អន្តរជាតិ
លោក ស៊ី ថា ចិនត្រូវតែបង្កើនការពឹងផ្អែងលើខ្លួនឯងក្នុងវិស័យបច្ចេកវិទ្យាកសិកម្ម
26, Dec 2022 , 12:09 pm        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ចង់ឱ្យចិនពន្លឿនកិច្ចប្រឹងប្រែងដើម្បីអាចពឹងផ្អែកលើខ្លួនឯងឱ្យបានច្រើននៅក្នុងវិស័យបច្ចេកវិទ្យាកសិកម្ម។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនជុំវិញកិច្ចប្រជុំស្ដីពីកសិកម្មក្នុងប្រទេស។ ការអភិវឌ្ឍការកំណត់គ្រាប់ពូជ និងការយកចិត្តទុកដាក់លើបញ្ហាឧបករណ៍សំខាន់ៗទាក់ទងនឹងកសិកម្ម ជាអាទិភាពសំខាន់។


នៅក្នុងសន្និសីទការងារជនបទថ្នាក់កណ្ដាល នៅទីក្រុងប៉េកាំង នាថ្ងៃទី២៣ ខែធ្នូ ប្រធានាធិបតីចិន ស៊ី ជិនភីង បានបញ្ជាក់ពីភាពចាំបាច់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម ដែលរុញឱ្យចិនអាចពឆងផ្អែកលើខ្លួនក្នុងសន្តិសុខស្បៀង។
 
មេដឹកនាំចិនរូបនេះ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនកិច្ចប្រឹងប្រែងដើម្បីមានសមត្ថភាពរឹងមាំ អាចពឹងផ្អែកលើខ្លួនឯងឱ្យបានច្រើនក្នុងវិស័យបច្ចេកវិទ្យាកសិកម្ម។ នេះបើតាមសម្រង់សម្ដីលោក ស៊ី ដោយទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua។ 
 
«វាចាំបាច់ណាស់ដែលត្រូវតាមដានពីព្រំដែននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកសិកម្មរបស់ពិភពលោក»។ លោក ស៊ី លើកឡើងបែបនេះក្នុងគោលបំណងជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិនក្នុងវិស័យកសិកម្មឱ្យបានប្រសើរឡើង ជាមួយភាពច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាព។ 
 
ប្រធានាធិបតីរូបនេះក៏បានជំរុញឱ្យចិនពង្រឹងបច្ចេកវិទ្យាកសិកម្មដោយផ្អែកលើស្ថានភាពបច្ចុប្បន្នរបស់ប្រទេស ជាជាងទទួលយកបទពិសោធដោយផ្ទាល់ពីប្រទេសដែលមានកសិកម្មរឹងមាំដទៃទៀត។ បើតាមប្រភពព័ត៌មានដដែល គោលដៅបង្កើនការពឹងផ្អែកលើខ្លួនឯងដែល លោក ស៊ី សំដៅដល់នោះរួមមានកិច្ចអភិវឌ្ឍការកំណត់គ្រាប់ពូជ និងយកចិត្តទុកដាក់លើបញ្ហាឧបករណ៍សំខាន់ៗទាក់ទងនឹងកសិកម្ម។ 
 
លើសពីនេះ លោក ស៊ី បានកត់សម្គាល់ថា ការរក្សាសន្តិសុខគ្រាប់ធញ្ញជាតិ និងស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលកសិកម្មសំខាន់ៗ ជាអាទិភាពទីមួយនៃការពង្រឹងវិស័យកសិកម្មរបស់ចិន។ ដូច្នេះ លោក ស៊ី បានជំរុញឱ្យមានការកែលម្អផលិតកម្មគ្រាប់ធញ្ញជាតិជាមួយឆន្ទៈធ្វើការយ៉ាងមុតមាំ។
 
ម៉្យាងវិញទៀត ដោយសារ ចិនជាប្រទេសមានផ្ទៃដីដាំដុះប្រហែល៩ភាគរយប៉ុណ្ណោះក្នុងពិភពលោក លោក ស៊ី បានអំពាវនាវឱ្យមានការកែលម្អដីកសិកម្មមូលដ្ឋានទៅជាដីកសិកម្មដែលមានគុណភាពខ្ពស់។ តាមការប៉ាន់ស្មាន ចិនអាចបង្កើនទំហំដីកសិកម្មឡើងប្រហែល៦៧លានហិកតានៅចុងឆ្នាំ២០២២។ កន្លងមក ចិនមានផ្ទៃដីដាំដុះសរុបប្រហែល១៤០លានហិចតា៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com