ជាតិ
សង្គមជាតិ
ប៉ូលិសម្នាក់ ត្រូវបញ្ឈរជើង៣ខែ ក្រោយបង្ហាញបណ្ណចេញ-ចូលអគ្គស្នងការដ្ឋាន និងក្រសួងមហាផ្ទៃ ក្នុងន័យលក់ដូរ
26, Dec 2022 , 2:56 pm        
រូបភាព
បណ្ណសម្គាល់សម្រាប់ចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម។ រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
បណ្ណសម្គាល់សម្រាប់ចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម។ រូបពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
មន្រ្តីនគរបាលម្នាក់នៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវថ្នាក់លើដាក់ពិន័យដោយផ្អាកការងាររយៈពេល៣ខែ ក្រោយសារបង្ហោះបណ្ណសម្គាល់សម្រាប់ចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ លើបណ្តាញសង្គមតិកតុក (Tiktok) នាពេលថ្មីៗនេះ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជូនដំណឹងជាសាធារណៈតាមទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ អំពីការដាក់ពិន័យលើនគរបាលរូបនេះ។


មន្រ្តីនគរបាលរូបនេះ បង្ហោះបណ្ណសម្រាប់ចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ លើបណ្តាញតិកតុក ជាមួយការប្រកាសថា «តើមានអ្នកណា ត្រូវការបណ្ណទាំងនេះទេ?» ពេលត្រូវនាំខ្លួនទៅបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ មន្រ្តីនគរបាលរូបនេះ បកស្រាយថា រូបគេ ពុំមានចេតនាក្នុងការលក់ដូរបណ្ណទាំងនោះឡើយ ដោយគោលបំណង គឺគ្រាន់តែបង្ហោះអួតដល់មិត្តភ័ក្តិ ដែលជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ។ 
 
ក្រៅពីការបញ្ឈរជើង សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានណែនាំអប់រំដល់មន្រ្តីនគរបាលប៉ុស្តិ៍ទឹកថ្លារូបនេះ។ រូបគេ ត្រូវទៅបង្ហាញមុខនៅផ្នែករដ្ឋបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខជារៀលរាល់ថ្ងៃ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ដូច្នេះថា៖«ប័ណ្ណសម្គាល់ទាំងនេះ មិនមែនសម្រាប់ធ្វើអាជីវកម្មនោះទេ»៕ 
 

Tag:
 បញ្ឈរជើងមន្រ្តីនគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com