​ បន្ត​រត់គេច​ពី​អំពើហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ជីវិត​ដ៏​លំបាកនៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួនក្នុង​ប្រទេស​បង់ក្លាដែស។​ ​នេះ​បើ​តាមមន្ត្រី​ស្រីលង្កា​ម្នាក់​ ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ ហើយ​ត្រូវ​បានស្រង់​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters។

ជនជាតិ​រ៉ូហ៊ីងយ៉ាជា​ច្រើន​នាក់​ បាន​ប្រថុយ​ប្រថានជីវិត​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​ព្យាយាមឆ្លង​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូច​ជា​ប្រទេស​ម៉ាឡេស៊ី​ និង​ឥណ្ឌូណេស៊ី​ជា​ដើម​ តាម​ទូក​ចាស់ៗ​ ហើយ​ចំនួន​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ដែលព្យាយាម​រត់​គេច​ខ្លួនទាំងនោះ​កើន​ឡើងកាន់​តែ​ខ្ពស់ បន្ទាប់​ពី​ស្ថានភាព​រស់​នៅក្នុង​ជំរំជនភៀសខ្លួន មាន​ភាព​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ ក៏​ដូច​ជា​បន្ទាប់​ពី​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ កាល​ពី​ឆ្នាំ​ ២០២១ ​ផង​ដែរ។
 
ទូក​របស់​ក្រុម​អ្នក​រត់​គេច​ខ្លួន​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ទាំង​នេះ ​ត្រូវ​បានចាប់សញ្ញា​ដោយ​កងនាវា​ជើង​ទឹក​របស់​ប្រទេស​ស្រីលង្កា​ ក្នុង​ចម្ងាយ​ប្រមាណ​ជាង​ ៦ ​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ស្រីលង្កា ហើយ​ប្រតិបត្តិការ​រុករក​និង​ជួយ​សង្រ្គោះ​ក៏​ត្រូវ​បាន​ធ្វើ​ឡើងភ្លាមៗ ដើម្បី​អូសសណ្តោងទូកដឹក​ជនភៀស​ខ្លួន​នោះ​ ចូល​មក​កំពង់​ផែ​ភាគខាង​ជើង​របស់​ស្រី​លង្កា កាល​ពី​យប់​ថ្ងៃ​អាទិត្យ។ នេះបើតាម​ការ​លើក​ឡើង​របស់​អ្នក​នាំពាក្យ​នៃ​កងនាវា​ជើង​ទឹកស្រីលង្កា​ លោក​អនុសេនីយ៍ឯក Gayan Wickramasuriya។
 
លោក Wickramasuriya បាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន Reuters ថា៖ «ជន​ភៀស​ខ្លួនទាំង​នោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ ហើយ​ប៉ូលិស​នឹង​បញ្ជូន​ពួក​គេ​ទៅ​ឱ្យ​ចៅក្រម​តុលាការ​ ដើម្បីសម្រេច​បន្ត​ទៀត»។
 
សេចក្តី​ថ្លែងការណ៍​របស់កងនាវា​ជើងទឹកស្រីលង្កា​បាន​និយាយ​ថា​ ជនជាតិ​រ៉ូហ៊ីងយ៉ា​ទាំង​ ១០៤ ​នាក់​នោះត្រូវ​បាន​រកឃើញ​នៅ​លើ​ទូក​សណ្តោងតូច​មួយ​ ដែល​សង្ស័យ​ថា​បានចាកចេញមក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ និង​កំពុងធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​ម៉ាស៊ីន​ទូក​នោះ​មាន​បញ្ហា​លើ​ផ្ទៃ​សមុទ្រ​ដែល​កំពុង​មាន​អាកាសធាតុ​មិន​ល្អ។
 
លោក Wickramasuriya និយាយ​ថា​ ​មានស្ត្រីចំនួន​ ៣៩ នាក់​ និងក្មេង​ប្រមាណ​ ២៣ នាក់​ ស្ថិត​នៅ​ក្នុងចំណោម​អ្នក​ត្រូវ​ជួយ​សង្គ្រោះ​ទាំង​នោះ។​ បុរស​ចំណាស់​អាយុ ៨០ ​ម្នាក់​ ​ស្រ្តី​ជា​ម្តាយ​ម្នាក់និង​កូន​របស់​គាត់​ ២​ នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ ដោយ​មានអាការៈជំងឺ​បន្តិច​បន្តួច។​
 
ក្នុង​ឆ្នាំ​ ២០១៨​ ជនជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ាជាង​ ៧ សែន​ ៣ ម៉ឺន​នាក់​ បាន​រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​ជិតខាង​បង់ក្លាដែស​ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ដោយយោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​ក្រុម​សាក្សីនិយាយ​ថា មាន​ការ​កាប់សម្លាប់​ដ៏​រង្គាល​និង​ការ​ចាប់រំលោភ​ផ្លូវ​ភេទ​ផង​ដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com