អន្តរជាតិ
មនុស្ស ១៧នាក់ស្លាប់ និង៩០នាក់របួស ក្នុងករណីធ្លាក់ព្រិលនៅជប៉ុន
26, Dec 2022 , 8:44 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន នៅថ្ងៃទី២៦ ខែធ្នូ បានរាយការណ៍ថា ព្រិលធ្លាក់ខ្លាំងនៅ ជប៉ុន បានសម្លាប់មនុស្សចំនួន ១៧នាក់ និងធ្វើឱ្យមានអ្នករងរបួស៩០ នាក់ ខណៈផ្ទះរាប់រយខ្នងមិនមានថាមពលអគ្គិសនី។
 
ព្រិលថ្នាក់ដ៏មានឥទ្ធិពលបានវាយប្រហារតំបន់ភាគខាងជើងប្រទេសតាំងពីសប្ដាហ៍មុន ដែលបានបណ្ដាលឱ្យរថយន្តរាប់រយគ្រឿងជាប់គាំង ពន្យារពេលការដឹកជញ្ជូនទំនិញ និងបាន បណ្ដាលឱ្យមនុស្ស ១១ នាក់បានស្លាប់បើគិតត្រឹមថ្ងៃទី២៤ ខែធ្នូ។
 
តាមទីភ្នាក់គ្រប់គ្រងគ្រោះមហន្តរាយ ព្រិលធ្លាក់ខ្លាំង អំឡុងបុណ្យណូអែលនៅចុង សប្ដាហ៍បា នធ្វើឱ្យចំនួននាក់ស្លាប់កើនឡើងដល់ ១៧នាក់ និងអ្នករងរបួសចំនួន ៩៣នាក់ បើគិតត្រឹមថ្ងៃទី២៥ ខែធ្នូ។ ភាគច្រើននៃជនរងគ្រោះទាំងអស់ គឺបានធ្លាក់ពីលើដំបូល ខណៈកំពុងបោសសម្អាតព្រិល ឬត្រូវបានកប់ក្រោមគំនរព្រិលដ៏ក្រាស់ ដែលធ្លាក់ពីលើដំបូល។
 
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា សាកសពស្ត្រីវ័យ៧០ឆ្នាំម្នាក់ត្រូវបានរក ឃើញនៅក្រោមគំនរព្រិលធ្លាក់ពីលើដំបូលនៅឯទីក្រុង Nagai  នៃខេត្ត Yamagata។ ទីក្រុង Nagai ស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីទីក្រុងតូក្យូ ហើយមានព្រិកធ្លាក់ក្រាស់រហូត ដល់កម្រាស់ ៨០ សង់ទីម៉ែត្រ នៅថ្ងៃទី២៤ ខែធ្នូ។ ផ្នែកផ្សេងៗទៀតនៃភាគឦសានប្រទេសត្រូវបានរាយការណ៍ថាព្រិលធ្លាក់ច្រើនជាង៣ដងនៃព្រិលធ្លាក់ជាមធ្យមក្នុងរដូវមួយនេះ។
 
តាមក្រសួងសេដ្ឋកិច្ច និងក្រសួងឧស្សាហ៍កម្ម ព្រិលធ្លាក់ដ៏សន្ធឹកនេះ ក៏បានវាយប្រហារ លើបង្គោលថាមពលអគ្គិសនីនៅកោះសំខាន់ភាគខាងជើងដែលបានបណ្ដាលឱ្យផ្ទះប្រមាណ ២ម៉ឺនខ្នងមិនមានថាមពលអគ្គិសនីប្រើប្រាស់អំឡុងពេលលបុណ្យណូអែល ទោះបីជាមានការ ភ្ជាប់ឡើងវិញក៏ដោយនៅក្នុងតំបន់មួយចំនួន។ ទន្ទឹមនេះ ក្រសួងដឹកជញ្ជូនបានបញ្ជាក់ថា រថភ្លើងនិងជើងហោះហើររាប់សិបត្រូវបានផ្អាកនៅភាគខាងជើងប្រទេសហូតដល់ថ្ងៃទី២៥ ខែធ្នូ ប៉ុន្តែសេវាកម្ម បានដំណើរការឡើងវិញភាគច្រើនចាប់តាំងពីពេលនោះមក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com