FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Spurs មិនសប្បាយចិត្តចំពោះការចាប់ផ្តើមប្រកួត Premier League វិញដ៏ឆាប់រហ័ស
26, Dec 2022 , 4:19 pm        
រូបភាព
លោក Antonio Conte អ្នកចាត់ការក្រុម ​Tottenham Hotspur ថ្ងៃទី២៥ ខែធ្នូ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តដែលការវិលត្រលប់របស់ Premier League ឆាប់រហ័សត្រឹមតែរយៈពេល ៨ថ្ងៃបន្ទាប់តែការប្រកួត World Cup បានបញ្ចប់។ អ្នកចាត់ការសញ្ជាតិអ៊ីតាលី និយាយថាលោកនឹងផ្តល់ពេលវេលាសម្រាកខ្លះដល់កីឡាករមុនជំនួប Boxing Day ទល់ Brentford មកដល់។


មាន់ខ្នាយមាស Tottenham Hotspur អំឡុងកាលប្រកួត World Cup មានកីឡាករចំនួន ១២នាក់ ដែលត្រូវបានទៅជួយក្រុមជម្រើសជាតិរៀងៗខ្លួនប្រកួតនៅប្រទេសកាតា។ សម្រាប់ការប្រកួតទល់ Brentford លោក Conte មិនបានដាក់ឈ្មោះរបស់អ្នកចាំក្រុមជម្រើសជាតិបារាំង Hugo Lloris និងអាហ្សង់ទីន Cristian Romero ក្នុងបញ្ជីក្រុមកីឡាករដែលត្រូវលេងឡើយ។ Hugo Lloris ជាប្រធានក្រុមបារាំងដែលធ្វើបានល្អ ក្នុងការប្រកួតផ្តាច់ព្រ័ត្រទល់អាហ្សង់ទីនថ្ងៃទី១៨ ធ្នូ សប្តាហ៍មុន។
 
ក្រោយការវិលត្រលប់ដ៏ឆាប់រហ័សនៃការប្រកួតក្របខណ្ឌ Premier league អ្នកចាត់ការសញ្ជាតិអ៊ីតាលីបានលើកឡើងពីអារម្មណ៍មិនសប្បាយចិត្តចំពោះការប្រកួត ខណៈក្រុមនឹងត្រូវអវត្តមានកីឡាករសំខាន់ៗ។
 
«និយាយដោយស្មោះត្រង់នេះពិតជាស្ថានភាពដ៏ចម្លែកដែលត្រូវបន្តលេងយ៉ាងឆាប់រហ័ស ត្រឹមតែរយៈពេល ១សប្តាហ៍បន្ទាប់តែ World Cup ខ្ញុំពិតមិនសប្បាយចិត្តចំពោះរឿងនេះ។ វាពិតប្រាកដណាស់ដែលនឹងត្រូវផ្តល់ពេលវេលាសម្រាប់កីឡាករដើម្បីសម្រាកឱ្យបានច្រើន ហើយក៏ត្រូវប្រាកដថាកីឡាករដែលមិនលេង World Cup អំឡុងការហ្វឹកហាត់ ៣ឬ៤ សប្តាហ៍ពួកគេមានគម្រិតមួយដ៏ខ្ពស់សម្រាប់ការប្រកួតល្អជាងកីឡាករលេងនៅ World Cup ពេលនេះ។»។ លោក Conte បាននិយាយប្រាប់បណ្តាញផ្សព្វផ្សាយរបស់អង់គ្លេសមួយបែបនេះ។
 
សម្រាប់ Spurs កីឡាករ Rodrigo Bentancur ក៏នឹងត្រូវអវត្តមានការប្រកួតដោយសារតែជាប់បម្រាម ។ ប៉ុន្តែរូបគេក៏ស្ថិតក្នុងបញ្ជីកីឡាកររបួសសរសៃពួរ ខណៈ ​Richarlison នឹងត្រូវអវត្តមាន ៤សប្តាហ៍បន្តទៀតដោយសារតែរបួសសរសៃពួរដូចគ្នា អំឡុងពេលគេជួយប្រេស៊ីលប្រកួត World Cup។
 
Spurs បច្ចុប្បន្នជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ៤ នៃចំណោមក្រុមកំពូលតារាងដោយមាន ២៩ពិន្ទុក្នុងដៃបន្ទាប់ពីឆ្លងកាត់ចំនួន ១៥ប្រកួតរួចមក មានគម្លាតពិន្ទុពីក្រុមកំពូលតារាង​ Arsenal ៨ពិន្ទុ៕  
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com